ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី​ មូរ សុខហួរ នឹងមិនត្រូវបញ្ជូនមកខ្មែរឡើយ
07, Nov 2019 , 11:34 am        
រូបភាព
ក្រោយត្រូវបាននគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ី ឃាត់ខ្លួន នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី មូរ​ សុខហួរ បានទទួលដំណឹងថា អាជ្ញាធរម៉ាឡេស៊ី នឹងមិនបញ្ជូនអ្នកស្រី មកកម្ពុជាឡើយ។

 

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយត្រូវឃាត់ខ្លួន លោក Jerald Joseph មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ី បាននិយាយជាមួយអ្នកស្រី មូរ សុខហួរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters សរសេរដូច្នេះថា៖«...អ្នកស្រី ត្រូវបានគេ ប្រាប់ថា អ្នកស្រី នឹងមិនត្រូវបានបញ្ជូនទៅកម្ពុជាឡើយ។ ភ្លាមៗនេះ គេ មិនទាន់ដឹងថា អាជ្ញាធរម៉ាឡេស៊ី នឹងបញ្ជូនអ្នកស្រី ទៅទីណានោះទេ»។ 
 
បច្ចុប្បន្ន អ្នកស្រី កំពុងត្រូវបានរក្សាទុកក្នុងបន្ទប់ជនអន្តោប្រវេសន៍ នៅព្រលានយន្តហោះម៉ាឡេស៊ី។

ជុំវិញការឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ នៅម៉ាឡេស៊ី សារព័ត៌មានថ្មីៗ ព្យាយាមសុំការឆ្លើយតបពីអ្នកនាំពាក្យនៃស្ថាប័ននានា ដូចជា ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែពួកគាត់ សុទ្ធតែមិនលើកទូរស័ព្ទ។

អ្នកស្រី មូរ សុខហួរ ដែលត្រូវបានចាត់តាំងជាប្រធានគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី និង ក្រុមប្រឆាំង បានហោះចេញពីឥណ្ឌូណេស៊ី នៅយប់ថ្ងៃទី៦ខែវិច្ឆិកា  ទៅកាន់ម៉ាឡេស៊ី។ ក្នុងអំឡុងអ្នកស្រី ស្ថិតនៅឥណ្ឌូណេស៊ី ស្ថាតទូតកម្ពុជានៅទីនោះ បានស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់អ្នកស្រី ប៉ុន្តែ អាជ្ញាធរឥណ្ឌូណេស៊ី  ពុំបានចាប់អ្នកស្រីឡើយ។ រហូតទៅដល់ម៉ាឡេស៊ី ទើបអ្នកស្រី ត្រូវឃាត់ខ្លួន៕

អត្ថបទទាក់ទង



Tag:
 មូរ សុខហួរ
© រក្សាសិទ្ធិដោយ thmeythmey.com