ជាតិ
ក្រសួង ស្នើ​ឲ្យ​មន្ត្រី​អន្ដោប្រវេសន៍ បញ្ឈប់​សកម្មភាព​បែប​ស្មុគស្មាញ​ដល់​ភ្ញៀវទេសចរ​នៅ​ព្រលានយន្តហោះ
06, Nov 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ ធ្លាប់មាន​ការជជែក​ច្រើន ទាក់ទង​នឹង​ការមិន​ពេញចិត្ត​របស់​ភ្ញៀវទេសចរ ដែល​ត្រូវ​នគរបាល​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ច្រកព្រំដែន​អន្ដរជាតិ​នានា ពន្យារពេល​ចូល​របស់​ភ្ញៀវទេសចរ​តាមរយៈ​ការ​សួរ​សំណួរ​ច្រើន ឬ​ការពិនិត្យ​លិខិតឆ្លងដែន​ច្រើនដង​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ ទើប​មន្ត្រី​ក្រសួងទេសចរណ៍ ស្នើ​ឲ្យ​មន្ត្រីនគរបាល​បញ្ឈប់​ទ​ង្វើ​បែបនេះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ភ្ញៀវទេសចរ​។​

 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ហោ សារុន ដែល​ទទួលបាន​ព័ត៌មាន​ពី​ការរិះគន់​មួយ​របស់​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ​នោះ បាន​និយាយថា ពួកគេ​មិន​ពេញចិត្ត​ទៅនឹង​អាកប្បកិរិយា​របស់​មន្ត្រី​នៅ​ព្រលានយន្តហោះ ដែល​បាន​ពិនិត្យ​លិខិតឆ្លងដែន​ភ្ញៀវទេសចរ​ច្រើនដង គ្រា​ដែល​ពួកគេ​តម្រង់​ជួរ​នៅ​ច្រកទ្វារ​ចូល​។ លោក​ថា ភ្ញៀវទេសចរ​ទាំងនោះ រអ៊ូ​ពី​បញ្ហា​នេះ នៅពេល​មកដល់​ព្រលានយន្តហោះ​កម្ពុជា ខណៈ​ពួកគេ​មិន​ធ្លាប់​ជួប​ករណីនេះ​ទេ នៅពេល​ទៅកាន់​ប្រទេស​ដទៃ​។ 
 
​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ស្ដីពី​គេហទំព័រ និង​កម្មវិធី​ទូរ​សព្ទ​ឆ្លាត​នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​លោក ហោ សារុន បន្តថា​៖« នេះ​ជា​ក្រមសីលធម៌ ដែល​ខ្ញុំ​ស្នើសុំ​ថា បងប្អូន​ដែល​នៅទីនេះ មេ​ត្ដា​ជួយ​គិតគូរ​ដល់​បញ្ហា​បដិសណ្ឋារកិច្ច​ឲ្យ​បានល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ ព្រោះ​ពេល​យើង​ខិតខំ​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ ដល់ពេល​គេ​មកហើយ​មានការ​លំបាក ដែលជា​ការ​មួយ​ដែល​គាត់​រអា​...»​។​
 
​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ក៏​យល់ស្រប​ចំពោះ​ករណីនេះ​។ លោក​ថា មកដល់​ដំណាក់កាល​នេះ គួរតែមាន​របៀប​ធ្វើការ​តាម​ប្រព័ន្ធ​ឌីជីថល និង​ធ្វើ​ឲ្យ​កាន់តែ​រហ័ស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ឲ្យ​ទេសចរ​មាន​ភាព​រីករាយ​ពេលមកដល់​ប្រទេស​កម្ពុជា​។ យ៉ាងណា លោក​រដ្ឋមន្ត្រី​ថា កន្លងមក​មន្ត្រី​អន្ដោប្រវេសន៍​បាន​សម្រួល​ការងារ​ជាច្រើន ដូចជា​សម្រួល​ដល់​ការបំពេញ​បែបបទ​ចូល​ប្រទេស ក៏ដូចជា​ការលែង​ឲ្យ​ថតរូប​នៅលើ​ទិដ្ឋាការ​ចូល​ជាដើម​។ លោក ថោង ខុន ថា​ការងារ​ទាំងនេះ គឺ​សុទ្ធសឹងតែ​រដ្ឋាភិបាល​គិតគូរ​ពី​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​បាន​កាន់តែច្រើន​៕
 

Tag:
 ព្រលានយន្តហោះ​
  នគរបាល​អន្ដោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com