ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០១៩ កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោក មាស សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិរបស់ក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន មានគម្រោងបង្កើតតំបន់ការពារធម្មជាតិ៥-៦បន្ថែមទៀត។ ក្រសួងបរិស្ថាន កំពុងបង្កើនការគ្រប់គ្រង និងបែងចែកតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន កំពុងតែរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិទាំងនោះ រួមមាន តំបន់ការពារទេសភាពភ្នំឈ្ងោក-ភ្នំនាងសេដាឱន, តំបន់ការពារទេសភាពភ្នំដំរី-ភ្នំផ្អាវ, តំបន់ការពារទេសភាពភ្នំកំពង់ត្រាច, តំបន់ការពារទេសភាពភ្នំល្អាង, និង តំបន់ប្រើប្រាស់ព្រែកស្រែអំបិល។
មុននឹងលេចចេញគម្រោងបង្កើតតំបន់ការពារធម្មជាតិទាំងអស់នេះ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្ររេដបូកជាតិ និងកម្រិតយោងព្រៃឈើជាតិ ដោយដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធតាមដានត្រួតពិនិត្យព្រៃឈើជាតិ និងបញ្ចប់ការរៀបចំប្រព័ន្ធព័ត៌មានធានាសុវត្ថិភាព និងសេចក្តីសង្ខេបព័ត៌មានស្តីពីប្រព័ន្ធធានាសុវត្ថិភាពរេដបូក។
លោក មាស សុផល បញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធដទៃទៀត នឹងសហការគ្នាដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ លើការបង្កើនសកម្មភាពសម្រាប់ទប់ស្កាត់ និងបង្គ្រាបលើបទល្មើសផ្សេងៗ។
សម្រាប់ឆ្នាំ២០១៩នេះ ក្រសួងបរិស្ថាន ក៏នឹងសហការជាមួយក្រសួងយុត្តិធម៌ លើការផ្ដល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ដល់ថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋាន និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន ១៤៣៩រូប និងសហការជាមួយអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ លើការប្រគល់អាវុធប្រភេទ CKC ចំនួន ១២១០ដើម ដល់មន្ទីរបរិស្ថានខេត្ត ដើម្បីប្រើប្រាស់សម្រាប់ការល្បាត និងបានចាត់បញ្ជូនមន្ត្រីឧទ្យានុរក្សចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធជាតិផ្ទុះតាមបច្ចេកទេសពីគ្រូបង្វឹកជាយោធានៅតាមបណ្តាភូមិសាស្ត្ររៀងៗខ្លួន។
បើតាម លោក មាស សុផល ក្រសួងបរិស្ថាន បានបញ្ចប់កិច្ចការការបោះបង្គោលព្រំប្រទល់ដែនជម្រកសត្វព្រៃជាច្រើនកន្លែង ដែលមានដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃ ភ្នំព្រេច ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃ កែវសីមា ដែនជម្រកសត្វព្រៃ ស្រែពក និងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា កិច្ចការងារលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ ដែលក្រសួងបរិស្ថានបានអនុវត្តកន្លងមកនេះ មានជាសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៧សហគមន៍ មានប្រជាពលរដ្ឋជាង៥ម៉ឺនគ្រួសារ។តំបន់ទាំងនោះត្រូវបានក្រសួងរៀបចំ និងប្រែក្លាយជាសម្ព័ន្ធគ្រប់គ្រងសហគមន៍ជាបណ្តាញមូលដ្ឋាន(សម្រាប់តំបន់ការពារធម្មជាតិ) បណ្តាញសហគមន៍ថ្នាក់តំបន់(សម្រាប់តំបន់ខាងជើង និងខាងត្បូងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ)និងបណ្តាញសហគមន៍ថ្នាក់ជាតិ។
សម្រាប់គម្រោងអភិវឌ្ឍទេសចរណ៍តំបន់បេតិកភណ្ឌធម្មជាតិចំនួន៧ កន្លែងនៅខេត្តបន្ទាយមានជ័យ និង១០៨ កន្លែងទៀតស្ថិតនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន កំពុងតែពិចារណាលើការបង្កើតតំបន់ទាំងនេះឲ្យក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ៕