ជាតិ
ជប៉ុន ផ្តល់​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩ ជូន​លោក សៀង ណាំ និង​លោក Teruo Jinnai
07, Nov 2019 , 8:39 am        
រូបភាព
រូបភាពផ្តល់ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា
រូបភាពផ្តល់ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩ ដល់​លោក សៀង ណាំ សមាជិក​រដ្ឋសភា​កម្ពុ​ជា និង​លោក Teruo Jinnai ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អតីត​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។ ការប្រកាស​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


 
​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០១៩​នេះ ផ្តល់ជូន​ដើម្បី​ទទួលស្គាល់​ការចូលរួមចំណែក ក្នុង​កិច្ចការ​សាធារណៈ ឬ​ជាតិ និង​សមិទ្ធផល​ដ៏​លេចធ្លោ​របស់​ពួកគាត់ ក្នុង​វិស័យ​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បាន​បន្តទៀតថា​៖ «​មាន​បុគ្គល​ឆ្នើម​២​រូប ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​ការចូលរួម ចំណែក​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា​»​។ 
 
​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹងថា លោក សៀង ណាំ នឹង​ទទួល​គ្រឿង​ឥស្សរិយយស​«The Order of the Rising Sun, Gold Rays with Neck Ribbon» ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ជប៉ុន និង​កម្ពុជា​។ ចំណែក លោក Teruo Jinnai នឹង​ទទួល​គ្រឿង​ឥស្សរិយយស​«The Order of Secred Treasure, Gold and Silver Rays» ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក ក្នុងការ​ចូលរួមចំណែក​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ក៏ដូចជា​ការលើកស្ទួយ​វប្បធម៌​កម្ពុជា នៅលើ​វេទិកា​អន្តរជាតិ ក្នុងនោះ​រួមមាន​អង្គការ​យូណេស្កូ​ផងដែរ​។ ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស នឹង​រៀបចំឡើង​នៅពេល​ខាងមុខ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​ដដែល​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com