បឹងកេត​គ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង
កីឡាជាតិ
ជាតិ
បឹងកេត​គ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង
06, Nov 2019 , 9:30 pm        
រូបភាព
ក្រុមបាល់ទាត់បឹងកេតបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង ក្រោយយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងដោយបាល់កាត់សេចក្តី ៥-៤ នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន R.S.N នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។



នាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋាន R.S.N ក្រុមបឹងកេតបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយព្រះខ័នរាជស្វាយរៀងនៅវគ្គទី១ ទោះមានការសម្រុកដាក់គ្នាទៅវិញទៅមកក៏ដោយ។ ការប្រកួតដំណើរការបានពីរនាទី ខ្សែប្រយុទ្ធវ័យក្មេង ម៉ុន វ៉ាន់ដា បានបង្កើតភាពសប្បាយរីករាយដល់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីរូបគេតែតបាល់បញ្ចូលយ៉ាងល្អឲ្យបឹងកេតនាំមុខ ១-០ ក្រោយការលើករបស់កីឡាករ ជា វេស្លី។ 
 
ចាន់ វឌ្ឍនាកា ដែលគេរំពឹងថា ជាកីឡាករគ្រោះថ្នាក់សម្រាប់ព្រះខ័នរាជស្វាយរៀង ត្រូវបានប្តូរចេញជំនួសដោយកីឡាករ ម៉ាត់ នូរុណ ក្រោយរងរបួសកជើង។ ក្រោយការនាំមុខរបស់បឹងកេត បានជំរុញឲ្យកីឡាកររបស់ព្រះខ័នរាជស្វាយរៀងប្រឹងប្រែងខ្លាំង និងបានគ្រប់គ្រងបាល់យ៉ាងច្រើន ដើម្បីដាក់សម្ពាធលើក្រុមបឹងកេត។ កីឡាករស្វាយរៀង បានស៊ុតជាបន្តបន្ទាប់មកលើក្រុមបឹងកេត តែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់ ហ៊ុល គីមហ៊ុយ។ 
 
នៅនាទីទី៧០ កីឡាករ សេត រ៉ស៊ីប ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយកីឡាករព្រះខ័នរាជស្វាយរៀងទាត់បាល់ទៅប៉ះដៃរបស់គេនៅមុខទីរបស់បឹងកេត។ ការពិន័យនេះជាឱកាសរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ព្រះខ័នរាជស្វាយរៀង តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ នុប តុលា។
 
ខ្សែប្រយុទ្ធ ម៉ុ​ន វ៉ាន់ដា ដែល​រក​គ្រាប់​បាល់​បើកឆាក​ឲ្យ​បឹងកេត​ត្រូវ​ផ្លាស់ប្តូរ​ចេញ​ជំនួស​ដោយ​ខ្សែការពារ ទូច បញ្ច​រ៉ុង ដើម្បី​ស្តារ​ស្ថានការណ៍​ឲ្យ​មាន​ភាពប្រសើរឡើង​។ ទោះបី​បឹងកេត​នៅសល់តែ​សមាជិក​១០​រូប តែ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ តាមរយៈ​ការរារាំង​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​បាន​បង្កើត​ឱកាស​ម្តងម្កាល​ផងដែរ​។ 
 
​បឹងកេត​បាន​រក្សា​ស្ថានភាព​បាន​យ៉ាង​ល្អ ទោះ​មានការ​សម្រុក​យ៉ាង​ពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ ឈានដល់​វគ្គ​ថែម​១៥​នាទី​ពីរដង កីឡាករ​របស់​ក្រុម​ទាំងពីរ​ហាក់​ថមថយ​កម្លាំង​រៀងៗ​ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​នេះ​។​
 
​ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​១១​ម៉ែត្រ អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ធ្វើបាន​យ៉ាង​ល្អ តាមរយៈ​ការរារាំង​បានសម្រេច​ពី​ការ​ស៊ុត​បើកឆាក​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី​។ បន្ទាប់មក​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ទាត់​បាល់​លើក​ទី​១​បានសម្រេច ដើម្បី​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នាំមុខ ១-០ តែ​កីឡាករ ម៉ាត់ នូ​រុណ ទាត់​តាម​ស្មើ ១-១ ឲ្យ​បឹងកេត​។ 
 
​ខ្សែប្រយុទ្ធ សុក សំណាង ទទួលភារៈ​ទាត់​បាល់​ទី​២​សម្រាប់​ស្វាយរៀង តែ​ធ្វើ​មិនបាន​សម្រេច ក្រោយ​អ្នកចាំទី ហ៊ុល គីម​ហ៊ុយ ហក់​ទះ​ចេញ​បាន​យ៉ាង​ល្អ​។ កីឡាករ លី មី​ហ្សា​ន បាន​ទាត់​បាល់​ទី​៣​ឲ្យ​បឹងកេត​បានសម្រេច តែ​ត្រូវ​តាម​ស្មើ ២-២ ប្រធាន​ក្រុម​សឿ​យ វិសាល​។ បឹងកេត​បន្ត​នាំមុខ ៣-២ ជាថ្មី​ក្រោយ​ការ​ទាត់​បានសម្រេច​ពី​ប្រធាន​ក្រុម ហុង ផេង តែ​ត្រូវ​តាម​ស្មើ ៣-៣ ដោយ សំអឿន ពិដោរ​។ ម៉ាត់ យ៉ា​មីន និង សួន សុវណ្ណ ទាត់​បាល់​ទី​៥​បានសម្រេច​រៀងៗ​ខ្លួន​។ 
 
​ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​ទី​៦ កីឡាករ លី វ៉ា​ហេ​ទ ធ្វើបាន​យ៉ាង​ល្អ ដើម្បី​បង្កើន​ការនាំ​មុខ ៥-៤ សាជាថ្មី​ឲ្យ​បឹងកេត​។ អ្នកចាំទី ហ៊ុល គីម​ហ៊ុយ ធ្វើ​យ៉ាង​ល្អ​ក្នុងការ​សង្គ្រោះ​បាល់​ពី​ការទា​ត់របស់​កីឡាករ ហូ​យ ផល្លី​ន ដើម្បី​ជួយ​ឲ្យ​បឹងកេត​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើកដំបូង​។ អ្នកចាំទី​រូបនេះ បាន​ក្លាយជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់​នេះ​៕​

Tag:
 បាល់ទាត់
  Hun Sen Cup 2019
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com