ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតខ្មែរ ស្នើឲ្យឥណ្ឌូណេស៊ី ចាប់អ្នកស្រី មូរ សុខហួរ
06, Nov 2019 , 4:15 pm        
រូបភាព
ស្ថានទូតកម្ពុជានៅឥណ្ឌូណេស៊ី ស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់អ្នកស្រី មូរ សុខហួរ ដែលកំពុងនៅទីនោះ ហើយប្រញាប់បញ្ជូនមកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ដែលចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។



ស្ថានទូត សរសេរក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«អ្នកស្រី មូរ សុខហួរ ជាជនរត់គេចខ្លួន។ តុលាការកម្ពុជា បានចេញដីកាឲ្យតាមចាប់អ្នកស្រី ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា»។

លោក កុយ គួង អ្នកនាំពាក្យការបរទេស ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ថា មុននឹងស្ថានទូតកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់អ្នកស្រី មូរ សុខហួរ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានធ្វើការងារជាមួយគ្នារួចហើយ។ លោក បញ្ជាក់បែបនេះថា៖«កម្ពុជាយើង បានបញ្ជូនឯកសារពាក់ព័ន្ធនឹងករណីទណ្ឌិតមួយចំនួន ដែលតុលាការយើង បានចេញសាលក្រមរួចរាល់ ទៅកាន់ឥណ្ឌូណេស៊ីហើយ»។ 

អ្នកស្រី មូរ សុខហួរ ប្រកាសថា​ នៅយប់ថ្ងៃទី៦ ខែវិច្ឆិកានេះ អ្នកស្រី នឹងធ្វើសន្និសីទកាសែត ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី អំពីដំណើរមាតុភូមិនិវត្តរបស់ក្រុមអ្នកប្រឆាំង។ លោក សម រង្ស៊ី បានបង្ហោះលើទំព័រហ្វេសប៊ុក ដោយអមជាមួយនឹងការបង្ហាញសំបុត្រយន្តហោះ ថា លោក នឹងហោះចេញពីបារាំងនៅថ្ងៃទី៧ ចូលមកថៃនៅថ្ងៃទី៨ ហើយជំហានចុងក្រោយ ចូលមកកម្ពុជា នៅថ្ងៃទី៩។ 

ប៉ុន្តែ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ លោក ប្រា​យុទ្ធ ចន្ទអូ​ចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសក្នុងសន្និសីទកាសែតថា លោក សម រង្ស៊ី ទំនងជាមិនអាចត្រូវបានអនុញ្ញាតឲ្យចូលទឹកដីថៃនោះទេ។ កាសែតបាងកកប៉ុស្តិ៍ បានសរសេរពីសម្តីរបស់លោក ប្រាយុទ្ធ ថា៖«យើង នឹង​មិនអនុញ្ញាត​ឲ្យ​ជនប្រឆាំង​រដ្ឋាភិបាល​ណាមួយ ប្រើប្រាស់​ទឹកដីថៃ ​ដើម្បីធ្វើ​ចលនានយោបាយឡើយ។ ខ្ញុំ​បាន​ដាក់បទបញ្ជាហើយ ដូច្នេះគាត់មិនអាច​ចូលមកបានទេ»។ 

ទន្ទឹមនេះ កងកម្លាំងថៃ បានសហការជាមួយកងកម្លាំងកម្ពុជា យករូបថតលោក សម រង្ស៊ី និង បក្សពួកមួយចំនួនទៀត ទៅបិទនៅតាមព្រំដែន។ សមត្ថកិច្ចកម្ពុជា បានសរសេរភ្ជាប់ជាមួយនឹងរូបថតទាំងនោះថា លោក សម រង្សី និង បក្សពួក គឺជាជនក្បត់ជាតិ ដែលត្រូវចាប់ខ្លួន។ 

លោក សម រង្ស៊ី ប្រកាសថា លោក នឹងដើរជាមួយពលករខ្មែរនៅថៃ ឆ្លងកាត់ព្រំដែន ចូលមកកម្ពុជា៕ 

Tag:
 មូរ សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com