ជាតិ
ក្រសួង ស្នើឲ្យមន្ត្រីអន្ដោប្រវេសន៍ បញ្ឈប់សកម្មភាពបែបស្មុគស្មាញដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ
× សៀមរាប៖ ធ្លាប់មានការជជែកច្រើន ទាក់ទងនឹងការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលត្រូវនគរបាលអន្ដោប្រវេសន៍ប្រចាំការនៅច្រកព្រំដែនអន្ដរជាតិនានា ពន្យារពេលចូលរបស់ភ្ញៀវទេសចរតាមរយៈការសួរសំណួរច្រើន ឬការពិនិត្យលិខិតឆ្លងដែនច្រើនដង។ ដោយសារមើលឃើញបញ្ហានេះ ទើបមន្ត្រីក្រសួងទេសចរណ៍ ស្នើឲ្យមន្ត្រីនគរបាលបញ្ឈប់ទង្វើបែបនេះជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន ដែលទទួលបានព័ត៌មានពីការរិះគន់មួយរបស់ភ្ញៀវទេសចរជនជាតិកូរ៉េនោះ បាននិយាយថា ពួកគេមិនពេញចិត្តទៅនឹងអាកប្បកិរិយារបស់មន្ត្រីនៅព្រលានយន្តហោះ ដែលបានពិនិត្យលិខិតឆ្លងដែនភ្ញៀវទេសចរច្រើនដង គ្រាដែលពួកគេតម្រង់ជួរនៅច្រកទ្វារចូល។ លោកថា ភ្ញៀវទេសចរទាំងនោះ រអ៊ូពីបញ្ហានេះ នៅពេលមកដល់ព្រលានយន្តហោះកម្ពុជា ខណៈពួកគេមិនធ្លាប់ជួបករណីនេះទេ នៅពេលទៅកាន់ប្រទេសដទៃ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធឌីជីថលស្ដីពីគេហទំព័រ និងកម្មវិធីទូរសព្ទឆ្លាតនៃទេសចរណ៍ក្នុងស្រុក Visit Cambodia និងការអនុវត្តការចុះបញ្ជីស្នាក់នៅទេសចរណ៍អនឡាញសម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍លោក ហោ សារុន បន្តថា៖« នេះជាក្រមសីលធម៌ ដែលខ្ញុំស្នើសុំថា បងប្អូនដែលនៅទីនេះ មេត្ដាជួយគិតគូរដល់បញ្ហាបដិសណ្ឋារកិច្ចឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវ ព្រោះពេលយើងខិតខំធ្វើការឃោសនាផ្សព្វផ្សាយ ដល់ពេលគេមកហើយមានការលំបាក ដែលជាការមួយដែលគាត់រអា...»។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន ក៏យល់ស្របចំពោះករណីនេះ។ លោកថា មកដល់ដំណាក់កាលនេះ គួរតែមានរបៀបធ្វើការតាមប្រព័ន្ធឌីជីថល និងធ្វើឲ្យកាន់តែរហ័ស ដើម្បីធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងឲ្យទេសចរមានភាពរីករាយពេលមកដល់ប្រទេសកម្ពុជា។ យ៉ាងណា លោករដ្ឋមន្ត្រីថា កន្លងមកមន្ត្រីអន្ដោប្រវេសន៍បានសម្រួលការងារជាច្រើន ដូចជាសម្រួលដល់ការបំពេញបែបបទចូលប្រទេស ក៏ដូចជាការលែងឲ្យថតរូបនៅលើទិដ្ឋាការចូលជាដើម។ លោក ថោង ខុន ថាការងារទាំងនេះ គឺសុទ្ធសឹងតែរដ្ឋាភិបាលគិតគូរពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា និងដើម្បីទាក់ទាញទេសចរឲ្យបានកាន់តែច្រើន៕
Tag:
ព្រលានយន្តហោះ
នគរបាលអន្ដោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com