ជាតិ
លោក សម រង្ស៊ី ពិចារណារកផ្លូវចូលកម្ពុជា ក្រោយពីអាកាសចរណ៍ថៃបដិសេធមិនឱ្យឡើងយន្តហោះ
× ភ្លាមៗក្រោយពីក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) បានបដិសេធមិនឱ្យលោក សម រង្ស៊ី ឡើងយន្តហោះពីទីក្រុងប៉ារីសប្រទេសបារាំងឆ្ពោះមកទីក្រុងបាងកកប្រទេសថៃ លោក សម រង្ស៊ី ក៏បានចេញផ្សាយឃ្លីបវីដេអូប្រកាសពីអំពីហេតុការណ៍នេះភ្លាមដែរ ដើម្បីជូនដំណឹងទៅអ្នកគាំទ្ររបស់ខ្លួន។
នៅក្នុងឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី បានប្រកាសថា លោក និងមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដទៃទៀតនឹងជួបគ្នាពិភាក្សាដើម្បីស្វែងរកមធ្យោបាយចូលក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះ៖«ថ្នាក់ដឹកនាំសង្គ្រោះជាតិកំពុងតែជួបជុំគ្នាជាមួយអ្នកដែលមិនទាន់ទៅដល់កម្ពុជា ដើម្បីពិគ្រោះទិញសំបុត្រយន្តហោះថ្មី នៅក្រុមហ៊ុនអាកាសចរណ៍ថ្មី ទៅប្រទេសមួយទៀតជិតខាងកម្ពុជា ដើម្បីរៀបចំដំណើរនិវត្តឱ្យទាល់តែបាន»។
សាររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិដែលរដ្ឋាភិបាលកម្ពុជាកំពុងតាមចាប់ខ្លួននោះ គឺអំពាវនាវដល់អ្នកគាំទ្រមិនឱ្យបាក់ទឹកចិត្ត ហើយថាដំណើរនិវត្តរបស់លោកមកកម្ពុជា គ្រាន់តែយឺតយ៉ាវជាងការគ្រោងទុក។
គេនៅមិនទាន់ដឹងនៅឡើយទេថា តើលោក សម រង្ស៊ី និងមេដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិនឹងអាចចូលមកកម្ពុជាបានយ៉ាងដូចម្តេច? យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី ក្រៅតែពីលោកស្រី មូរ សុខហួរ ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី គឺមានសមាសភាពថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀតអាចហោះហើរមកកាន់ប្រទេសកាតា ជាដើម។
លោក សម រង្ស៊ី គ្រោងឡើងយន្តហោះតាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ថៃចេញពីទីក្រុងប៉ារីសនៅថ្ងៃទី៧ខែវិច្ឆិកានេះ ឆ្ពោះមកទីក្រុងបាងកក។ ប៉ុន្តែលោក សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com