កីឡាករ ចាន់ រតនា ជាអ្នកលេងយុទ្ធគុនខម និងគុនខ្មែរ ប៉ុន្តែអាចប្រកួតក្បាច់គុនចម្រុះ តំណាងឲ្យកម្ពុជានៅសង្វៀនលំដាប់ពិភពលោក ONE Championship បានយ៉ាងល្អ។ ទោះបីមិនទាន់ឈានដល់កម្រិតអាជីព តែកីឡាករវ័យ៣៣រូបនេះ មានក្បួនហ្វឹកហាត់ត្រឹមត្រូវ និងមានរបបអាហារទៀងទាត់។ រតនា អះអាងថា មានកីឡាករកម្ពុជាតិចតួចណាស់ ដែលបានអនុវត្ត។
ចាន់ រតនា បានបង្ហើបថា៖«បើនៅស្រុកគេ ខ្ញុំឃើញគេមានលក្ខណៈអាជីពច្រើនជាងយើង ទាំងការហ្វឹកហាត់ និងឡើងប្រកួត ប៉ុន្តែសម្រាប់ខ្ញុំ វាមិនទាន់អាជីពពេញលេញ ហើយខ្ញុំក៏មិនហ៊ានថា ខ្លួនឯងដែរ។ តែខ្ញុំបានខំហ្វឹកហាត់ជាប្រចាំ មានការតមអាហារត្រឹមត្រូវ ពេលត្រៀមប្រកួត ហើយខ្ញុំមានគ្រូគ្រប់ផ្នែកពាក់ព័ន្ធជួយខ្ញុំ និងហាត់ទៅតាមម៉ោង ដែលបានរៀបចំប្រចាំថ្ងៃ។ ខ្ញុំមានគ្រូ ដើម្បីប្រឹក្សាច្រើនខុសប្លែកពីគេខ្លះ»។
ការព្យាយាមហ្វឹកហាត់ និងហាត់តាមក្បួនខ្នាតត្រឹមត្រូវបានផ្លាស់ប្តូរ ចាន់ រតនា ពីកីឡាករមានសាច់ដុំមិនសូវហាប់ ទៅជាសាច់ដុំកង់ៗ និងមានរាងហំហាន។ រតនា ជាកីឡាករខ្មែរម្នាក់គត់ ដែលបានសាងប្រវត្តិសាស្ត្រនៅលើ ONE Championship តាមរយៈជ័យជម្នះ៣ប្រកួតជាប់គ្នា។
ជាមួយការហ្វឹកហាត់តាមក្បួនខ្នាត កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន រូបនេះ មានទីប្រឹក្សា និងគ្រូបង្វឹកស្ទើរគ្រប់ផ្នែកចំនួន៦រូប ដែលជាហេតុធ្វើឲ្យរូបគេ តែងតែទទួលបានលទ្ធផលល្អ។ ក្នុងនោះគ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់បច្ចេកទេស និងគ្រប់គ្រងកម្លាំង និងរបបអាហារ, គ្រូ ខូវ វិវឌ្ឍនា បង្ហាត់ជឺជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និងគ្រូបង្វឹក Jeppe បង្ហាត់ផ្នែកចលនាសរសៃ និងម៉ាស្សា។
កីឡាករជាប់កិច្ចសន្យានៅសង្វៀន ONE រូបនេះបន្តថា គ្រូបង្វឹកទាំងអស់ មិនមែនយកកម្រៃប្រចាំថ្ងៃ ឬ ប្រចាំខែពីខ្លួននោះទេ តែវាជាការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែមួយរយៈចុងក្រោយ រតនាផ្ទាល់ និងគ្រូបង្វឹកទាំងអស់ បានជជែកគ្នាដោយយល់ព្រមកាត់ភាគរយខ្លះ ពីប្រាក់ឈ្នួលឡើងប្រកួតម្ដងៗ ជូនគ្រូបង្វឹកទាំងអស់ សម្រាប់ប្រើប្រាស់ ឬការធ្វើដំណើរទៅមើលការប្រកួតជាដើម។
គ្រូបង្វឹក Lorenzo Lanzafame បានលើកឡើងថា រតនា ជាកីឡាករដែលយកចិត្តទុកដាក់ ទាំងលើការហ្វឹកហាត់ និងប្រកួត។ ជាពិសេស មានភាពអំណត់ តស៊ូ ព្យាយាម ដើម្បីឈានសម្រេចគោលដៅទៀតផង។ លោកបញ្ជាក់ថា រតនា កីឡាករគុនចម្រុះកម្រិតខ្ពស់បំផុតរបស់កម្ពុជា តែរូបគេត្រូវអភិវឌ្ឍបន្ថែមទៀត ដើម្បីឈានទៅប្រកួតដណ្ដើមខ្សែក្រវាត់ នាពេលអនាគត។
ក្រៅពីហ្វឹកហាត់ខ្លួនឯងដើម្បីត្រៀមប្រកួត រតនា បានឆ្លៀតពេលបង្ហាត់សិស្ស ដែលហាត់ដើម្បីសុខភាព និងសិស្សដែលចង់ឡើងប្រកួតអាជីពទៀតផង។ ស្ថិតក្នុងវ័យ៣៣ឆ្នាំ រតនា ឡើងប្រកួតលើសង្វៀនគុនចម្រុះ បានចំនួន១០លើក ដោយឈ្នះ៧លើក និងចាញ់៣លើក។ កំណត់ត្រាល្អបំផុត គឺឈ្នះ៣លើកចុងក្រោយ នៅសង្វៀនពិភពលោក ONE តាមរយៈវាយកីឡាករឥណ្ឌូណេស៊ី២នាក់ Abrou Fernandes និង Rudy Agustian ឲ្យចុះចាញ់ និងបន្តឈ្នះពិន្ទុជើងខ្លាំងធ្លាប់ប្រកួតនៅអូឡាំពិករបស់ក្រិក Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ២០១៩ កន្លងទៅ៕