អន្តរជាតិ
រដ្ឋសភា​អាមេរិក​ចាប់ផ្ដើម​អនុវត្ត​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ជា​ផ្លូវការ​
06, Nov 2019 , 7:59 pm        
រូបភាព
សភា​តំណាងរាស្ត្រ​ធ្វើ​ការ​បោះឆ្នោត​តើ​សេចក្តីសម្រេច​ដើម្បី​បន្ត​នីតិវិធី​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
សភា​តំណាងរាស្ត្រ​ធ្វើ​ការ​បោះឆ្នោត​តើ​សេចក្តីសម្រេច​ដើម្បី​បន្ត​នីតិវិធី​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក ត្រាំ ឥឡូវនេះ ក្លាយទៅជា​ប្រធានាធិបតី​អាមេរិក​ទី​បួន​ហើយ ដែល​ត្រូវបាន​គេ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ពី​តំណែង ដោយសារ​ការចោទប្រកាន់​ថា លោក​បានដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​ទៅលើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គូប្រជែង​នឹង​លោក​។​

 
​រឿងរ៉ាវ​ជា​ប្រវត្តិសាស្ត្រ​បានកើត​ឡើង ដោយសារតែ​រដ្ឋសភា​អាមេរិក​បន្ត​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​ជា​ផ្លូវការ​។ ដំណើរការ​ស៊ើបអង្កេត​នេះ​ដឹកនាំ​ដោយ​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi ខាង​គណបក្ស​ប្រជាធិបតេយ្យ​។​
 
​លោកស្រី Pelosi បាន​ថ្លែងថា​៖ «​នេះ​គឺជា​រឿង​ប្រាកដប្រជា​មួយ​»​។​
 
​លោកស្រី Pelosi និង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត​ជឿថា លោក​ប្រធានាធិបតី ត្រាំ បាន​បំពាន​អំណាច​របស់លោក ដោយ​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​គូប្រជែង​នយោបាយ​របស់លោក គឺ​លោក Joe Biden ដែលជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​។​
 
​លោកស្រី Pelosi បាន​និយាយទៀតថា​៖ «​យើង​បាន​សច្ចា​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ហើយ​នេះ​គឺជា​អ្វីដែល​យើង​មិនអាច​មិន​អើពើ​បាន​។ យើង​នឹងមិន​ឈប់​អើពើ​នោះទេ នៅពេលដែល​អាកប្បកិរិយា​របស់លោក​ប្រធានាធិបតី​បង្ហាញថា ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​គឺជា​រឿង​ចាំ​បា​ច‍់​»​។​
 
​សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ស្រុះស្រួល​គ្នា​ប្រឆាំងនឹង​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង ហើយ​លោក Kevin McCarthy មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុងតែ​ព្យាយាម​កែប្រែ​ជ័យជម្នះ​របស់លោក ត្រាំ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​។​
 
​លោក McCarthy ថ្លែងថា​៖ «​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុងតែ​ព្យាយាម​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ចេញពី​តំណែង ដោយសារតែ​ពួកគេ​ភ័យខ្លាច​ថា ពួកគេ​មិនអាច​យកឈ្នះ​លើ​លោក​ប្រធានាធិបតី​បាន​នៅពេល​បោះឆ្នោត​។ នេះ​មិនមែនជា​ពាក្យសម្ដី​របស់ខ្ញុំ​នោះទេ​។ នេះ​គឺជា​ពាក្យសម្ដី​របស់​សហការី​របស់ខ្ញុំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បានស្នើ​ឲ្យ​បើក​ការស៊ើបអង្កេត​បី​ដង​រួចមក​ហើ​យ‍​»​។​
 
​លោក​ប្រធានាធិបតី​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ដោយ​ហៅ​ការបោះឆ្នោត​ទៅលើ​ដំណើរការ​ស៊ើបអង្កេត​នេះ​ថា​ជាការ​ធ្វើទុក្ខបុកម្នេញ ហើយ​លោក​បាន​ប្ដេជ្ញា​ជា​យូរ​មកហើយ​ថា​នឹង​យកឈ្នះ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយណា​ដែល​ចង់​ទម្លាក់​លោក​ពី​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។​
 
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ធ្លា​ប់រង​ការ​ធ្វើទុក្ខបុកម្នេញ​ពាក់ព័ន្ធ​នឹង​លោក Mueller និង​រុស្ស៊ី​។ ខ្ញុំ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​រៀងរាល់​សប្ដាហ៍​។ តើ​អ្វី​ទៅជា​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង​សប្ដាហ៍​នេះ​? ពួកគេ​មិនអាច​យកឈ្នះ​យើង​តាមរយៈ​ការបោះឆ្នោត​បានទេ​។ ដូច្នេះហើយ​ទើប​ពួកគេ​ចង់យក​ឈ្នះ​យើង​តាម​វិធីសាស្ត្រ​បុរាណ ដែល​មិនល្អ​ទាល់តែសោះ​។ ពួកគេ​គឺជា​ក្រុមមនុស្ស​មាន​ល្បិច​»​។​
 
​ការបោះឆ្នោត​លើកចុងក្រោយ​បង្អស់​រប​ស់​រដ្ឋសភា​អាមេរិក​នេះ គឺជា​ការបន្ដ​ដំណើរកា​រ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​តទៅ​ទៀ​ត‍​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Julie Pace​។ 
 
​លោកស្រី Pace នៃ​បណ្ដាញសារព័ត៌មាន Associated Press បាន​ថ្លែងថា​៖ «​នេះ​គឺជា​វិធាន​ដែល​នឹង​ត្រួតត្រា​ទៅលើ​អ្វីដែល​នឹង​កើតឡើង​បន្ទាប់​ទៀត​ពាក់ព័ន្ធ​នឹង​ការផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ និង​ពាក់ព័ន្ធ​នឹង​អ្វីដែល​សាធារណជន​នឹង​ដឹង​អំពី​អ្វីដែល​បានកើត​ឡើង​នៅ​ពីក្រោយ​នោះ​»​។​
 
​ប៉ុន្តែ​ការបោះឆ្នោត​នេះ​គឺជា​ជំពូក​ថ្មី​មួយ​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក John Hudak អ្នកវិភាគ​នៃ​វិទ្យាស្ថាន Brookings​។​
 
​លោក Hudak និយាយថា​៖ «​មូលហេតុ​នៃ​ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​បន្ដដំណើរ​ការ​តទៅ​មុខ​ទៀត ដែល​នឹង​ក្លាយជា​ដំណាក់កាល​សាធារណៈ ហើយ​វា​ក៏​នឹង​ជួយ​កុំ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​លង់​ជ្រៅ​តទៅទៀត ក្នុងការ​ប្រឆាំងនឹង​ដំណើរការ​ស៊ើបអង្កេត​ន‍េះ​»​។​
 
​វា​គឺជា​ដំណើរការ​មួយ​ដែល​អាច​បន្ដ​គ្មាន​ទីបញ្ចប់​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នកវិភាគ លោក​John Fortier​។​
 
​លោក Fortier ថ្លែងថា​៖ «​ដំណើរការ​ស៊ើបអង្កេត​នៅក្នុង​រដ្ឋសភា ប្រហែលជា​ត្រូវ​បន្ដ​រយៈពេល​រាប់​ខែ​។ យើង​ទើបតែ​ចាប់ផ្ដើម​ដំណើរការ​នេះ​ប៉ុណ្ណោះ​។ ប្រសិនបើ​មាន​សវនាការ​ព្រឹទ្ធសភា​មែន ហើយ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​និយាយថា នឹងមាន​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង នោះគេ​នឹង​ត្រូវការ​ពេលវេលា​ប្រហែល​ជាមួយ​ឬ​ពីរ​ខែ​ទៀត​។ ដំណើរការ​នេះ​អាច​បន្ដ​រហូតដល់​ឆ្នាំ​ក្រោ​យ‍​»​។​
 
​ការបោះឆ្នោត​របស់​រដ្ឋ​សភា​អាមេរិក​ទៅលើ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ស្មើនឹង​ការចោទប្រកាន់​ចំពោះ​ការប្រព្រឹត្ត​ខុសឆ្គង​។ 
 
​នេះ​មានន័យថា នឹង​ឈានទៅដល់​ការបើក​សវនាការ​ព្រឹទ្ធសភា ដែល​សមាជិក​ព្រឹទ្ធសភា​នឹង​សម្រេច​ថា​តើ​ត្រូវ​ដក​លោក​ប្រធានាធិបតី​ពី​តំណែង​ដែរ​ឬ​យ៉ាងណា​។ 
 
​សវនាការ​សាធារណៈ​ទៅលើ​ការស៊ើបអង្កេត​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្ដើម​នៅក្នុង​ខែវិច្ឆិកា​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com