អ្នកលេងគុនចម្រុះ ខុន ស៊ីចាន់ មកពីក្លិប Phnom Penh MMA ត្រូវប៉ហជើងខ្លាំងមកពីឥណ្ឌា Roshan Mainam ក្នុងកម្មវិធី ONE: Master of Fate នៅថ្ងៃទី៨ ខែវិច្ឆិកា នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ស៊ីចាន់ ជាអ្នកលេងគុនខ្មែរ ខណៈ Roshan Mainam ជាកីឡាករចំបាប់។ មុនការប្រកួតមកដល់ កីឡាករគុនចម្រុះដែលត្រូវប្រកួតក្នុងទម្ងន់ Flyweight ទាំងពីរបានផ្ញើសារឌឺដងដាក់គ្នាពីចំណុចខ្លាំងរបស់ដៃគូ និងការផ្តួលរៀងៗខ្លួន។
ស៊ីចាន់ ដែលមានបទពិសោធប្រកួតនៅលើសង្វៀន ONE Championship ចំនួន៤ដងបានថ្លែងថា៖«ខ្ញុំដឹងថា Roshan គេពូកែចូលចាប់បោក និងផ្ដួល ព្រោះគេជាកីឡាករហាត់ខាងចំបាប់ពីមុន។ ប៉ុន្តែខ្ញុំខ្លាំងការពារ ឥឡូវនេះខ្ញុំហ្វឹកហាត់បានល្អ។ បើសិនខ្ញុំអាចការពារក្បាច់ Roshan ចូលផ្ដួលហ្នឹងបាន គឺខ្ញុំសង្ឃឹមឈ្នះ៩០ភាគរយ»។
កូនសិស្សលោក Alan Mccune បោះជុំរុំហ្វឹកហាត់ត្រៀមខ្លួនបានល្អជាងការប្រកួតមុនៗ ជាពិសេសបានហ្វឹកហាត់ជាមួយគ្រូបង្វឹកកម្រិតអន្តរជាតិពីររូបមកពីអាមេរិករួមមានលោក Fernando Salvador គ្រូបង្វឹកជឺជិតស៊ូខ្សែក្រវាត់ខ្មៅ៣ដាន់ និងលោក Chris Kennedy គ្រូបង្វឹកជីជិតស៊ូខ្សែក្រវាត់ពណ៌ត្នោត រួមទាំងអ្នកជួយសមប្រកួតជាហូរហែ។
អ្នកលេងគុនចម្រុះមកពីខេត្តឧត្តរមានជ័យសង្កត់ធ្ងន់ថា៖«បើមានឱកាស ខ្ញុំអាចវាបកក្បាច់គុនចម្រុះ ឬគុនខ្មែរទៅតាមកាលៈទេសៈ។ ខ្ញុំដោះឃ្លេឲ្យលឿន និងវាយបក»។ អតីតកូនសិស្សលោក ឡោ វុទ្ធី ក៏ទទួលស្គាល់ថា រូបគេចាញ់ប្រៀបបន្តិចលើការប្រកួតនៅលើក្ដាររេញ ឬជំហរដេក ប៉ុន្តែ១០០ភាគរយខ្ញុំមានប្រៀបលើក្បាច់ឈរ»។ ស៊ីចាន់ ដែលជាកីឡាករតែម្នាក់តំណាងកម្ពុជាក្នុងកម្មវិធីនេះប្តេជ្ញាថា ខ្លួននឹងមិនបណ្ដោយឲ្យកីឡាករឥណ្ឌានៅពីលើស្រួលៗឡើយ។
ឆ្លើយឆ្លងទៅនឹង ខុន ស៊ីចាន់ Roshan Mainam បានបង្ហើបថា៖«គ្រូបង្វឹករបស់ខ្ញុំ និងមិត្តរួមក្រុមនៅ EVOLVE MMA ត្រៀមខ្លួនបានល្អទល់នឹង ខុន ស៊ីខាន់។ ខ្ញុំគិតថាល្អណាស់ខ្ញុំត្រៀមរួចរាល់ហើយ។ ខ្ញុំមិននិយាយអ្វីច្រើនទេ ប៉ុន្តែខ្ញុំដឹងថា ស៊ីចាន់ ជាអ្នកប្រយុទ្ធដ៏អង់អាចនិងផ្លាស់ទីបានលឿន។ ខ្ញុំបានយល់អំពីការប្រកួតរបស់គេ»។
កីឡាករ Roshan-Mainam
Roshan គូសបញ្ជាក់ថា៖«ខ្ញុំផ្ដោតអារម្មណ៍គ្រប់ពេល ហើយបើមានឱកាសខ្ញុំវ៉ៃយកឈ្នះតែម្ដង។ ខ្ញុំបានរៀបចំផែនការរួចហើយតាំងពីការចាប់ និងប្រយុទ្ធ។ ខ្ញុំមានផលចំណេញលើការប្រយុទ្ធក្បាច់ដេកលើ ស៊ីចាន់ ហើយវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ»។
Roshan អះអាងទៀតថា៖«ខ្ញុំនឹងបញ្ចប់ ខុន ស៊ីចាន់ នៅទឹកទី១»។
Roshan រៀបរាប់ថា កីឡាករ MMA នៅឥណ្ឌាមានច្រើនឥឡូវនេះ ហើយកំពុងតែរីកចម្រើនច្រើនឡើងលើកីឡាប្រយុទ្ធ។ Roshan ប្រាប់ដល់អ្នកគាំទ្រឥណ្ឌាថា រូបគេនឹងដាក់សម្ពាធលើ ស៊ីចាន់ រហូត និងគ្រប់គ្រងការប្រកួតនៅលើសង្វៀន ហើយវាជាការប្រកួតដ៏រំភើបសម្រាប់អ្នកគាំទ្រ និងអ្នកទស្សនាផ្ទាល់។
គួរដឹងថា ខុន ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ដែលរៀបចំដោយ MyTV និង ស៊ីធីអិន នៅឆ្នាំ ២០១៣។ ស៊ីចាន់ ឡើងសង្វៀន ONE Championship បានចំនួន៤ដងក្នុងនោះឈ្នះ១ដង និងចាញ់៣ដង។ ស៊ីចាន់ ចាញ់ មិត្តរួមជាតិ ស៊ឹម ប៊ុនស្រ៊ន់ កាល ONE រៀបចំនៅខ្មែរឆ្នាំ២០១៥, ចាញ់ Yodsanan Sityodtong កាលពាក់កណ្ដាលឆ្នាំ២០១៦,ឈ្នះ RiskiUmar នៅឆ្នាំ២០១៨ និងចាញ់ Rudy Agustian នៅដើមឆ្នាំ២០១៩ នៅសិង្ហបុរី។
ចំណែក Roshan Mainam គឺជាការឡើងសង្វៀន ONE Championship លើកដំបូង។ ប៉ុន្តែរូបគេបានឡើងប្រកួតគុនចម្រុះនៅឥណ្ឌាចំនួន៥ដង ក្នុងនោះឈ្នះ៣ដង និងចាញ់២ដង។ ២ប្រកួតចុងក្រោយ Roshan ឈ្នះ Ateet Kelvin Gupta តែមិនអាចសងសឹកលើ Kantharaj Shankar Agasa នៅដើមឆ្នាំ២០១៨ ដែលធ្លាប់ចាញ់កាលឆ្នាំ២០១៧ ឡើយ៕