ជាតិ
​​​ន​យោ​បាយ​ជាតិ​
Reuters ផ្សាយថា អ្នកស្រី មូរ សុខហួរ​ ត្រូវឃាត់ខ្លួននៅម៉ាឡេស៊ី
07, Nov 2019 , 9:45 am        
រូបភាព
នគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនអ្នកស្រី មូរ​ សុខហួរ នៅក្នុងទឹកដីម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័តមាន Reuters នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។



នៅយប់ថ្ងៃទី៦ខែវិច្ឆិកា អ្នកស្រី មូរ សុខហួរ បានហោះចេញពីឥណ្ឌូណេស៊ី ទៅកាន់ម៉ាឡេស៊ី។ ក្នុងអំឡុងអ្នកស្រី ស្ថិតនៅឥណ្ឌូណេស៊ី ស្ថាតទូតកម្ពុជានៅទីនោះ បានស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់អ្នកស្រី ប៉ុន្តែ អាជ្ញាធរឥណ្ឌូណេស៊ី  ពុំបានចាប់អ្នកស្រីឡើយ។ រហូតទៅដល់ម៉ាឡេស៊ី ក៏មានព័ត៌មានថា ម៉ាឡេស៊ី មិនអនុញ្ញាតឲ្យអ្នកស្រីចូល និងរហូតមានព័ត៌មានថា អ្នកស្រី ត្រូវឃាត់ខ្លួន នៅថ្ងៃទី៧ខែវិច្ឆិកានេះ។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីប្រកាសឲ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖«សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ជាពិសេសថៃ...។ ហើយក្នុងរយៈពេលដែលខ្ញុំទៅប្រជុំអាស៊ាន [លើកទី៣៥ នៅថៃ] ខ្ញុំ ក៏បានធ្វើការជាមួយនឹងដៃគូទាំងអស់នៅក្នុងអាស៊ានរបស់យើង។ នេះគឺជាផ្នែកមួយដ៏សំខាន់ដែលចូលរួមចំណែកដល់ស្ថិរភាពរបស់ប្រទេស [កម្ពុជា]»។

អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សប្រឆាំង ត្រូវបានចាត់តាំងជាប្រធានគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និង ក្រុមប្រឆាំង។ ឈានចូលខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកស្រី មានសកម្មភាពខ្លាំងនៅបណ្តាប្រទេសអាស៊ាន ជាពិសេស ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ អ្នកស្រី ក៏ធ្លាប់បម្រុងនឹងហោះចូលថៃដែរ តែត្រូវហាមឃាត់។

អ្នកស្រី មូរ សុខហួរ ចូលមកប្រទេសក្បែរៗកម្ពុជានេះ គឺដើម្បីរៀបចំកម្លាំងអ្នកគាំទ្រ ហើយនាំចូលមកកម្ពុជាជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ដោយដើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ហើយច្រកដែលលោក សម រង្ស៊ី ជ្រើសរើសដើរចូលមកកម្ពុជានោះ គឺច្រកប៉ោយប៉េត៕  

Tag:
 មូរ សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com