ជាតិ
សារព័ត៌មានថ្មីៗ រៀបចំសិក្ខាសាលាស្តីពី «សារព័ត៌មានក្នុងការអភិវឌ្ឍ» នៅខេត្តព្រះសីហនុ ក្រុមការងារសារព័ត៌មានថ្មីៗ
× ព្រះសីហនុ៖ សារព័ត៌មានថ្មីៗរៀបចំសិក្ខាសាលាស្តីពី «សេរីភាពសារព័ត៌មាន៖ សារព័ត៌មានសម្រាប់ការអភិវឌ្ឍ» នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ នាព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា នេះ ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានប្រមាណ៣០នាក់។ សិក្ខាសាលាដែលទទួលជំនួយគាំទ្រហិរញ្ញវត្ថុពីស្ថានទូតអាមេរិកប្រចាំកម្ពុជា មានវត្តមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងវាគ្មិនដែលមានបទពិសោធន៍ជាច្រើននាក់ទៀត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក Michael Newbill អនុប្រធានបេសកកម្មសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នឹងថ្លែងសារគន្លឹះស្តីពីទំនាក់ទំនងរវាងសារព័ត៌មាន និងការអភិវឌ្ឍ។
ជាមួយគ្នានេះ លោក Steven Reiner សាស្ត្រាចារ្យជំនួយផ្នែកសារព័ត៌មាន និងផ្នែកសិល្បៈព័ត៌មាននៅមហាវិទ្យាល័យ Chapman រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក នឹងធ្វើបទបង្ហាញ ទាក់ទងនឹងស្ថានភាពរបស់អ្នកសារព័ត៌មានជាសកល និងគន្លឹះនានានៃដំណោះស្រាយ។
លោក Reiner ក៏ជាអតីតសាស្ត្រាចារ្យអមនៅសកលវិទ្យាល័យ Stony Brook លើមុខវិជ្ជាអក្ខរកម្មសារព័ត៌មាន និងព័ត៌មានការផ្សាយផងដែរ។ កន្លងមក លោកធ្លាប់បម្រើការជាងមួយទសវត្សរ៍ ក្នុងតួនាទីជា ផលិតករកម្មវិធី “60 Minutes”របស់ទូរទស្សន៍ CBS។ លោកក៏ធ្លាប់ជាការីនិពន្ធរបស់សារព័ត៌មាន The Atlantic និងជាផលិតករប្រតិបត្តិនៅកម្មវិធីវិទ្យុ All Things Considered ផងដែរ។
លោក គុណ ចិន្តា ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល នឹងលើកឡើងពីករណីព័ត៌មានមិនពិត (Fake News) រួមជាមួយនឹងការរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានទាំងនេះ។ បន្ទាប់មកលោក ដែន អយុធ្យា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលសារព័ត៌មានសហគមន៍ (CMTC) នៅខេត្តព្រះសីហនុ និងជាចាងហ្វាងគេហទំព័រ «កម្ពុជាថ្ងៃនេះ» នឹងចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងបេសកកម្មការងារនៅខេត្តព្រះសីហនុដោយផ្ទាល់។
លោក ប្រាក់ ចន្ធុល អ្នករាយការណ៍ទីភ្នាក់ងារព័ត៌មាន Reuters ប្រចាំកម្ពុជា នឹងបង្ហាញពីការវិវត្តរបស់សារព័ត៌មានក្នុងយុគសម័យឌីជីថល រីឯលោក Pierre Gillette អ្នកបណ្តុះបណ្តាលសារព័ត៌មានឯករាជ្យ និងជាអតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir នឹងធ្វើបទបង្ហាញលម្អិតពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងចំណែកនៃការអភិវឌ្ឍនៅខេត្តព្រះសីហនុដោយផ្ទាល់។
កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមសម្របសម្រួលពីសំណាក់លោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មានថ្មីៗ លោក គី សុខលីម ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ និងលោក ថៃ សុធា និពន្ធនាយកសារព័ត៌មានខេមបូណូមីស ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com