ដោយ៖ ស៊ីធី
Yodsanklai Fairtex ជាវីរបុរសកីឡាករប្រដាល់របស់ថៃ និង ជាម្ចាស់ជើងឯក Muay Thai World Champion ជាច្រើនសម័យកាល។ ជើងខ្លាំងមកពីខេត្ត Nong Bua Lamphu រូបនេះ បានបង្ហាញឲ្យអ្នកគាំទ្របានឃើញអំពីកណ្ដាប់ដៃរហ័ស និងផ្ដួលគូប្រកួតជាច្រើនតាមរយៈកម្លាំងជើងឆ្វេងមហាសាលរបស់គេ។
Yodsanklai ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា «Boxing Computer» ហើយគេក្លាយជាកីឡាករលេចធ្លោម្នាក់ក្នុងចំណោមជើងខ្លាំងរបស់ថៃ បន្ទាប់ពីប្រឡូកលើសង្វៀនក្បាច់គុនមួយថៃប្រមាណ ១៦ ឆ្នាំមកនេះ។ គេតែងតែបង្កើតឲ្យដៃគូភ័យខ្លាច ពេលឡើងសង្វៀនម្ដងៗ។ អ្នកគាំទ្រថៃភាគជាច្រើនបានខូចចិត្តព្រោះតែវីរបុរសរូបនេះ ប្រកាសចូលនិវត្តន៍នៅឆ្នាំ ២០១៧ ប៉ុន្តែពេលនេះរូបគេក្លាយជាកីឡាករជាប់កិច្ចសន្យាប្រកួតនៅសង្វៀនកម្រិតពិភពលោក ONE Championship។
ខាងក្រោមនេះគឺ ៥ ចំណុច ដែល កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅតែគ្រោះថ្នាក់បំផុតក្នុងលោក។
1) Yodsanklai មានកម្លាំងជើងបញ្ចប់គូប្រកួតល្អក្នុងលោក
Yodsanklai មានកម្លាំងជើងមហាសាល និង ការទាត់ចេញច្បាស់ៗ។ ក្នុងនោះទោះប្រើជើង ឬ ដៃ អតីតម្ចាស់ខ្សែក្រវាត់២សម័យកាលនៅសង្វៀន Lumpinee World Champion អាចបញ្ចប់ដៃគូត្រឹមមួយប៉ប្រិចភ្នែក។ កម្លាំងជើងទាត់ដងខ្លួនបានធ្វើឲ្យរូបគេល្បីឈ្មោះនិង ក្លាយជាកីឡាករទាត់ខ្លាំងម្នាក់នៅក្នុងលោក។ គេមានអាវុធដ៏គ្រោះថ្នាក់ ហើយមិនត្រូវបានគេសង្ស័យឡើយដែលគូបដិបក្ខឡើងសង្វៀងប៉ះរូបគេ ដឹងតែយ៉ាប់យ៉ឺន។ ជាមួយគ្នានោះ ការទាត់ចេញ និង ការវ៉ៃចេញសុទ្ធតែលឿន ហើយរហ័សដូចគ្នា។ John Wayne Parr ជើងឯក Muay Thai World Champion ច្រើនសម័យកាលបានថ្លែងអំពី ការប្រកួតដ៏គ្រោះថ្នាក់ជាមួយ Yodsanklai ដែរ។ John Wayne Parr ប្រាប់ថា ៖«កម្លាំងជើងរបស់ Yodsanklai ធ្វើឲ្យអ្នកលំបាកគ្រប់ពេល។ ស្រដៀងគ្នានេះ ខ្ញុំធ្លាប់ប្រកួតជាមួយ Buakaw ដែលទាត់លឿន ប៉ុន្តែដូចមិនខ្លាំងប៉ុន្មានទេ»។
2) Yodsanklai ជា «Boxing Computer»
ពេលកីឡាករម្នាក់មានកម្លាំងគ្របសង្កត់ តែពេលខ្លះគេអត់មានជំនាញនិងបច្ចេកទេសទេ។ ប៉ុន្តែ Yodsanklai គឺផ្ទុយពីគ្នា។ គេជាកីឡាករដែលមានបច្ចេកទេសច្បាស់លាស់ និង ជំនាញទៀតផងហើយត្រូវបានគេដាក់ឈ្មោះថា “Boxing Computer” គួរឲ្យគោរព។ ការប្រកួតរបស់គេមានគុណខ្ពស់ និង មានប្រសិទ្ធភាពតាមរយៈការបង្ហាញនៅលើសង្វៀននានា ហើយរូបគេបានផ្លាស់ប្ដូរពី Muay Thai ទៅប្រកួត kickboxing បានល្អឥតខ្ចោះ។ Yodsanklai ជាកីឡាករមានបច្ចេកទេសដ៏អស្ចារ្យ ដើម្បីស្ទាបស្ទង់ដៃគូ។ Yodsanklai អាចមើលចន្លោះប្រហោង និង បញ្ចប់ដៃគូភ្លាមៗ មុនពេលគូប្រជែងប៉ុនប៉ងផ្ដួលរូបគេ។
3) Yodsanklai ជាជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ខុសគ្នា World Champion
ក្នុងការប្រកួត ២៧៧ ដងក្នុងនោះ ឈ្នះ ២០១ដង Yodsanklai បានក្លាយជាជើងឯក Lumpinee World Champion ក្នុងពីរប្រភេទទម្ងន់ខុសគ្នា ក៏ដូចជាខ្សែក្រវាត់ WBC World Champion ដែលមិនមែនកីឡាករភាគច្រើនធ្វើបាននោះទេ។ ជាមួយគ្នានោះ Yodsanklai ជាម្ចាស់ខ្សែក្រវាត់ The Contender Asia Champion មិនធ្លាប់មានពីមុនមក និង ឈ្នះខ្សែក្រវាត់ជាច្រើនពីស្ថាប័នផ្សេងទៀត។ Yodsanklai ល្បីឈ្មោះរន្ទឺដោយសារតែក្បាច់មួយថៃជុំវិញពិភពលោក។
4) Yodsanklaiមិនចាញ់សូម្បីមួយប្រកួតក្នុងរយៈពេលជាង ៧ ឆ្នាំ
Yodsanklai មិនដែលចាញ់តាំងពីរូបគេបរាជ័យក្រោមថ្វីដៃកីឡាករអ៊ុយក្រែន Artur Kyshenko នៅសង្វៀន Rumble of the Kings នាក្រុង Stockholm ប្រទេសស៊ុយអែតកាលខែវិច្ឆិកា ឆ្នាំ ២០១១។ តាំងពីពេលនោះមក ជើងខ្លាំងរូបនេះ ឈ្នះដល់ ២៩ លើកជាប់គ្នាក្នុងគ្រប់ការប្រកួតទាំងអស់ មុនពេលចាញ់ Samy Sana កាលខែ ឧសភានៅសង្វៀន ONE Championship។ យ៉ាងណាក្ដី រូបគេបន្តអភិវឌ្ឍខ្លួនបានយ៉ាងល្អនិងបន្តបន្ទាប់ទៀត។ វាជាកំណត់ត្រាដ៏អស្ចារ្យបំផុតមួយដែលឈ្នះ ២៩ ដងជាប់គ្នា។
5) Yodsanklai ជាវីរបុរសរបស់ថៃ
ម្ចាស់ជើងឯកពិភពលោក World Champions បានហ្វឹកហាត់និងធ្វើការងារខ្លាំងក្លាដើម្បីដល់គោលដៅរបស់គេ។ គេជាកីឡាករម្នាក់ដែលស្រេចឃ្លាននឹងជ័យជម្នះ ហើយ Yodsanklai ជាកីឡាករអាជីពម្នាក់ដែលតែងតែធ្វើឲ្យដៃគូខ្លាចរអា។ អ្នកគាំទ្ររបស់ Yodsanklai តែងតែចូលរួមទស្សនាពេលរូបគេហ្វឹកហាត់ និងទស្សនាក្បាច់គុនដ៏អស្ចារ្យរបស់វីរបុរសរូបនេះ។ ឈ្មោះរបស់ Yodsanklai បានឮពីមាត់មួយទៅមាត់មួយ និង ទទួលការសរសើរលើសលប់ពីសំណាក់អ្នកគាំទ្រ។ Yodsanklai នៅតែខិតខំបន្តទៀតដើម្បីឲ្យខ្លួនឈានដល់ចំណុចល្អប្រសើរទៅមុខទៀត។ Yodsanklai ជាវីរបុរសក្បាច់គុន «មួយថៃ» ដ៏អស្ចារ្យម្នាក់ពេលឡើងប្រកួតនៅសង្វៀន។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធី ONE: MASTERS OF FATE នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕