ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០២០ កម្ពុជា​នៅតែ​ខ្វះ​អគ្គិសនី​ប្រើប្រាស់ ខណៈ​រដ្ឋាភិបាល​កំពុង​ដំឡើង​ម៉ាស៊ីនភ្លើង​តម្លៃ​ជិត​៤០០​លាន​ដុល្លារ​
07, Nov 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នៅតែ​បន្ត​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​ដោះស្រាយ​កង្វះខាត​អគ្គិសនី​នេះ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឡើង​ម៉ាស៊ីនភ្លើង ចំនួន​២​គ្រឿង ដែល​បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ និង​ហ្វាំ​ង​ឡង់​។ ការដំឡើង​ម៉ាស៊ីនភ្លើង​ទាំង​២​គ្រឿង​នោះ គឺ​អស់​ជិត​៤០០​លាន​ដុល្លារ​។

 
​សម្តេច ហ៊ុន សែន បាន​សុំ​ការ​អភ័យទោស​ទុក​មុន​ពី​ពលរដ្ឋ និង​ពាណិជ្ជករ ចំពោះ​កង្វះ​អគ្គិសនី ដែល​អាច​កើតមាន​នាពេលខាងមុខ ព្រោះ​ការផលិត​ថាមពល​ដោយ​វា​រី​អគ្គិសនី អាច​នឹង​ជួប​បញ្ហា ដោយសារ​កម្រិត​ទឹក​កាន់តែ​ទាប​ទៅៗ​។ ការ​ថ្លែង​ដូច្នេះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧​វិច្ឆិកា ឆ្នាំ​២០១៩​។​
 
​សម្តេច មានប្រសាសន៍​ដូច្នេះ​៖«​វា​រី​អគ្គិសនី​គឺ​ត្រូវការ​ទឹក​។ រីឯ​សូ​ឡា (solar) គឺ​ត្រូវការ​ពន្លឺព្រះអាទិត្យ​។ ជាក់ស្តែង​របាយការណ៍ នៃ​ការផលិត​អគ្គិសនី ពី​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​៦ វិច្ឆិកា ការផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​កម្លាំង​ទឹក​ដែលមាន​កម្លាំង ១,៣២៨​មេ​ហ្គា​វ៉ា​ត់ បាន​ធ្លាក់​ចុះមក​ត្រឹម ១៨៤-១៨៧ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ​។ ការធ្លាក់ចុះ​នេះ គឺ​មិនទាន់​ដល់​រដូវប្រាំង​ផង​។ ដូច្នេះ​យើង​អាច​នឹង​ប្រឈម​បញ្ហា​ក្នុង​ការផលិត​អគ្គិសនី​»​។​
 
​ដើម្បី​ឆ្លើយតប​នឹង​កង្វះ​ថា​ម​អគ្គិសនី​ប្រើប្រាស់​នាពេលខាងមុខ​នេះ កម្ពុជា​បាន​បញ្ជា​ទិញ​ថាមពល​អគ្គិសនី​ប្រមាណ ២០០ មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេស​ឡាវ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នឹង​ព​ន្លឿ​ន​ការដំឡើង​ម៉ាស៊ីន​ផលិត​ថាមពល​អគ្គិសនី​ទាំង​២​គ្រឿង ដែល​បាន​ទិញ​ពី​អាល្លឺម៉ង់ និង​ហ្វា​ង​ឡង់​។ សម្តេច ហ៊ុន សែន សង្ឃឹមថា​ការរៀបចំ​ដំឡើង​ម៉ាស៊ីនភ្លើង​ទាំង​២​គ្រឿង ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល​នោះ នឹង​រួចរាល់ ក្នុង​ខែមេសា ឬ​ឧសភា ឆ្នាំ​២០២០​។ ប្រមុខ​រដ្ឋាភិបាល ឲ្យ​ដឹង​ទៀតថា ម៉ាស៊ីនភ្លើង​ទាំង​២​នោះ អាច​ផលិត​កម្លាំង​អគ្គិសនី​បាន ៤០០ មេ​ហ្គា​វ៉ា​ត់ ក្នុង​មួយថ្ងៃ ដើម្បី​ដោះស្រាយ​កង្វះ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ​។ 
 
 
​សូមជម្រាបថា កាលពី​ខែកញ្ញា​ឆ្នាំ​២០១៩ រដ្ឋាភិបាល អនុម័ត​ទិញ​អគ្គិសនី​ចំនួន ២,៤០០ មេ​ហ្គា​វ៉ា​ត់​ពី​ឡាវ ក្នុង​រយៈពេល​៣០​ឆ្នាំ លើ​ទំហំ​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ​៕

Tag:
 អគ្គិសនី​
  ម៉ាស៊ីនភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com