ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អាចជា​គំរូ​សម្រាប់​ក្រមសីលធម៌​បញ្ញា​និម្មិត AI
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អាចជា​គំរូ​សម្រាប់​ក្រមសីលធម៌​បញ្ញា​និម្មិត AI
07, Nov 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ លោក David Hanson ស្ថាបនិកក្រុមហ៊ុន Hanson Robotics បាននិយាយជាមួយមនុស្សយន្តរបស់ក្រុមហ៊ុនរបស់គាត់ឈ្មោះ​ សូហ្វីយ៉ា ដែលជាមនុស្សយន្តបំពាក់ដោយបញ្ញានិម្មិត AI នៅហុងកុង។ ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៧។ (AP Photo/Kin Cheung)
រូបឯកសារ៖ លោក David Hanson ស្ថាបនិកក្រុមហ៊ុន Hanson Robotics បាននិយាយជាមួយមនុស្សយន្តរបស់ក្រុមហ៊ុនរបស់គាត់ឈ្មោះ​ សូហ្វីយ៉ា ដែលជាមនុស្សយន្តបំពាក់ដោយបញ្ញានិម្មិត AI នៅហុងកុង។ ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៧។ (AP Photo/Kin Cheung)
ដោយ: VOA
​ទីក្រុង PALO ALTO រដ្ឋ CALIFORNIA ៖ ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត A.I. បាន​នាំមក​នូវ​ការរំភើប​អំពី​អនាគត​នៃ​បែបបទ​រស់នៅ ធ្វើការ និង​កម្សាន្ត​របស់​យើង​។ ប៉ុន្តែ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ថ្មីៗ​នេះ ដែលមាន​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ការបាត់បង់​ឯកជន​ភាព ការសម្រេចចិត្ត​លំអៀង​របស់​បញ្ញា​និម្មិត A.I. និង​អាវុធ​ស្វ័យប្រវត្តិ ក៏បាន​នាំមក​នូវ​ការព្រួយបារម្ភ​ខាង​សីលធម៌ លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​មាន​អានុភាព​ខ្លាំងខ្លា​នេះ​ផងដែរ​។ សាកលវិទ្យាល័យ Stanford បាន​ប្រមូលផ្តុំ​ក្រុម​អ្នកដឹកនាំ​បច្ចេកវិទ្យា AI អ្នកនយោបាយ និង​អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​វិធីសាស្ត្រ​បង្កើត​បច្ចេកវិទ្យា​បញ្ញា​និម្មិត A.I. ប្រកបដោយ​ក្រមសីលធម៌​។​

 
​បច្ចេកវិទ្យា​បញ្ញា​និម្មិត ឬ Artificial Intelligence ហៅ​កាត់​ថា AI សំដៅលើ​បច្ចេកវិទ្យា​ដែល​បង្កើត​ម៉ាស៊ីន​ឆ្លាត​វៃ​ជាង​មនុស្ស​។ បច្ចេកវិទ្យា​បញ្ញា​និម្មិត AI នេះ ចាំបាច់​ត្រូវមាន​ក្រមសីលធម៌​។​
 
​ក្រុម​អ្នកជំនាញ​នៅ​សន្និសីទ​មួយ​ស្តីពី​ក្រម​សីស​ធម៌ AI ក្នុង​សាកលវិទ្យាល័យ Stanford និយាយថា បច្ចេកវិទ្យា​បញ្ញា​និម្មិត AI កំពុង​សម្រេចចិត្ត និង​ធ្វើការ​ជំនួស​មនុស្ស​លើ​វិស័យ​ជាច្រើន រាប់​ចាប់តាំងពី​ការបើកបរ​រថយន្ត​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ រហូតដល់​ការរៀបចំ​ព័ត៌មាន​ដែល​មនុស្ស​ឃើញ​លើ​អ៊ីនធឺណិត​។​
 
​ពួកគេ​ទទូចថា​ប្រព័ន្ធ​បញ្ញា​និម្មិត AI ត្រូវតែ​រៀន​ការពារ​គោល​សីលធម៌​របស់​មនុស្ស​។​


លោក​ស្រី Eileen Donahoe អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ (ចាប ចិត្រា/VOA)
 
​លោកស្រី Eileen Donahoe អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រាប់ VOA ថា​៖
 
​​«​យើង​មាន​ក្របខ័ណ្ឌ​នៃ​គោលការណ៍​សីលធម៌​ដែល​យើង​គួរតែ​យកមក​ធ្វើជា​គំរូ​គឺ​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​អន្តរជាតិ ឬ International Human Rights Framework​ដែល​យើង​មាន​ស្រា​ប‍់​»​។​
 
​ក្រុម​អ្នកជំនាញ​ណែនាំ​ថា ក្របខ័ណ្ឌ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កើតចេញពី​សេចក្ដីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ ១៩៤៨ អាច​ផ្ដល់នូវ​ក្របខ័ណ្ឌ​អភិបាលកិច្ច​មួយ​ដើម្បី​គ្រប់គ្រង បច្ចេកវិទ្យា​បញ្ញា​និម្មិត AI​។​
 
​លោកស្រី Eileen Donahoe ពន្យល់​បន្តថា​៖
 
«​នេះ​មានន័យថា រដ្ឋាភិបាល​នានា​មាន​កាតព្វកិច្ច​ផ្លូវច្បាប់ ហើយ​វិស័យ​ឯកជន​មានការ​ទទួលខុសត្រូវ ដើម្បី​ការពារ​និង​គោរព សិទ្ធិមនុស្ស និង​ដើម្បី​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​​»​។​
 
​ការអំពាវនាវ​ឱ្យមាន​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដែល​ការពារ​សិទ្ធិមនុស្ស គឺជា​ការផ្ទុយ​ស្រលះ​ទៅនឹង​គោលជំហរ​របស់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា ក្នុង​តំបន់ Silicon Valley ដែលថា​ការ​គ្រប់​គ្រង់​លើ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​នឹង​រារាំង​ដល់​នវានុវត្តន៍​ឬ​ការច្នៃប្រឌិត​ថ្មីៗ​នានា​។​


លោក​ស្រី Marietje Schaake អតីត​សមាជិក​សភា​អឺរ៉ុប។ (ចាប ចិត្រា/VOA)
 
​លោកស្រី Marietje Schaake អតីត​សមាជិកសភា​អឺរ៉ុប​លើកឡើងថា​៖
 
«​ការប្រកាន់​ជំហរ​បែបនេះ បង្កប់ន័យ​ថា​ការច្នៃប្រឌិត​ថ្មី​មាន​សារៈសំខាន់​ជាង​ប្រជាធិបតេយ្យ​ឬ​វិធាន​នៃ​ច្បាប់ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​គុណភាព​ជីវិត​របស់​យើង​»​។​
 
​លោកស្រី Marietje Schaake បន្តថា​៖
 
«​ខ្ញុំ​ជឿជាក់ថា តាមពិត​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយចំនួន​ក្នុងសង្គម និង​អ៊ីនធឺណិត​បើកចំហ​របស់​យើង​សព្វថ្ងៃនេះ មិនមែន​កើតចេញពី​ការដាក់​បទ​ប្បញ្ញត្តិ​លើ​បច្ចេកវិទ្យា​តឹងរ៉ឹង​ជ្រុល​នោះទេ តែ​គឺ​កើតចេញពី​ការដាក់​បទ​ប្បញ្ញត្តិ​តិចតួច​ពេក​»​។​
 
​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដោយ​ក្រុមហ៊ុន​ដូចជា Google Facebook Baidu និង Tecent បាន​ដើរ​ហួល​បទ​ប្បញ្ញត្តិ​យ៉ាង​ឆ្ងាយ ហើយ​លាតត្រដាង​នូវ​បញ្ហា​ប្រឈម​ដូចជា​ព័ត៌មាន​ក្លែងក្លាយ ការរំលោភបំពាន​លើ​ឯកជន​ភាព ការសម្រេចចិត្ត​ដោយ​លំអៀង​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI និង​គ្រោះថ្នាក់​ពី​ស្វ័យប្រវត្តិកម្ម​នៃ​អាវុធ​។​
 
​ក្របខ័ណ្ឌ​អភិបាលកិច្ច​ពិភពលោក​ដើម្បី​ធានា​ការអនុវត្ត​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI ដោយមាន​ក្រមសីលធម៌​គឺជា​ភាពចាំបាច់​មួយ​។​


លោក Eric Schmidt អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង​ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​ជាតិ​អាមេរិក​ទទួល​បន្ទុក​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI។ (ចាប ចិត្រា/VOA)
 
​លោក Eric Schmidt អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង​ជា​ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​ជាតិ​អាមេរិក​ទទួលបន្ទុក​ប​ច្ចេក​វិទ្យា​បញ្ញា​និម្មិត AI ជឿថា​៖
 
«​យើង​មក​ទីនេះ ជា​ចម្បង​ព្រោះ​យើង​ចង់ឱ្យមាន​ការជជែក​ដេញដោល​គ្នា​ដោយ​បើកចំហ​។ យើង​ចង់​ធ្វើឱ្យ​ប្រាកដថា​ប្រព័ន្ធ​បញ្ញា​និម្មិត AI ដែល​យើង​កំពុង​បង្កើត ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​គោល​សីលធម៌​របស់​យើង គឺ​គោល​សីលធម៌​របស់​មនុ​ស្ស‍​»​។​
 
​លោក Eric Schmidt ដែល​ធ្លាប់​ដឹកនាំ​ក្រុមហ៊ុន Google ជាង​១០​ឆ្មាំ ហើយ​ឥឡូវនេះ​កំពុង​ដឹកនាំ​គណៈកម្មាធិការ​អាមេរិក​ស្តីពី​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់ VOA ទាក់ទង​នឹង​ការ​ការអនុវត្តន៍​សីលធម៌​នៅ​ក្រុមហ៊ុន Google៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com