អន្តរជាតិ
ពូ​ទីន ចង់បាន​បណ្តុំ​ឯកសារ​ថ្មី​មួយ យកមក​ជំនួស Wikipedia
06, Nov 2019 , 8:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បាន​អំពាវនាវ​ឲ្យ​បង្កើត​បណ្ដុំ​ឯកសារ​ថ្មី​មួយ និង​អាច​ទុកចិត្តបាន ដើម្បី​ជំនួស​Wikipedia​។

 
 
​នៅក្នុង​កិច្ចប្រជុំ​គណកម្មាធិការ​ភាសា​រុស្ស៊ី​នៅ​វិមាន​Kremlin លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​ប្រាប់​អង្គប្រជុំ​ថា រុស្ស៊ី គួរតែមាន​បណ្តុំ​ឯកសារ​ថ្មី​មួយ យកមក​ជំនួស​គេហទំព័រ​Wikipedia​។ ក្នុងន័យនេះ លោកពូ​ទីន ចង់​ឲ្យ​រុស្ស៊ី មាន​អ្វី​ជា​របស់​ខ្លួនឯង ដើម្បី​ប្រើប្រាស់​។ ប្រសិនបើ​រុស្ស៊ី​មាន​បណ្តុំ​ឯកសារ ស្រដៀង​ទៅនឹង​Wikipedia​មែន គឺ​វា​ពិតជា​ល្អ ព្រោះ​រុស្ស៊ី​នឹងមាន​ប្រភព​ដែល​អាច​ទុកចិត្ត​ជាង​មុន និង​កាន់តែ​ទំនើប​ជាង​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti​។ 
 
​ការលើកឡើង​របស់លោក ពូ​ទីន បែបនេះ ច្បាស់​ណាស់ គឺ​សំដៅ​ទៅលើ​បណ្តុំ​ឯកសារ​របស់​រុស្ស៊ី​មួយ ដែល​បាន​បង្កើតឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៧ ដល់​ឆ្នាំ​២០១៤ ប៉ុន្តែ​វា​បោះ​ពុ​ម្ភ​នៅតែ​លើ​ក្រដាស​ប៉ុណ្ណោះ​។ ដោយ​មើលឃើញ​បែបនេះ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ២៦,៧​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​បណ្តុំ​ឯកសារ​ថ្មី​នេះ​ទៅជា​គេហទំព័រ​អន​ឡាញ​មួយ ដែល​ស្រដៀង​ទៅនឹង Wikipedia ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​ចេញផ្សាយ​ក្នុង​ខែសីហា​។​
 
​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​នៅពេលនេះ គឺ​សុទ្ធ​តែមាន​មូលហេតុ​នៅ​ពីក្រោយ​។ បញ្ហា​ទាំងនោះ គឺ​ដោយសារ សកលវិទ្យា​ធិ​ការ​ម្នាក់ បាន​ត្អូញត្អែរ​ពី​បញ្ហា តុលាការ​ប្រើប្រាស់​Wikipedia ដើម្បី​ចេញ​សេចក្តីសម្រេច ឬ​សាលក្រម​។​
 
​សូមបញ្ជាក់ថា Wikipedia ក្នុង​ភាសា​រុស្ស៊ី ត្រូវបាន​គេ​ស្គាល់​ថា Vikipedia ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​បានចេញ​ផ្សាយ​អត្ថបទ​ច្រើនជាង ១,៥​លាន​។ នៅក្នុង​ឆ្នាំ​២០១៥ រុស្ស៊ី​បាន​ហាមឃាត់ Wikipedia បោះ​ពុ​ម្ភ​នៅ​អត្ថបទ​មួយចំនួន ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន​៕

Tag:
 ពូ​ទីន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com