ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនអ្នកយាមស្នាក់ការអតីតគណបក្សសង្គ្រោះជាតិចំនួន១០នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងចលនារបស់លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង។ អ្នកទាំង១០នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៥ វិច្ឆិកា នៅទីស្នាក់ការបក្ស ដែលស្ថិតនៅសង្កាត់ចអង្រែលើ ក្រុងភ្នំពេញ។
សមត្ថកិច្ច កំពុងសាកសួរអ្នកទាំង១០នាក់នេះ។ ប៉ុន្តែសារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជុំវិញករណីឃាត់ខ្លួនអ្នកយាមស្នាក់ការអតីតបក្សប្រឆាំងនេះបានទេ ដោយលោកប្រាប់ថា រវល់ប្រជុំ។
តែយ៉ាងណាលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយថា ការឃាត់ខ្លួនអ្នកទាំង១០នាក់ ដោយសារសង្ស័យពួកគេ អាចមានការជាប់ពាក់ព័ន្ធនឹងចលនារបស់លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង ដែលរដ្ឋាភិបាលហៅថា «ចលនាក្រុមឧទ្ទាម»។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឆាយ គឹមឃឿន បាននិយាយដូច្នេះថា៖«យើងអត់ទាន់មានការសង្ស័យអ្វីឱ្យពិតប្រាកដទេ ព្រោះការហៅ(បុគ្គល)សាកសួរ គឺសមត្ថកិច្ចមានសិទ្ធិ អញ្ជើញគាត់ទៅសាកសួរអ៊ីចឹង។ សាកសួរហើយ លទ្ធផលរបៀបម៉េច បើគាត់អត់ខុសគឺយើងលែងគាត់វិញ។ ប៉ុន្តែបើគាត់ខុសគឺយើងស្នើសុំទៅព្រះរាជអាជ្ញា ត្រូវឃុំខ្លួន ឬធ្វើយ៉ាងណាទៀត វាអាស្រ័យលើការសាកសួរសិន»។
អ្នកទាំង១០រូប ដែលសមត្ថកិច្ចឃាត់ខ្លួនមានលោក ទឹម សៀវ , លោក ទឹម សុម៉េត, លោក ថន ប៊ុនធឿន , លោក អ៊ុក ចន្តា , លោក ស្រង់ ឡាយ ,លោក ជួន សុផល , លោក ហុក សំអាង , លោក ណុក អូន , លោក ស៊ី តារា និងលោក សូ តារា។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានយល់ឃើញថា សកម្មភាពចាប់ខ្លួនសកម្មជន អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនេះ វាកំពុងបង្កឱ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងរូបភាពចលាចល ហើយប៉ះពាល់សិទ្ធិមនុស្ស និងការរស់នៅរបស់ពលរដ្ឋជាដើម។ ជាពិសេសទង្វើរបស់អាជ្ញាធរចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នេះ វាក៏ធ្វើឱ្យពលរដ្ឋអាកអន់ចិត្ត និងខឹងរដ្ឋាភិបាលកាន់តែខ្លាំងទៅវិញទេ។
«នៅពេលដែលមានការចាប់ខ្លួន ប៉ាតណាប៉ាតណី ឬក៏ចាប់ខ្លួនផង បំភ័យផងនេះ វាអាចធ្វើឱ្យមានមនុស្សលែងមានការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយជនស៊ីវិលដែលត្រូវបានគេចាប់ខ្លួននេះ វាហាក់ដូចជាមិនត្រូវបានគេឃើញពីជាសាធារណៈ នូវទង្វើខុសឆ្គងណាមួយទេ...។ នៅក្នុងសង្គមមួយ ដែលមានគំនិតសង្ស័យកាន់តែច្រើន ទៅលើប្រជាជនខ្លួនឯង ហើយពេលនោះកើតមានការចាប់ខ្លួន ដែលគ្រាន់តែមានការសង្ស័យហើយខ្វះការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយនោះ វាជាសញ្ញាឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំងដែរ»។ នេះជាការលើកឡើងរបស់លោក សន ជ័យ។
គិតមកដល់ពេលនេះ មន្ត្រី សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាង៤០ឆ្នាំហើយ កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទ «ញុះញ៉ង់ និងរួមគំនិតក្បត់» ខណៈមនុស្សជាង១០០នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួន។ នេះបើតាមលោក សំ សុខគង់ មេធាវីការពារក្តីឱ្យអតីតគណបក្សសង្គ្រោះជាតិ។
បើតាមលោក សំ សុខគង់ នីតិវិធីនៃការចាប់ខ្លួនសកម្មជន និងមន្ត្រីអតីតបក្សប្រឆាំងជាទង្វើមិនត្រឹមត្រូវតាមច្បាប់ឡើយ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មេធាវីរូបនេះ បានលើកឡើងដូច្នេះថា៖«ការចាប់ខ្លួនអាចធ្វើទៅបានលុះត្រា តែតុលាការចេញដីកាកោះហៅលើកទី១ និងលើកទី២ ដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ហើយបើបុគ្គលនោះមិនចូលខ្លូនទៅបំភ្លឺ ទើបសមត្ថកិច្ចអាចមានសិទ្ធិចាប់ខ្លួន ប៉ុន្តែការចាប់ខ្លួនកន្លងមកគឺសមត្ថកិច្ចអនុវត្តភ្លាមៗតែម្ដង ដោយគ្មានទាំងដីកាចាប់ខ្លួនឱ្យបានត្រឹមត្រូវទៀត។ ដូច្នេះការចាប់ខ្លួននេះ វាហាក់ដូចជាការរំលោភបំពានសិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ ដែលត្រូវបានការពារតាមច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញ»។
កន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ធ្លាប់បានប្រកាសថា ការចាប់ខ្លួនមន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងនេះ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ ប៉ុន្តែវាជាការរឹតបន្តឹងច្បាប់ និងការពារសន្តិសុខប្រទេសប៉ុណ្ណោះ។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ចិកាខាងមុខ។ មុនចូលស្រុកនេះ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋគាំទ្រខ្លួន និងកងទ័ពធ្វើចលនាទម្លាក់ប្រមុខរដ្ឋាភិបាលផងដែរ។
ដោយសារពាក្យសម្តីរបស់មេដឹកនាំរូបនេះ ទើបតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៉ី និងមនុស្ស៨ទៀត រួមមានលោក អេង ឆៃអ៊ាង,លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រឺ, លោក ម៉ែន សុថាវរិន្ទ្រ, លោក នុត រំដួល និងភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរ៉ា ព្រមទាំងគូកន ក្រោមបទចោទឧបឃាត ដោយយោងតាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ៕