ចិន​បើក​យុទ្ធនាការ​«​រស់នៅ​បែប​បៃតង​»​ថ្នាក់ជាតិ ដើម្បី​កាត់បន្ថយ​កាកសំណល់​
អន្តរជាតិ
ចិន​បើក​យុទ្ធនាការ​«​រស់នៅ​បែប​បៃតង​»​ថ្នាក់ជាតិ ដើម្បី​កាត់បន្ថយ​កាកសំណល់​
07, Nov 2019 , 8:39 pm        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ ៦ វិច្ឆិកា បានដាក់​ដំណើរការ​យុទ្ធនាការ​ថ្នាក់ជាតិ​មួយ ឈ្មោះថា «​រស់នៅ​បែប​បៃតង​» ក្នុង​គោលដៅ​ទទូច​ឲ្យ​ពលរដ្ឋ​ចិន​ជួយ​កាត់បន្ថយ​កាកសំណល់​, សន្សំសំចៃ​ទឹក និង​ដាំ​ដើមឈើ​។ យុទ្ធនាការ​នេះ គឺជា​ផ្នែក​នៃ​កិច្ចប្រឹងប្រែង​ដ៏​ធំ​ទូលាយ​មួយ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន ដែល​កើតឡើង​ដោយសារ​កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។

 
​ជំនួស​ឲ្យ​ការបង្ក្រាប​លើ​ក្រុមហ៊ុន​វិនិយោគ​នានា​ក្នុងប្រទេស​ចិន​ដូច​ពេល​អតីតកាល រដ្ឋាភិបាល​ចិន ប្រើប្រាស់​វិធីសាស្ត្រ​ប្រពៃណី​របស់​បក្ស​កុម្មុយនីស្ត​ដោយ​ព្យាយាម​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​បុគ្គល​នីមួយៗ​ក្នុងសង្គម​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ត្រឹម​ឆ្នាំ​២០២២ គ្រួសារ​ចិន​ច្រើនជាង​៦០​ភាគរយ រំពឹងថា​នឹងចូលរួម​ក្នុង​សកម្មភាព «​រស់នៅ​បែប​បៃតង​» ដូចជា ការដាំ​ដើមឈើ​, ការពារ​សត្វព្រៃ និង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​។ 
 
​សម្រាប់​អគារ​រដ្ឋាភិបាល​ចិន​នានា នឹងត្រូវ​ប្រើប្រាស់​មធ្យោបាយ​កែច្នៃ​សំរាម​ឡើងវិញ ដោយមាន​ប្រសិទ្ធភាព​, បញ្ជា​ទិញ​យានជំនិះ​ថ្មី​ដែល​ល្អ​សម្រាប់​បរិស្ថាន និង​បង្កើត​ការិយាល័យ​ដោយ​គ្មាន​ប្រើប្រាស់​ក្រដាស​ជាដើម​។ ចំណែក សាលារៀន​វិញ នឹង​តម្រូវ​ឲ្យ​បង្កើត​ទីធ្លា​បៃតង ដែល​សម្បូរ​ទៅដោយ​សួនច្បារ​។  
 
​ក្នុង​យុទ្ធនាការ «​រស់នៅ​បែប​បៃតង​» នេះដែរ ប្រជាជន​ដែល​រស់នៅ​ទីប្រជុំជន នឹងត្រូវ​បង្កើត​បរិស្ថាន​ល្អប្រសើរ​សម្រាប់​ការរស់នៅ ព្រមទាំង​បង្កើន​បរិវេណ​បៃតង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ខណៈ​ហាង​ទំនើប នឹងត្រូវ​លើកទឹកចិត្ត​ឲ្យ​កាត់បន្ថយ​សំណល់ និង​ជំរុញ​ការប្រើប្រាស់​បែប​បៃតង​។ 
 
​សូមបញ្ជាក់ថា ចិន គឺជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំជាងគេ​បំផុត​របស់​ពិភពលោក ហើយ​រង​ការស្តីបន្ទោស​សម្រាប់​ការកើនឡើង​ក​ម្ពៅ​ផែនដី​។ ទោះជា​បែបនេះ​ក្តី នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុង​ប៉េកាំង កំពុង​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បំពុល និង​ធ្វើ​ទំនើបកម្ម​លើ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ធុន​ធ្ងន់ខ្លួន ក្នុង​គោលដៅ​កាត់បន្ថយ​ផ្សែង​ពុល​និង​សម្អាត​បរិស្ថាន​។ ទន្ទឹមនឹង​ការដាក់​ដំណើរការ​យុទ្ធនាការ​ជាច្រើន​ប្រឆាំង​អ្នក​បំពុល ចិន​ក៏​កំពុង​កសាង​រោងចក្រ​កែច្នៃ​សំរាម​ជាង​១០០ ដែល​គ្រោង​នឹង​បញ្ចប់​រួចរាល់​នា​ចុងឆ្នាំ​២០២០​ខាងមុខ​៕ 
 

Tag:
 ចិន​
  បៃតង
© រក្សាសិទ្ធិដោយ thmeythmey.com