អន្តរជាតិ
សិង្ហ​បុរី នាំចូល​ទឹក​១៧​លាន​ដប​ប្រចាំខែ​ពី​ម៉ាឡេស៊ី
06, Nov 2019 , 7:19 pm        
រូបភាព
ប្រភពរូប៖ Channel News Asia
ប្រភពរូប៖ Channel News Asia
ដោយ:
​សិង្ហ​បុរី នាំចូល​ទឹក​១៧​លាន​ដប​រៀងរាល់ខែ​ពី​ប្រទេស​ម៉ាឡេស៊ី​។ រដ្ឋមន្ត្រី​បរិស្ថាន​សិង្ហ​បុរី លើកឡើង​បែបនេះ ដោយ​ផ្អែកលើ​តួលេខ​ចុងក្រោយ​របស់​ភ្នាក់ងារ​ចំណីអាហារ​សិង្ហ​បុរី​។ ការបង្ហាញ​តួលេខ​នេះ មាន​គោលដៅ​ប្រាប់​ពលរដ្ឋ​សិង្ហ​បុរី​ឲ្យ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ដប​ទឹក​ប្លា​ស្ទិ​ក ដោយ​ផ្តោតលើ​ការគាំទ្រ​កិច្ចប្រឹងប្រែង​គ្មាន​កាកសំណល់​របស់​សិង្ហ​បុរី​។

 
«​យោងតាម​តួលេខ​ចុងក្រោយ​របស់​ភ្នាក់ងារ​ចំណី​អារ​សិង្ហ​បុរី យើង​នាំចូល​ទឹក​ប្រមាណ​១៧​លាន​ដប​ប្រចាំខែ​ពី​ប្រទេស​ម៉ាឡេស៊ី​»​។ លោក Masagos Zulkifli រដ្ឋមន្ត្រី​បរិស្ថាន​និង​ធនធានទឹក លើកឡើង​បែបនេះ នៅ​ថ្ងៃ​ចន្ទ ទី​៤ វិច្ឆិកា ដោយ​អះអាង​ទៀតថា សម្រាប់​រ៉ូ​ប៊ី​នេ​ទឹក​របស់​សិ​ិ​ង្ហ​បុរី ប្រជាជន​អាច​ផឹកទឹក​ដោយ​សុវត្ថិភាព​បំផុត ហើយ​ពួកគេ​គួរតែ​បន្តធ្វើ​រឿងនេះ​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ច្រក​ដប​។​
 
​លោក​រដ្ឋមន្ត្រី Masagos លើកឡើងថា ក្រសួង​លោក លើកទឹកចិត្ត​ឲ្យ​បង្កើត​គំនិត​ផ្តួចផ្តើម​នានា ដែល​គាំទ្រ​កិច្ចប្រឹងប្រែង​គ្មាន​កាកសំណល់​របស់​សិង្ហ​បុរី ដោយ​ការកាត់បន្ថយ​ការប្រើប្រាស់​ទឹក​ច្រក​ដប​ប្លា​ស្ទិ​ក ក៏ដូចជា សង្គ្រាម​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ 
 
​មែនទែនទៅ ការលើកឡើង​របស់លោក Masagos គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​សំណើ​របស់​សមាជិកសភា​សិង្ហ​បុរី​ម្នាក់ ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​ដំឡើង ធុង​ចម្រោះ​ទឹកស្អាត​សម្រាប់​ផឹក​ច្រើន​បន្ថែមទៀត នៅ​កន្លែង​នានា ដូចជា អគារ​ការិយាល័យ មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ និង​ស្ថានីយ៍​ដឹកជញ្ជូន​សាធារណៈ​ជាដើម​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​រដ្ឋមន្ត្រី Masagos សង្កត់ធ្ងន់ថា ភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី បានចាប់ផ្តើម​ដំឡើង​ធុង​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទីតាំង ជាពិសេស​នៅ​ទីប្រជុំជន​។  ទន្ទឹមនឹង ភ្នាក់ងារ​លោក ក៏​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​សាលាក្រុង ដើម្បី​អនុវត្ត​ប្រតិបត្តិការ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​៕

Tag:
 សិង្ហ​បុរី​
  ម៉ាឡេស៊ី​
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com