កីឡាជាតិ
ជាតិ
តើ​ព្រះខ័ន​រាជ​ស្វាយរៀង ឬ​បឹងកេត​លើក​ពាន​សម្តេច ហ៊ុន សែន នៅថ្ងៃនេះ​?
06, Nov 2019 , 10:42 am        
រូបភាព
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង(ឆ្វេង)ចាប់ដៃជាមួយលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង(ឆ្វេង)ចាប់ដៃជាមួយលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រជែង​ជាមួយ​បឹងកេត ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ នា​កីឡដ្ឋាន R.S.N​។ តើ​បឹងកេត ឬ​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​អ្នក​លើក​ពាន​នៅ​រដូវ​កាល​នេះ​?

 
​មហិច្ឆតា​របស់​ព្រះខ័ន​រាជ​ស្វាយរៀង គឺ​ចង់​លើក​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩ ដើម្បី​បង្កើត​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាល​នេះ​។ បឹងកេត​ក៏​មិន​ខុសពី​ព្រះខ័ន​រាជ​ស្វាយរៀង​ដែរ គឺ​ពួកគេ​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ជា​លើកដំបូង ក្រោយ​បាត់បង់​ពាន​លី​គ​កំពូល​។ 
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ទាំងពីរ​នៅ​ម៉ោង​៦​ល្ងាច​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ​និង​ស្វិត​ស្វាយ​បំផុត ដ្បិត​ក្រុម​ទាំងពីរ​សម្បូរ​ដោយ​កីឡាករ​ជើងចាស់ មាន​សមត្ថ​ភាពខ្លាំងៗ​ដូចគ្នា​។ ក្នុងនោះ បឹងកេត​មាន​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែលជា​កីឡាករ​គ្រោះថ្នាក់​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​។ នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​វិសាខា ខ្សែប្រយុទ្ធ​មកពី​ខេត្តកំពត​រូបនេះ រកបាន​៣​គ្រាប់​ម្នាក់ឯង​។  
 
​តាំងពី​ពានរង្វាន់​សម្តេច ហ៊ុន សែន បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាប់​លើក​ពាន​ចំនួន​៤​លើក​គឺ​នៅ​ឆ្នាំ​២០១១, ២០១២, ២០១៤ និង ២០១៧ និង​ជើងឯក​រង​មួយ​លើក​នៅ​ឆ្នាំ​២០១៦​។ ចំណែក​បឹងកេត​មិន​ធ្លាប់​លើក​ពាន​នោះទេ ពោលគឺ​ពួកគេ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ម្តង​នៅ​ឆ្នាំ​២០១៤​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ ក្រុម​ទាំង​ពីរបាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ទម្លាក់​ភ្នំពេញ​ក្រោ​ន​ដោយ​បាល់​កាត់សេចក្តី ៥-៤ ក្រោយ​ពួកគេ​បញ្ចប់​ការប្រកួត​៩០​នាទី​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ ចំណែក​បឹងកេត​ទម្លាក់​វិសាខា​ក្នុង​លទ្ធផល ៤-០ ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា រកបាន​៣​គ្រាប់​ម្នាក់ឯង​៕  
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  បឹងកេត​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com