កម្រិតប្រើប្រាស់ភាសាអង់គ្លេសរបស់កម្ពុជា បន្តធ្លាក់ចុះសម្រាប់ពេល២ឆ្នាំជាប់ៗគ្នា។ នេះបើតាមសន្ទទស្សន៍ជំនាញភាសាអង់គ្លេសប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុនអប់រំសកល EF Education First ។ របាយការណ៍ដដែល ក៏ព្រមានដែរថា កម្ពុជា នឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ព្រោះតែកង្វះខាតជំនាញភាសាអង់គ្លេស។
របាយការណ៍ក្នុងឆ្នាំ២០១៩ បង្ហាញថា កម្ពុជាធ្លាក់ចុះមកដល់ចំណាត់ថ្នាក់ទី ៩៤ ក្នុងចំណោម ១០០ប្រទេស ជាមួយពិន្ទុ ៤៣,៧៨ ដែលចាត់ទុកថា មានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាសាអង់គ្លេស«ទាបបំផុត»។ ក្នុងឆ្នាំ២០១៨ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងចំណោម ៨៨ប្រទេស ដែលត្រូវបានសិក្សាក្នុងរបាយការណ៍ដដែល ជាមួយនឹងពិន្ទុ ៤២,៨៦។
សម្រាប់របាយការណ៍ឆ្នាំ២០១៩ ជំនាញភាសាអង់គ្លេសរបស់កម្ពុជា ស្ថិតនៅបាតតារាង ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សិង្ហបុរី ឈរលេខ១ នៅក្នុងតំបន់អាស៊ី និងលេខ៥ លើពិភពលោក។ ហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយបន្តបន្ទាប់ដោយម៉ាឡេស៊ី, វៀតណាម, ឥណ្ឌូណេស៊ី, ថៃ, មីយ៉ាន់ម៉ា។ ចំណែកឡាវ និងព្រុយណេ ពុំត្រូវបានចាត់ថ្នាក់ក្នុងរបាយការណ៍នេះឡើយ។
របាយការណ៍ដដែល ព្រមានថា បណ្តាប្រទេសដូចជា កម្ពុជា និងថៃ ដែលសេដ្ឋកិច្ចពួកគេពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អាចរងផលប៉ះពាល់ ដោយសារតែកង្វះខាតជំនាញភាសាអង់គ្លេស។ ដ្បិតថា អង់គ្លេស ជាភាសាអន្តរជាតិ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយលើពិភពលោក ភ្ញៀវទេសចរ ប្រហែលជ្រើសរើសទិសដៅដំណើរកម្សាន្តពួកគេ ដែលផ្តល់ភាពងាយស្រួល សម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទង នៅពេលដើរហើរ។
នៅតំបន់អាស៊ី ស្ត្រីជាប់ចំណាត់ថ្នាក់ល្អជាងបុរស ខាងជំនាញភាសាអង់គ្លេស ជាមួយពិន្ទុ ៥៣,៣០ ធៀបនឹងពិន្ទុបុរស ៥២,៧១។ ដូចគ្នាសម្រាប់ពិភពលោកទាំងមូល ស្ត្រីនៅតែឈ្នះបុរស ជាមួយពិន្ទុ ៥៣,២៣ ទល់នឹង ៥៣,០៣។ បើតាមរបាយការណ៍ដែលវិភាគវាយតម្លៃលើមនុស្សពេញវ័យចំនួន ២,៣ លាននាក់ មនុស្សអាយុចន្លោះពី២៦ ដល់ ៣០ឆ្នាំ ទទួលបានពិន្ទុក្នុងជំនាញភាសាអង់គ្លេសល្អបំផុត ក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។
របាយការណ៍ដដែល ក៏រកឃើញដែរថា ជំនាញភាសាអង់គ្លេស មានការរីកចម្រើនជុំវិញពិភពលោក ប៉ុន្តែក្នុងតំបន់អាស៊ី ជំនាញអង់គ្លេសនេះ មិនសូវជឿនលឿនប៉ុន្មានឡើយ ក្នុងពេល៥ឆ្នាំចុងក្រោយនេះ៕