ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ​ម៉ាឡេស៊ី ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ដែល​គ្រោង​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​
06, Nov 2019 , 2:16 pm        
រូបភាព
ព្រលានយន្តហោះម៉ាឡេស៊ី (រូប AP)
ព្រលានយន្តហោះម៉ាឡេស៊ី (រូប AP)
​ភ្នំពេញ​៖ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី ខណៈដែល​ពួកគេ​កំពុង​រង់ចាំ​ជើងហោះហើរ ទៅ​ប្រទេស​ថៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។​

 
​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​រូបនេះ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ឃាត់​ឃុំខ្លួន​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ហើយ​គ្រោង​នឹង​បញ្ជូន​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវបាន​គណៈកម្មការ​សិទ្ធិមនុស្ស​នៅ​ម៉ាឡេស៊ី តវ៉ា​សុំ​មិនឱ្យ​មានការ​បញ្ជូន​អ្នក​ទាំងពីរ​មក​កម្ពុជា​ឡើយ​។ 
 
​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ស្រង់​សម្តី​លោក Jerald Joseph សមាជិក​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស ម៉ាឡេស៊ី យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ យើង​កំពុង​ព្យាយាម​ទៅសួរសុខទុក្ខ​ពួកគេ​នៅក្នុង​មន្ទីរ​ឃុំខ្លួន ក៏ដូចជា​កំណត់​ពី​ស្ថានភាព​របស់​ពួកគេ​ផងដែរ​។ ប៉ុន្តែ​យើង​រីករាយ​ដែល​ក្រសួងមហាផ្ទៃម៉ាឡេស៊ី បានជ្រើសរើសការ​សម្រេច​មិន​និរទេស​ពួកគេ (​ទៅ​កម្ពុជា​វិញ​)​។ ខ្ញុំ​គិតថា នេះ​ជាស​ញ្ញា​ល្អ​មួយ​»​។​
 
​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ប្រចាំ​អាស៊ី​លោក Phil Robertson បាន​និយាយថា អ្នក​ជាប់ឃុំ​ទាំងពីរ គឺជា​សមាជិក​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហាមឃាត់​ដោយ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នាយក​អង្គការ​សិ​ទិ្ធ​មនុស្ស​លើកលែងទោស​អន្តរជាតិ​រូបនេះ បាន​និយាយថា ការបញ្ជូន​ជនជាតិខ្មែរ​ទាំងពីរ​នា​ក់ ទៅ​កម្ពុជា​វិញ អាចធ្វើឱ្យ​ពួកគេ ប្រឈម​នឹង​ហានិភ័យ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​
 
​សារព័ត៌មាន Reuters បាន​ស្រង់​សម្តី​នាយក​អង្គការ​លើកលែងទោស ដែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖« យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ប្រឆាំង​ទាំង ២ នាក់​នេះ​ជាបន្ទាន់ ហើយ​ធានាថា ពួកគេ​នឹងមិន​ត្រូវបាន​និរទេស​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ទេ ដែល​ពួកគេ​ប្រឈម​នឹង​ការចាប់ខ្លួន​និង​ឃុំខ្លួន​ដោយ​ខុសច្បាប់​»​។​
 
​គិត​មកដល់ពេលនេះ មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៤០​ឆ្នាំ​ហើយ កំពុងស្ថិត​នៅក្រោម​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ «​ញុះ​ញ៉​ង់ និង​រួមគំនិត​ក្បត់​» ខណៈ​មនុស្ស​ជាង​១០០​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​។ នេះ​បើតាម​លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​បើតាម​លោក សំ សុខ​គង់ នីតិវិធី​នៃ​ការចាប់ខ្លួន​សកម្មជន និង​មន្ត្រី​អតីត​បក្សប្រឆាំង​ជា​ទង្វើ​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេធាវី​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ការចាប់ខ្លួន​អាចធ្វើ​ទៅបាន​លុះត្រា តែ​តុលា​ការចេញ​ដីកា​កោះហៅ​លើក​ទី​១ និង​លើក​ទី​២ ដោយ​អនុវត្តតាម​ច្បាប់ព្រហ្មទណ្ឌ ហើយ​បើ​បុគ្គល​នោះ​មិន​ចូល​ខ្លូន​ទៅ​បំភ្លឺ ទើប​សមត្ថកិច្ច​អាចមាន​សិទ្ធិ​ចាប់ខ្លួន ប៉ុន្តែ​ការចាប់ខ្លួន​កន្លងមក​គឺ​សមត្ថកិច្ច​អនុវត្ត​ភ្លាមៗ​តែម្ដង ដោយ​គ្មាន​ទាំង​ដីកាចាប់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទៀត​។ ដូច្នេះ​ការចាប់ខ្លួន​នេះ វា​ហាក់ដូចជា​ការរំលោភបំពាន​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ ដែល​ត្រូវបាន​ការពារ​តាមច្បាប់ ស្របតាម​រដ្ឋធម្មនុញ្ញ​»​។​
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង ធ្លាប់បាន​ប្រកាសថា ការចាប់ខ្លួន​មន្ត្រី និង​សកម្មជន​អតីត​បក្សប្រឆាំង​នេះ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​វា​ជាការ​រឹតបន្តឹង​ច្បាប់ និង​ការពារ​សន្តិសុខ​ប្រទេស​ប៉ុណ្ណោះ​៕
 

Tag:
 CNRP
  នយោបាយ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com