ជាតិ
សារព័ត៌មាន​ថ្មីៗ រៀបចំ​សិក្ខាសាលា​ស្តីពី «​សារព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​» នៅ​ខេត្ត​ព្រះសីហនុ​
07, Nov 2019 , 7:33 am        
រូបភាព
ក្រុមការងារសារព័ត៌មានថ្មីៗ
ក្រុមការងារសារព័ត៌មានថ្មីៗ
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ សារព័ត៌មាន​ថ្មីៗ​រៀបចំ​សិក្ខាសាលា​ស្តីពី «​សេរីភាព​សារព័ត៌មាន​៖ សារព័ត៌មាន​សម្រាប់​ការអភិវឌ្ឍ​» នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ នា​ព្រហស្បតិ៍ ទី​៧ ខែវិច្ឆិកា នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​ប្រមាណ​៣០​នាក់​។ សិក្ខាសាលា​ដែល​ទទួល​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​វត្តមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វាគ្មិន​ដែលមាន​បទពិសោធន៍​ជាច្រើន​នាក់​ទៀត​។​

 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោក Michael Newbill អនុប្រធាន​បេសកកម្ម​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នឹង​ថ្លែង​សារ​គន្លឹះ​ស្តីពី​ទំនាក់ទំនង​រវាង​សារព័ត៌មាន និង​ការអភិវឌ្ឍ​។​
 
​ជាមួយគ្នានេះ លោក Steven Reiner សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​សារព័ត៌មាន និង​ផ្នែក​សិល្បៈ​ព័ត៌មាន​នៅ​មហាវិទ្យាល័យ Chapman រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក នឹងធ្វើ​បទ​បង្ហាញ ទាក់ទង​នឹង​ស្ថានភាព​របស់​អ្នកសារព័ត៌មាន​ជាស​កល និង​គន្លឹះ​នានា​នៃ​ដំណោះស្រាយ​។​


 
​លោក Reiner ក៏​ជា​អតីត​សាស្ត្រាចារ្យ​អម​នៅ​សកលវិទ្យា​ល័យ Stony Brook លើ​មុខវិជ្ជា​អក្ខរកម្ម​សារព័ត៌មាន និង​ព័ត៌មាន​ការផ្សាយ​ផងដែរ​។  កន្លងមក លោក​ធ្លាប់​បម្រើការ​ជាង​មួយ​ទសវត្សរ៍ ក្នុងតួនាទី​ជា ផលិតករ​កម្មវិធី “60 Minutes”​របស់​ទូរទស្សន៍ CBS​។ លោក​ក៏​ធ្លាប់ជា​ការី​និពន្ធ​របស់​សារព័ត៌មាន The Atlantic និង​ជា​ផលិតករ​ប្រតិបត្តិ​នៅ​កម្មវិធី​វិទ្យុ All Things Considered ផងដែរ​។​
 
​លោក គុណ ចិន្តា ទីប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឌីជីថល នឹង​លើកឡើង​ពី​ករណី​ព័ត៌មាន​មិន​ពិត (Fake News) រួម​ជាមួយនឹង​ការរួមចំណែក​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ទាំងនេះ​។ បន្ទាប់មក​លោក ដែន អយុធ្យា ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍ (CMTC) នៅ​ខេត្ត​ព្រះសីហនុ និង​ជា​ចាងហ្វាង​គេហទំព័រ «​កម្ពុជា​ថ្ងៃនេះ​» នឹង​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ក្នុង​បេសកកម្ម​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​ដោយផ្ទាល់​។​


​លោក ប្រាក់ ច​ន្ធុ​ល អ្នករាយការណ៍​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រចាំ​កម្ពុជា នឹង​បង្ហាញ​ពី​ការវិវត្ត​របស់​សារព័ត៌មាន​ក្នុង​យុគសម័យ​ឌីជីថល រីឯ​លោក Pierre Gillette អ្នក​បណ្តុះបណ្តាល​សារព័ត៌មាន​ឯករាជ្យ និង​ជា​អតីត​និពន្ធ​នាយក​សារព័ត៌​មានបារាំង Cambodge Soir នឹងធ្វើ​បទ​បង្ហាញ​លម្អិត​ពី​តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុង​ចំណែក​នៃ​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ដោយផ្ទាល់​។​
 
​កម្មវិធី​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ លោក គី សុខ​លីម ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​ថ្មីៗ និង​លោក ថៃ សុធា និពន្ធ​នាយក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com