ជាតិ
សម្ដេច ហ៊ុន សែន​៖ ចរន្ត​ទីផ្សារការងារ និង​ដំណើរ​ចល័ត​នៃ​កម្លាំង​ពលកម្ម​អន្តរជាតិ ធ្វើឱ្យ​កើន​អំពើ​ជួញដូរ​មនុស្ស​
06, Nov 2019 , 10:19 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពីធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី៦វិច្ឆិកា ឆ្នាំ០១៩។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពីធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី៦វិច្ឆិកា ឆ្នាំ០១៩។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  តាមរយៈ​ចរន្ត​នៃ​ទីផ្សារការងារ និង​ដំណើរ​ចល័ត​នៃ​កម្លាំង​ពលកម្ម​អន្តរជាតិ បានធ្វើឱ្យ​កើន​នូវ​អំពើ​ជួញដូរ​មនុស្ស​ជាយថាហេតុ នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន រួមទាំង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ សម្តេច ហ៊ុន សែន ក្នុង​ពី​ធី​បើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២​។​

 
​ថ្លែង​ក្នុង​សន្និសីទ​ខាងលើ​ក្រោម​ប្រធានបទ​«​តួនាទី​ព្រះរាជអាជ្ញា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​» ដែល​ធ្វើឡើង​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៦​វិច្ឆិកា សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ភាពជឿនលឿន​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​យុគសម័យ​ទំនើប បានធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ចពិភពលោក​មាន​ការវិវត្ត​យ៉ាង​លឿន​។ បើតាម​សម្ដេច ហ៊ុន សែន ការរីកចម្រើន​ទីផ្សារ​ការងារ​ក្នុង​ពិភពលោក ក៏ដូចជា​នៅក្នុង​ប្រទេស​អាស៊ាន បាន​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​កម្រិត​មួយ​គួរឱ្យកត់សម្គាល់ ។​ជាពិសេស​បង្កើតឱ្យមាន​ទីផ្សារការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
 
​ទន្ទឹមនឹង​ការរីកចម្រើន ការងារ​និង​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ពី​ស្ថានភាព​ស្វែងរក​ការងារ និង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ធ្វើឱ្យ​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​បង្កើតឱ្យមាន អំពើ​ជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​ពលកម្ម ជួញដូរ​ផ្លូវភេទ ជួញដូរ​ទារក​និង​កុមារ និង​ការជួញដូរ សរីរាង្គ​មនុស្ស​។ សកម្មភាព​ទាំងនេះ គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ ចាំបាច់​តម្រូវឱ្យ​ប្រទេស​សមាជិក​អាស៊ាន​និង​ចិន ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត និង​ត្រូវ​រួមគ្នា​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ទាំង​នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​។​
 
​សម្តេច ហ៊ុន សែន បា​នស​ង្គ​ត់​ធ្ងន់​ដូច្នេះ​ថា​៖« ការប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស គឺជា​បញ្ហា​សកល​លំបាក និង​ស្មុគស្មាញ គឺជា​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែលមាន​វិសាលភាព​ទាំង​ក្នុង​តំបន់​អាស៊ាន និង​សកលលោក​។ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ​ឱ្យបាន​ទាន់ពេលវេលា បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​- ចិន ត្រូវមាន​គោលការណ៍​រួមមួយ ឯកភាពគ្នា សហការគ្នា​យ៉ាង​ជិតស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ក្នុងនោះ អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួមគ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ស្ថាប័ន និង​ប្រទេស​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​។  ជាពិសេស​នៅក្នុង​ប្រទេស​ឆ្លងកាត់ និង​ប្រទេស​គោលដៅ ដើម្បី​ឆ្លើយតប​និង​ដោះស្រាយ​ឱ្យបាន​ទាន់ពេល​កំណត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​»​។  
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួមគ្នា​ពិនិត្យ និង​វាយតម្លៃ​បញ្ហា អំពើ​ជួញដូរ​មនុស្ស  តាមរយៈ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ជាមួយ​ប្រទេស និង​ស្ថាប័ន​ពាក់ព័ន្ធ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង ឬ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​។ 
 
​បច្ចុប្បន្ន​រដ្ឋាភិបាល បាន​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ជាច្រើន​ករណី​មកហើយ តាមរយៈ​ការពង្រឹង​ច្បាប់ ,​ការអនុវត្ត​នូវ​គោលនយោបាយ​ការពារ​ជនរងគ្រោះ អម​ជាមួយ​ការអនុវត្ត​ច្បាប់ព្រហ្មទណ្ឌ ដោយមាន​កិច្ចសហការ​ល្អ រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ស្ថាប័ន​ពាក់ព័ន្ធ​។ នេះ​បើតាម​ការអះអាង​របស់ សម្តេច ហ៊ុន សែន​៕ 
 

Tag:
 ជួញដូរ​មនុ​សុ្ស​
 ​កម្លាំង​ពល​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com