កីឡាអន្តរជាតិ
អន្តរជាតិ
ប្រដាល់​ជួយ​កែប្រែ​ជីវិត Sangmanee ពី​ភាពក្រីក្រ ឲ្យ​មាន​ជីវភាព​ធូរធារ​
06, Nov 2019 , 9:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កីឡាករ​កំពូល​ម្នាក់​ក្នុងចំណោម​អ្នកលេង​ក្បាច់គុន​មួយ​ថៃ​ខ្លាំងៗ​ជាច្រើន​នឹង​ឡើងមក​សង្វៀន ONE Championship នា​ថ្ងៃ​សុក្រ​ទី​៨ វិច្ឆិកា ខាងមុខ ក្នុង​កម្មវិធី  ONE: MASTERS OF FATE​។ ទោះ​អាយុ​ត្រឹម​២២​ឆ្នាំ កីឡាករ Sangmanee Sathian MuayThai ឬ​គេ​ស្គាល់​ថា​«Million Dollar Baby» បាន​ក្រសោប​បាន​ស្នាដៃ​ជាច្រើន​ក្នុង​អាជីព​ក្មេង​វ័យ​របស់ខ្លួន​។

 
Sangmanee បានគេច​ផុតពី​ជីវិត​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល ដើម្បី​ក្លាយជា​កីឡាករ​កំពូល​ម្នាក់ និង​ល្បីឈ្មោះ​នៅ​មូលដ្ឋាន​របស់គេ​ដោយសារតែ​ប្រដាល់​។ ឥឡូវនេះ Sangmanee ត្រៀម​រួចរាល់​ហើយ ដើម្បី​ឡើង​សង្វៀន​លំដាប់​ពិភពលោក​។ មុន​ការប្រកួត​នៅ​កម្មវិធី ONE Super Series លើកដំបូង​ទល់នឹង Azize Hlali  ឬ​«The Magician» នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កីឡាករ​ជើងឯក Muay Thai World Champion ៧​សម័យកាល​បាន​លាតត្រដាង​អំពី​ជីវិត​រួច​ផុតពី​ភាពក្រីក្រ​សឹង​មិនគួរ​ជឿ ហើយ​ហក់​មកកាន់​សង្វៀន​លំ​ពិភពលោក ONE Championship​។​
 
​ភាព​ក្រី​ក្រី​កាល​នៅ​កុមារភាព Sangmanee បានកើត​និង​ធំ​ដឹងក្ដី​នៅ​ខេត្ត Khon Kaen ប្រទេស​ថៃ​នៅ​តំបន់ Isaan ដែលជា​តំបន់​ក្រ​បំផុត​ស្ថិតក្នុង​ការអភិវឌ្ឍន៍​។ ដូចនឹង​អ្នកភូមិ​ដទៃ​ដែរ ឳ​ពុក​ម្ដាយ​របស់ Sangmanee គឺជា​កសិករ ដែល​រស់នៅ​យ៉ាង​លំបាក​ក្នុង​ជីវភាព​ខ្វះខាត​។ ពួកគេ​រស់នៅ​មាន​ចំណូល​តិចតួច និង​ពឹង​ការធ្វើ​ស្រែចម្ការ ដើម្បី​ចិញ្ចឹមជីវិត​ការរស់នៅ​ពឹង​លើ​ធម្មជាតិ ជួន​រាំង​ជួន​ភ្លៀង ជួន​រីងស្ងួត​ជួន​ទឹកជំនន់ ឬ​ពេលខ្លះ​អាកាសធាតុ​មិនល្អ​អាច​បំផ្លាញ​ស្រូវ​ដំណាំ​ក៏មាន​។ ការដាំ​ដំណាំ​បន្លែបង្ការ គឺ​ពឹង​លើ​សំណាង​ធម្មជាតិ​។  
 
«​យើង​គ្រាន់តែ​មានកូន​ផ្ទះ​តូច​មួយ​។ យើង​ទាញយក​អគ្គិសនី​ពី​អ្នកជិតខាង​មក​ប្រើ និង​ប្រើប្រាស់​នៅ​បន្ទប់ទឹក​ផងដែរ​។ យើង​បរិភោគ​អ្វីដែល​យើង​អាច​រកបាន​។ យើង​ញុំ​ា​ត្រី​ច្រើន​ដោយសារ​រកបាន​»​។ Sangmanee បាន​រៀបរាប់​បែបនេះ​។ 


 
Sangmanee មាន​ឳ​ពុក​ដែល​ធ្លាប់​ប្រកួត​មួយ​ថៃ​នៅក្នុង​តំបន់​នោះ ដើម្បី​រកប្រាក់​ចំណូល​បាន​ខ្លះ​មុនពេល​បញ្ចប់​អាជីព​។ ការចាកចេញ​ទៅ​ប្រកួត​នៅពេល Sangmanee អាយុ​៦​ឆ្នាំ ឳ​ពុក​របស់គេ​បានសម្រេច​ចិត្ត​ឲ្យ​កូន​ដើរ​តាម​គន្លង​របស់ខ្លួន​។ ឳ​ពុក​បង្ហាត់​កូន​នៅផ្ទះ​ដោយមាន​បាវ​សាក់​ចាស់​មួយ​នៅមុខ​ផ្ទះ និង​មាន​ក្មេងៗ​នៅក្នុង​ភូមិ​ចង់​ហាត់​ប្រដាល់​ដែរ​។ បន្ទាប់ពី​ហ្វឹកហាត់​បាន​១​ខែ Sangmanee មាន​ទេពកោសល្យ​ខាង​គុន​ថៃ និង ត្រូវ​ចាប់​គូ​ឲ្យ​ប្រកួត​លើកដំបូង ទោះ​នៅ​តូច​ក៏ដោយ​។​
 
Sangmanee ចងចាំ​ថា​៖«​ខ្ញុំ​ឈ្នះ​ការប្រកួត​ដំបូង​របស់ខ្ញុំ ហើយ​ខ្ញុំ​រំភើបចិត្ត​ណាស់​។ ខ្ញុំ​ចង់​ប្រកួត​ម្ដងទៀត ទោះ​ទទួលបាន​ប្រាក់​ត្រឹម​២០០​បាត​ក៏ដោយ តែ​វា​អាចជួយ​គ្រួសារ​ខ្ញុំ​។ មនុស្ស​ជាច្រើន​ធ្លាប់​មើលងាយ​ពួកយើង ព្រោះ​ពួកយើង​ក្រ​ណាស់​។ ពួកគេ​និយាយថា មួយ​ថៃ មិនបាន​ជួយ​ពួកយើង​ច្រើន​ទេ​។ ខ្ញុំ​មិនដែល​បំភ្លេច​ភាពលំបាក​ពេលនោះ​ឡើយ​។ យើង​ចំណាយពេល​យូរណាស់​ទើប​ជីវិត​បាន​ប្រសើរឡើង​»​។​
 
​ការ​ឡើងដល់​ចំណុចកំពូល វា​ជា​រយៈពេល​វែង​មួយ ដែល Sangmanee ដើរ​តាម​ឳ​ពុក​ដើម្បី​ស្វែងរក​ការប្រកួត​នៅ​តំបន់​របស់ខ្លួន​។ នៅពេល​មាន​អាយុ​១០​ឆ្នាំ Sangmanee  ត្រូវបាន​គេ​អញ្ជើញ​ទៅ​បាងកក​ដើម្បី​ប្រកួត​យក​ជើងឯក Assawindam Stadium title​។ ការធ្វើដំណើរ​លើផ្លូវ​វែងឆ្ងាយ​ទៅកាន់​បាងកក គឺជា​បទពិសោធ​ថ្មី ប៉ុន្តែ​រូបគេ​បានឈ្នះ​ជើងឯក​មួយ​ដំបូង​ក្នុងចំណោម​ជើងឯក​ទាំងឡាយ​ពី​ការប្រកួត​៥​ទឹក​។ វា​បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ​ក្នុង​អាជីព​របស់គេ ដែលមាន​អាយុ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ​។​
 
​កីឡាករ​វ័យ​២២​ឆ្នាំ​បន្តថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ឡើងដល់​ចំណុច​មួយ​ដែល​ល្អ ប៉ុន្តែ​វា​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ​។ គោលដៅ​របស់ខ្ញុំ​គឺ​ឈ្នះ​ពាន​នៅ​សង្វៀន Lumpinee Stadium ឬ Rajadamnern Stadium​។ ទោះជា​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិនមាន​អារម្មណ៍​ថា​មាន​សម្ពាធ​ទេ​។ ខ្ញុំ​ស្រលាញ់​ការប្រកួត ព្រោះ​ឃើញ​ជីវិត​កាន់តែ​ប្រសើរឡើង​»​។​
 
​ការប្រកួត​របស់គេ​កាន់តែ​មមាញឹក​ដូច​ការគ្រោងទុក​។ Sangmanee ឡើង​ប្រកួត​៨​ដង​ក្នុង​រយៈពេល​៧​ថ្ងៃ​។ យ៉ាងណាក្ដី​រូបគេ​សប្បាយចិត្ត​ដើម្បី​ប្រកួត ព្រោះ​បាន​លុយ​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​។ កីឡាករ​វ័យ​២២​ឆ្នាំ​ពន្យល់ថា​៖«​ជីវិត​របស់ខ្ញុំ​វា​លំបាក​ណាស់​ពីមុន មុនពេល​ក្លាយជា​កីឡាករ​អាជីព​មួយ​ថៃ​។ បន្ទាប់ពី​ខ្ញុំ​ចាប់ផ្ដើម​អាជីព គ្រួសារ​របស់ខ្ញុំ​កាន់​តែមាន​ស្ថានភាព​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ខ្ញុំ​អាច​រកប្រាក់ និង​មាន​ចំណូល​ថេរ​។ ពេល​ចាប់​ផ្ដើមដំបូង​ខ្ញុំ​ទទួលបាន​តិច ប៉ុន្តែ​អាច​ទិញ​សាច់ជ្រូក​ញុំ​ា​បាយ និង អាច​ទុក​សម្រាប់​ទៅ​រៀន​នៅ​សាលា​បាន​»​។​
 
​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក Sangmanee ត្រូវបាន​គេ​ដាក់ឈ្មោះថា «Million Dollar Baby» ដោយសារ​ក្បាច់​កាន់តែ​ឈានទៅរក​កម្រិត​ខ្ពស់បំផុត នៅពេល​រូបគេ​និង​ឳ​ពុក​របស់ខ្លួន​ផ្លាស់​ទៅ​ហាត់​នៅ​ក្លិប​ល្បី 13 Coins Gym នៅ​រាជធានី​បាងកក​​ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់​ខ្លាំងខ្លា​ថែមទៀត​។​
 
​កីឡាករ​ដែល​ក្រាញននៀល​នឹង​ក្បាច់គុន​រូបនេះ​រំលឹក​ទៀតថា ការអភិវឌ្ឍ​ខ្លួន​ដើម្បី​ចង់បាន​ខ្សែក្រវាត់​ច្រើន​ស្ថាប័ន ដែលមាន​ការជួយជ្រោមជ្រែង​ពី​គ្រូបង្វឹក និង​វីរបុរស Saenchai P.K. Saenchaimuaythaigym ជាដើម​។ «​វា​ជា​រឿង​មិន​នឹកស្មាន​ដល់​ដែល​បាន​ហាត់​ជាមួយ​គាត់​។ ខ្ញុំ​បាន​រៀន​ច្រើនណាស់​ពី​ក្បាច់​ថ្មីៗ និង​ស្ទីល​ប្រកួត​ថ្មីៗ​រួមទាំង​បច្ចេកទេស​ពី​គាត់​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Sangmanee​។  
 
​នៅពេល​មាន​អាយុ​១៥​ឆ្នាំ Sangmanee បាន​បំពេញ​ក្ដី​សុបិន​ដោយ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក 105lb Lumpinee Stadium World Title, ឈ្នះ ខ្សែក្រវាត់​នៅ​សង្វៀន Rajadamnern Stadium World Titles ចំនួន​៣ និង​ឈ្នះ​ខ្សែក្រវាត់ S-1 World Title ផងដែរ​។ ជោគជ័យ​ដ៏​ធំធេង​នេះ ធ្វើ​ឲ្យ​រូបគេ​ទទួល​ភាព​ល្បី​ខ្ទរខ្ទារ​និង​ឈ្នះ​ពាន​ប្រចាំឆ្នាំ Sports Writers Of Thailand Fighter Of The Year នៅ​ឆ្នាំ​២០១២ របស់​ប្រទេស​ថៃ​ក្នុងនាម​កីឡាករ​ល្អ​បំផុត​នៃ​ក្បាច់គុន​មួយ​ថៃ «the art of eight limbs»​។​
 
​ឥឡូវនេះ​ជើងឯក​មកពី Rajadamnern Stadium ចង់បង្ហាញ​ថ្វីដៃ​ជូន​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នៅ​សង្វៀន The Home Of Martial Arts​។ កីឡាករ​កំពូល​មកពី​ប្រទេស​ថៃ​ដដែល​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ស្នាដៃ​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់បាន​ច្រើន​ទៀត​។ ខ្ញុំ​ចង់ទៅ​ប្រកួត​ជុំវិញ​ភព​លោក និង ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ World Champion នៅ​កម្មវិធី ONE Championship»៕
 

Tag:
 Sangmanee
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com