អន្តរជាតិ
និស្សិត​សកល​វិទ្យាល័យ​ហុងកុង ធ្វើបាតុកម្ម​ចំ​ថ្ងៃ​ចែក​សញ្ញាបត្រ​ឧ​ត្ត​មសិ​ក្សា​
07, Nov 2019 , 10:19 pm        
រូបភាព
ក្រុមនិស្សិតហុងកុងធ្វើបាតុកម្ម... រូបភាព៖Reuters
ក្រុមនិស្សិតហុងកុងធ្វើបាតុកម្ម... រូបភាព៖Reuters
​និស្សិត​ហុងកុង​ជាច្រើន​នាក់ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា បាន​ស្រែក​បន្លឺ​ពាក្យស្លោក​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នា​សកល​វិទ្យាល័យ​ហុងកុង ជាមួយនឹង​ដៃ​កាន់​បដា «​ដោះលែង​ហុងកុង​, បដិវត្ត​ឥឡូវនេះ​» ក្នុង​គោលបំណង​ឲ្យ​ទីក្រុង​ប៉េកាំង ប្រគល់​សិទ្ធិសេរីភាព​ច្រើនជាង​មុន​។


 
​ក្នុង​សំលៀកបំពាក់​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ពាក់​ម៉ាស​នៅលើ​មុខ និស្សិត​សកល​វិទ្យាល័យ​ប្រមាណ​ជា​១០០០​នាក់ បាន​ស្រែក​បន្លឺ​ពាក្យស្លោក​ឡើង ទាំង​ក្នុង​ដៃ​កាន់​បដា​«​ដោះលែង​ហុងកុង​, បដិវត្ត​ឥឡូវនេះ​» ខណៈពេល​ពួកគេ​ដើរចូល​ទៅក្នុង​សាល​ប្រារព្ធ​ពិធី​ចែក​សញ្ញាបត្រ នៅ​ជិត​ទីក្រុង​New Territories តំបន់​Sha Tin​។ សកម្មភាព​របស់​ក្រុមនិស្សិត​បែបនេះ គឺ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តំបន់​ស្វយ័ត ធ្វើតាម​សំណើ​របស់​ក្រុមបាតុករ​ដោយ​រួមបញ្ចូល​ការរៀបចំ​ការបោះឆ្នោត​ជា​សកល​ផងដែរ​។ 
 
​ជា​និស្សិត​វិស្វករ​ព័ត៌មានវិទ្យា វ័យ​២២​ឆ្នាំ លោក Kelvin បាន​លើកឡើងថា​៖ «​បើទោះបីជា​យើង​អស់កម្លាំង​ក៏ដោយ យើង​មិនគួរ​បោះបង់​ត្រឹមនេះ​ទេ​»​។ ចំណែក​កម្មវិធី​ចែក​ស​ញ្ញាប​ត្រ​វិញ សកលវិទ្យា​ល័យ នឹង​ផ្អាក​បណ្តោះអាសន្ន​សិន បន្ទាប់ពី​សញ្ញាបត្រ​ត្រូវ​ចែក​រួចដោយសារ​កម្មវិធី​ពិសេស​មួយ​នេះ ត្រូវបាន​មនុស្ស​ជាច្រើន មក​រំខាន​។ ជាក់ស្តែង​មាន​និស្សិត​មួយចំនួន បាន​គូររូប​នៅលើ​ជញ្ជាំង​សាលា និង​រំខាន​ពិធី​ចែក​សញ្ញាបត្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទិន​ទៅនឹង​ទឹកដី​ហុងកុង​នេះ អង់គ្លេស​បានប្រគល់​ម​ក​ឲ្យ​ចិន​វិញ នៅក្នុង​ឆ្នាំ​១៩៩៧ ដោយ​ត្រូវយក​ការដឹកនាំ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» មក​អនុវត្ត​។ បានសេចក្តីថា រាល់​ប្រព័ន្ធ​រដ្ឋបាល ការដឹកនាំ​ទាំងអស់​ក្នុង​ហុងកុង​ត្រូវ​រក្សា​ដដែល នៅពេល​ដែន​កោះ​មួយ​នេះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​។​
 
​ផ្អែក​ទៅតាម​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»  ចិន បានផ្តល់​សំណើ​ដល់​កោះ​តៃវ៉ាន់ ទទួលយក​ប្រព័ន្ធ​មួយ​នេះ ប៉ុន្តែ​ត្រូវ​តៃវ៉ាន់​បដិសេធ​។ ជាក់ស្តែង លោក Joseph Wu រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់ បាន​លើកឡើងថា រដ្ឋាភិបាល​របស់លោក មិន​ចង់ឃើញ​អនាគត​ប្រជាជន​របស់ខ្លួន​មាន​វាសនា​ដូច​ទៅនឹង​ប្រជាជន​របស់​ហុងកុង​ឡើយ​។ ដោយ​មិនបាន​បញ្ជាក់​ឲ្យ​បានច្បាស់លាស់ លោក Wu បាន​បន្តថា កោះ​តៃវ៉ាន់​សន្យាថា នឹង​ជួយ​ប្រជាជន​ហុងកុង​ឲ្យ​ទទួលបាន​សេរីភាព និង​ប្រជាធិបតេយ្យ ហើយ​ប្រសិនបើ​អាច​តៃវ៉ាន់ នឹង​ផ្តល់ជំនួយ​ទៅ​ពួកគេ​ទៀត​។​
 
​សូមបញ្ជាក់ថា បាតុកម្ម​នៅ​ទឹកដី​ហុងកុង​ប៉ុន្មាន​ខែ​កន្លងមក បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែនដី​មួយ​នេះ បាន​ដាំ​ក្បាល​ចុះ​ជា​លើកដំបូង ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ ជាពិសេស​ការលក់ដូរ និង​វិស័យ​ទេសចរណ៍ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​។​

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com