អន្តរជាតិ
អាមេរិក ត្រូវការ​កិច្ចសហការ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ប្រកួតប្រជែង​បច្ចេកវិទ្យា​AI ជាមួយ​ចិន
07, Nov 2019 , 7:39 pm        
រូបភាព
លោកប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ, រូបភាព៖ AFP
លោកប្រមុខការពារជាតិអាមេរិក ម៉ាក អេស្ពើ, រូបភាព៖ AFP
​យោធា​អាមេរិក ត្រូវការ​ជំនួយ​ពី​ក្រុមហ៊ុន​ឯកជន និង​សកល​វិទ្យាល័យ​នៅក្នុង​ប្រទេស ដើម្បី​យកឈ្នះ​លើ​ការប្រកួតប្រជែង​បញ្ញា​សិប្ប​និ​មិ្ម​ត ឬ​បច្ចេកវិទ្យា AI ជាមួយ​ចិន​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អេ​ស្ពើ នៅ​យប់ ថ្ងៃទី​៥ ខែវិច្ឆិកា​។​


 
​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកនយោបាយ មន្ត្រី​សាធារណៈ និង​សាស្ត្រាចារ្យ នាទី​ក្រុង​វ៉ាស៊ីនតោន លោក​ប្រមុខ​ការពារជាតិ​អាមេរិក បាន​ព្រមាន​ថា អាមេរិក មិនអាច​អនុញ្ញាត​ឲ្យ​ចិន​គ្រប់គ្រង​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ឬ​បច្ចេកវិទ្យា​AI បានទេ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​នៅលើ​សមរភូមិ​។​
 
​ដើម្បី​ក្លាយជា​ប្រទេស ដែលមាន​ជំនាញ​ខាង​AI អាមេរិក​ត្រូវតែមាន​ចក្ខុវិស័យ ម​ហិ​ច្ច​តា និង​ការប្តេជ្ញា​ខ្ពស់ ជាពិសេស​គឺ​កិច្ចសហការ​របស់​ដៃគូ​ឯកជន​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​រក្សា​ឧត្តមភាព​យុទ្ធសាស្ត្រ​របស់ខ្លួន​។ នេះ​បើតាម​ប្រសាសន៍​របស់លោក អេ​ស្ពើ ដែល​បានស្នើ​ឲ្យ​សហគ្រាស សកល​វិទ្យាល័យ​ទាំងអស់​គាំទ្រ​រដ្ឋាភិបាល​អាមេរិក ដូច​សម័យ​សង្គ្រាមលោក​លើក​ទី​២ និង សម័យ​ប្រកួតប្រជែង​ក្នុង​អាវ​កាស​ជាមួយ​អតីត​សហភាពសូវៀត​។ 
 
​ក្នុងន័យ​ឌឺដង និង​ចង្អុលបង្ហាញ​គ្រោះថ្នាក់​ពី​បញ្ញា​សិប្បនិម្មិត​របស់​ចិន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បន្ត​លើកឡើងថា ទីក្រុង​ប៉េកាំង​បាន​នាំចេញ​យន្តហោះ​យោធា​ដ្រូ​ន​ជាច្រើន​ទៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ឃ្លាំមើល​សកម្មភាព​នៅក្នុង​តំបន់​នោះ​។ អាមេរិក អះអាងថា ខ្លួន​មិន​យកទៅ​ប្រើ​ដូច​ចិន​នោះទេ​។ ទីក្រុង​វ៉ាស៊ីនតោន នឹង​ប្រើ​បច្ចេកវិទ្យា​AI ដើម្បី​ការពារ​ជំនឿ​ជា​មូលដ្ឋាន និង​ការគោរព​សិទ្ធមនុស្ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​សូមបញ្ជាក់ថា ចិន បានប្រកាស​ដាក់​គោលដៅ​របស់ខ្លួន ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក​ខាង​វិស័យ​បញ្ញា​សិប្ប​និ​មិ្ម​ត​នៅក្នុង​ឆ្នាំ​២០៣០ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ក្នុង​គោលដៅ​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែខ្លាំង ទីក្រុង​ប៉េកាំង​បានដាក់​លុយ​ជាច្រើន​ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​ការវិនិយោគ និង​ការស្រាវជ្រាវ​។ 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com