អត្ថបទពាណិជ្ជកម្ម
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​៤៩
06, Nov 2019 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​៥ ខែ វិច្ឆិកា កន្លងទៅ​ថា លោក​នឹង​រង់ចាំ​ទទួល​ស្វាគមន៍​សមាជិក​ជាន់ខ្ពស់ មកពី​វិស័យ​ធនាគារ​អាស៊ាន ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ធនាគារ​អាស៊ាន ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ នា​ចុងខែ​វិច្ឆិកា​នេះ​។ 
 
​សន្និសីទ​ប្រចាំ​តំបន់ ដែល​ត្រូវធ្វើឡើង​ប្តូរ​វេន​គ្នា ជាមួយ​សមាជិក​អាស៊ាន​ជា​រៀងរាល់​២​ឆ្នាំ​ម្តងនេះ នឹងត្រូវ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ការតភ្ជាប់​នៃ​សមាគម​អាស៊ាន​ត្រឹម​ឆ្នាំ​២០២៥ ស្តីពី​៖ ពិភពលោក​ថ្មី​នៃ​ន​វា​នុ​វត្ត​ភាព​បច្ចេកវិទ្យា សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែមួយ​» (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector) នឹងត្រូវ​រៀបចំឡើង នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៧ ខែវិច្ឆិកា​។ គេ​រំពឹងថា នឹងមាន​ប្រតិភូ​ច្រើនជាង ៥០០​នាក់ មកពី​ទូទាំង​តំបន់ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ប្រចាំ​តំបន់​នេះ​។​
 
​លោក អ៊ិន ចាន់នី មានប្រសាសន៍ថា នេះ​គឺ​ជាក​ត្តិ​យស​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ដ៏​សំខាន់​មួយ​នេះ ដែល​នឹង​នាំយក​សមាជិក​សំខាន់ៗ ក្នុង​វិស័យ​ធនាគារ​អាស៊ាន មក​ពិភាក្សាគ្នា​ជា​ផ្លូវការ សម្រាប់​រយៈពេល​៣​ថ្ងៃ​។​
 
​លោក​បាន​ប្រាប់​បន្តថា​៖«​ខ្ញុំ​មាន​មោទនភាព ជាពិសេស​ខណៈដែល​វិស័យ​ធនាគារ បាន​បង្កើត​ឲ្យ​មាន​ការវិវឌ្ឍ​ដ៏​ធំ​អស្ចារ្យ​នៅ​កម្ពុជា នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស ការចាប់ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ    បច្ចេកវិទ្យា​ថ្មី​ជា​លើកដំបូង ដែល​ជួយ​ឲ្យ​រាល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ទាំងអស់ ស្ថិតក្នុង​ដៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់ពេល និង​គ្រប់​ទីកន្លែង​។ ដោយមាន​ការគាំទ្រ និង​ការសហការ​ពីស​ណាក់​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ផ្តោតទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បង្កើន​បរិ​យា​ប័ន្ន ក្នុង       វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ​ផង និង​ជួយ​លើ​កម្ពស់​ការប្រើប្រាស់​រូប​បិ​យ​បណ្ណ​របស់​ប្រទេស​យើង គឺ​ប្រាក់រៀល​ខ្មែរ សម្រាប់​រាល់​ការធ្វើ​អាជីវកម្ម​ធំ និង​តូច​ទាំងអស់​»​។ 
 


 
​លោក អ៊ិន ចាន់នី បាន​បន្ថែមទៀតថា​៖«​យើង​គិតថា សហសេវិក​របស់​យើង ដែល​មកពី​ទូទាំង​សហគមន៍​អាស៊ាន នឹង​ចែករំលែក​បទពិសោធន៍​ជាច្រើន ដែល​ត្រូវ​សិក្សា​អំពី​វិធីសាស្ត្រ​ដែល​ធនាគារ​កម្ពុជា កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា ក៏ដូចជា​ការរីកចម្រើន​ផ្សេងៗ ដើម្បី​ផ្តល់ជូន​ផលិតផល និង​សេវាកម្ម​បន្ថែមទៀត ដល់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​កើនឡើង​ឥតឈប់ឈរ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសិទ្ធិភាព តម្លាភាព និង​អត្ថប្រយោជន៍ នៃ​ការប្រតិបត្តិ​ការណ៍​រប​ស់​ពួកគេ កាន់តែ​ល្អប្រសើរ​ជាង​មុន​»​។ 
 
​សន្និសីទ​នេះ សហការ​រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​ធនាគារិក​អាស៊ាន (ABA) ហើយ​ដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត សន្និសីទ​នេះ នឹងមាន​ការចូលរួម​ពី លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​ជាតិ​នៃ​កម្ពុជា ដែលជា​គណៈអធិបតី និង​វាគ្មិន​សំខាន់ៗ​ដូចជា លោកស្រី ជា សេរី អគ្គនាយិការ​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា    ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធនាគា​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា ក​.​អ ធនាគារ​ស្ថាបនា ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ធនាគារ​វី​ង និង​វាគ្មិន​ជា​មកពី​ស្ថាប័នផ្សេងៗ​ជាច្រើន​ទៀត ចូលមក​រួមគ្នា​ពិភាក្សា និង​ការបង្កើត​ទំនាក់ទំនង ក្រោម​ទស្សនទាន និង​បទពិសោធ​ស្តីពី ន​វា​នុ​វត្ត​ភាព​បច្ចេកវិទ្យា នៃ​វិស័យ​ធនាគារ​។ 
 
​នៅក្នុង​សន្និសីទ​នេះ យើង​បាន​អញ្ជើញ​អ្នកឯកទេស​ជំនាញ​ផ្សេងៗ​គ្នា ព្រមទាំង​វាគ្មិន​ក​ត្តិ​យស មកពី​ទូទាំង​តំបន់ ដើម្បី​ធ្វើ​បទ​បង្ហាញ​ទៅកាន់​ប្រតិភូ លើ​ប្រធានបទ​ដែលមាន​សារៈសំខាន់ ជុំវិញ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​សេវា​ហិរញ្ញវត្ថុ ដែល​អញ្ជើញ​មកពី សមាគម​ធនាគារិក​អាស៊ាន ធនាគារកណ្តាល​នៃ​ប្រទេស​សិង្ហ​បុរី សហព័ន្ធ​ធនាគារ​ហ្វីលីពីន (Union Bank of Philippines) សមាគម​ធនាគា​នៃ​ប្រទេស​ថៃ ធនាគារពិភពលោក (World Bank) សាជីវកម្ម​ហិរញ្ញ​វ​ត្តុ​អន្តរជាតិ (IFC) ព្រមទាំង​វាគ្មិន​កិត្តិយស​ជាច្រើន​នាក់​ទៀតផង​ដែរ​។ 
 
​សន្និសីទ​នេះ​ផងដែរ ក៏បាន​រៀបចំ​នូវ​ការតាំងពិព័រណ៍ ស្តីពី​ធនាគារ ដែល​ហៅថា «Banking Expo» ខណៈដែល​ក្រុមហ៊ុន​នានា ដែល​ធ្វើការ​ក្នុង​វិស័យ​ធនាគារ នឹង​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​ជូនទៅ​កាន់​អ្នក​ដែល​ចូលរួម​ទាំងអស់​។ 
 
​សន្និសីទ​នេះ យើង​អនុញ្ញាត​ឱ្យមាន​ការចូល​រួមទាំង​អស់​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងនោះ​រាប់បញ្ចូល​ទាំង ធនាគារិក​ក្នុងស្រុក និង​អន្តរជាតិ​ផងដែរ ហើយ​ការចុះឈ្មោះ អាច​ធ្វើបាន​តាមរយៈ​គេហទំព័រ http://events.abc.org.kh/ ។ សម្រាប់​ការសាកសួរ​ព័ត៌មាន ក៏ដូចជា​ការបញ្ចេញ​យោបល់​អំពី​ព្រឹត្តិការណ៍​នេះ សូម​ទាក់ទង​ដោយផ្ទាល់​ទៅកាន់​លោក ហេង កូយ អ្នកចាត់ការ​ទូទៅ ក្នុង​សមាគម​ធនាគារ​កម្ពុជា ([email protected]) តាមរយៈ​លេខ​ទូរស័ព្ទ (855)12 436 307៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com