ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ទំនងជាមិនអាចចូលទឹកដីថៃឡើយ លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ (រូបឆ្វេង), លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ (រូបស្តាំ)
× សារព័ត៌មានបាងកកប៉ុស្ត៍បានផ្សាយអត្ថបទមួយនារសៀលថ្ងៃទី៦ខែវិច្ឆិកានេះ ដោយបានដកស្រង់ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា ដែលថា លោក សម រង្ស៊ី ទំនងជាមិនអាចជាន់ទឹកដីថៃ ដើម្បីឆ្លងចូលប្រទេសកម្ពុជានោះឡើយ។
បើយោងតាមសារព័ត៌មានដដែលនេះ សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលថៃ គួរតែត្រូវបានធ្វើឡើងដោយយោងតាមលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុងនៃសមាជិកអាស៊ាន។
បាងកកប៉ុស្ត៍បានស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃពុធនេះ យ៉ាងដូច្នេះ៖«យើងនឹងមិនអនុញ្ញាតឱ្យជនប្រឆាំងរដ្ឋាភិបាលណាមួយ ប្រើប្រាស់ទឹកដីថៃដើម្បីធ្វើចលនានយោបាយឡើយ។ ខ្ញុំបានដាក់បទបញ្ជាហើយ ដូច្នេះគាត់មិនអាចចូលមកបានទេ»។
សេចក្តីប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃដែលទើបតែជួបជាមួយសមភាគីកម្ពុជាសម្តេច ហ៊ុន សែន និងបានថតរូបស្និទ្ធស្នាលគ្នានៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ក៏ជាចម្លើយឆ្លើយតបទៅនឹងលិខិតរបស់លោក សម រង្ស៊ី ដែលបានសរសេរស្នើ និងជូនដំណឹងទៅលោកនាយករដ្ឋមន្ត្រីថៃអំពីដំណើរចូលប្រទេសកម្ពុជារបស់លោកតាមរយៈទឹកដីថៃនៅថ្ងៃទី៩ខែវិច្ឆិកានេះដែរ។
លិខិតចុះថ្ងៃទី៣១ខែតុលា លោក សម រង្ស៊ី បានសរសេរស្នើសុំចូលប្រទេសថៃ តាមរយៈជើងហោះហើរដែលចេញពីទីក្រុងប៉ារីសនៅថ្ងៃទី៧ខែវិច្ឆិកា និងទៅដល់ប្រទេសថៃនៅថ្ងៃទី៨ខែវិច្ឆិកា។ នៅក្នុងលិខិត ដែលលោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនោះ លោក សម រង្ស៊ី គ្រោងចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៩ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com