អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​៖ ការតែងតាំង គួច សុ​កុម្ភៈ និង អ៊ុំ វិចិត្រ ជា​គ្រូ​ជំនួយ U22 គឺ​ផ្អែកលើ​ទេពកោសល្យ​
កីឡាជាតិ
ជាតិ
អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​៖ ការតែងតាំង គួច សុ​កុម្ភៈ និង អ៊ុំ វិចិត្រ ជា​គ្រូ​ជំនួយ U22 គឺ​ផ្អែកលើ​ទេពកោសល្យ​
06, Nov 2019 , 4:55 pm        
រូបភាព
កីឡាករ គួច សុកុម្ភៈ (ឆ្វេង)ត្រូវបានតែងតាំងជាគ្រូជំនួយ និង អ៊ុំ វិចិត្រ ជាគ្រូចាំទីនៃក្រុម U22 កម្ពុជា
កីឡាករ គួច សុកុម្ភៈ (ឆ្វេង)ត្រូវបានតែងតាំងជាគ្រូជំនួយ និង អ៊ុំ វិចិត្រ ជាគ្រូចាំទីនៃក្រុម U22 កម្ពុជា
​កីឡាករ​ជើងចាស់​របស់​ណាហ្គា​វើ​ល គួច សុ​កុម្ភៈ និង​អ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ និង​គ្រូ​ចាំទី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​(U22) សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ បើតាម​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ ការតែងតាំង​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​សមត្ថភាព និង​ទេពកោសល្យ​របស់​ពួកគេ​។

 
 
​ទស្សនិកជន​ធ្លាប់តែ​ឃើញ​ខ្សែបម្រើ គួច សុ​កុម្ភៈ លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា តែ​ប្រហែល​មិន​ធ្លាប់​ឃើញ​រូបគេ​ដឹកនាំ​បង្វឹក​ក្រុម​ជម្រើស​នោះទេ​។ នៅក្នុង​អំឡុង​ខែវិច្ឆិកា នេះ ពោលគឺ​ក្រោយ​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តទល់​ជាមួយ​ក្រុម​ម៉ុង​ហ្គោ​លី ក្នុងជំនួប​មិត្តភាព​អន្តរជាតិ និង​ជំនួប​ជាមួយ​ហុងកុង​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ទស្សនិកជន​នឹង​ឃើញ​រូបគេ​ស្លៀកពាក់​ខោអាវ​ជា​គ្រូបង្វឹក​វិញ​ម្តង​។ 
 
​ការ​ស្លៀកពាក់​ខោអាវ​គ្រូបង្វឹក​នេះ គឺធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចេញ​លិខិត​ឧទ្ទេសនាម​តែងតាំង​ខ្សែបម្រើ​រូបនេះ ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។ ការតែងតាំង​នេះ នាំ​ឲ្យ​ក្រុម​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas មាន​គ្រូ​ជំនួយ​មួយរូប​បន្ថែមទៀត​ជាមួយ​លោក ភា សុ​ភ័​ក្ត្រា​។ 
 
​កីឡាករ​មកពី​ខេត្តកំពង់ធំ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​លើកដំបូង ដោយ​ធ្វើជា​យុវជន​របស់​ក្រសួងការពារជាតិ​ពី​ឆ្នាំ​២០០៣-២០០៤​។ បន្ទាប់មក រូបគេ បាន​ផ្លាស់​ទៅ​ក្លិប​ខេមរា​កីឡា​ពី​ឆ្នាំ​២០០៥-២០១០ ដោយបាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​លី​គ​កំពូល​ពីរ​រលើ​កនៅ​ឆ្នាំ​២០០៥ និង ២០០៦ និង​លើក​ពាន​សម្តេច ហ៊ុន សែន មួយ​លើក​នៅ​ឆ្នាំ​២០០៧​។ រូបគេ​ជា​ម្ចាស់​ស្បែក​មាស​ពានរង្វាន់ ហ៊ុន សែន នៅ​ឆ្នាំ​២០០៩ ក្រោយ​រកបាន​២១​គ្រាប់ និង ២០១០ ក្រោយ​រកបាន​២០​គ្រាប់​ស្មើ​កីឡាករ ស្រី វាសនា របស់​ភ្នំពេញ​ក្រោ​ន​។ 
 
​ក្រោយមក​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ពី​ខេមរា​កីឡា​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​។ ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០១១-២០១៥ កីឡាករ សុ​កុម្ភៈ បាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​លី​គ​កំពូល​ចំនួន​៣​លើក​(២០១១, ២០១៤ និង ២០១៥)​។ នៅ​ឆ្នាំ​២០១៦ រូបគេ​បានមក​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​រហូតដល់​បច្ចុប្បន្ន ដោយ​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​លី​គ​កំពូល​បាន​មួយ​លើក​នៅ​ឆ្នាំ​២០១៨​។​
 
​ខ្សែបម្រើ គួច សុ​កុម្ភៈ បាន​ជាប់​ជម្រើសជាតិ​កម្រិត​យុវជន និង​ឈុត​ធំ​តាំងពី​ឆ្នាំ​២០០៦ ដោយបាន​បង្ហាញខ្លួន​ចំនួន​៥៨​ប្រកួត និង​រកបាន​៧​គ្រាប់​។ បច្ចុប្បន្ន​រូបគេ​ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​មិត្តភាព​ជាមួយ​ម៉ុង​ហ្គោ​លី​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា និង​ជំនួប​វគ្គ​ជម្រុះ World Cup ជាមួយ​ហុងកុង​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នៅ​ទឹកដី​ហុងកុង​។ 
 
​ក្នុង​លិខិត​ឧទ្ទេសនាម​ខាងលើ​នោះដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​តែងតាំង​អ្នកចាំទី អ៊ុំ វិចិត្រ របស់​ក្លិប​ក្រសួងការពារជាតិ​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ចាំទី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ផងដែរ​។ វិចិត្រ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជា​យុវជន​របស់​ក្រសួងការពារជាតិ ដោយបាន​ដំឡើង​ឲ្យ​មកលេង​ឈុត​ធំ​នៅ​ឆ្នាំ​២០០៨​។ រូបគេ​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​លើកដំបូង​នៅ​ឆ្នាំ​២០១១ និង​ក្រុម U21 នៅ​ឆ្នាំ​២០១៤​។ 
 
​បើតាម​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ការតែងតាំង​កីឡាករ​ទាំងពីរ គឺ​ដោយសារ​ពួកគេ​មាន​សមត្ថភាព និង​ទេពកោសល្យ ពិសេស​មាន​មូលដ្ឋានគ្រឹះ​ជា​កីឡាករ​។ ម្យ៉ាងទៀត គឺ​វា​ស្របតាម​ទស្សនវិស័យ​បាល់ទាត់​របស់​សហព័ន្ធ ដែល​ចង់​បណ្តុះ​ធនធាន​គ្រូបង្វឹក​ឲ្យ​បាន​ច្រើន ដើម្បី​ពង្រីក​សក្តានុពល​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។  
 
«​គោលបំណង គឺ​យើង​ចង់​បណ្តុះ​ធនធាន​គ្រូបង្វឹក​បន្ថែម ពិសេស​អ្នកជំនាន់ក្រោយ​។ ក្រោយ​មើល​ឃើ​លពី​សក្តានុពល​របស់គាត់ យើង​ក៏បាន​ហៅ​គាត់​មក​ពិភាក្សា ដោយសារ​សួរថា តើ​គាត់​ចង់​ធ្វើ​គ្រូបង្វឹក​អត់​? ពេលនោះ​គាត់​ក៏​ឯកភាព យើង​ក៏​ជ្រើស​រើសយក​គាត់​តែម្តងទៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឈូក ពិសិដ្ឋ​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​ទាំង​២៥​រូប ដើម្បី​ប្រមូល​ហ្វឹកហាត់​ដំណាក់កាល​ទី​១ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើ​កទ​៣០​នៅ​ប្រទេស​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​សម្រាប់​ការប្រកួត​នេះដែរ ក្រុម U22 កម្ពុជា​ក្រោម​ការដឹកនាំ​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ឡ B មាន​ថៃ​, ឥណ្ឌូនេស៊ី​, វៀតណាម​, ឡាវ​, សិង្ហ​បុរី និង​ព្រុយ​ណេ​៕ 
 

Tag:
 SEA Games
  គួច សុ​កុម្ភៈ​
  អ៊ុំ វិចិត្រ​
  U22 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com