ម៉ាឡេស៊ី​នឹង​ចាប់យក​កម្ពុជា ធ្វើជា​ដៃគូ​លើ​វិស័យ​ទេសចរណ៍​-​សុខភាព នៅ​ឆ្នាំ​២០២០
ជាតិ
សុខភាព
ម៉ាឡេស៊ី​នឹង​ចាប់យក​កម្ពុជា ធ្វើជា​ដៃគូ​លើ​វិស័យ​ទេសចរណ៍​-​សុខភាព នៅ​ឆ្នាំ​២០២០
08, Nov 2019 , 9:48 am        
រូបភាព
បន្ទប់ព្យាបាលអ្នកជំងឺរបស់មន្ទីរពេទ្យ Prince Court Medical Center SDN BHD ប្រទេសម៉ាឡេស៊ី
បន្ទប់ព្យាបាលអ្នកជំងឺរបស់មន្ទីរពេទ្យ Prince Court Medical Center SDN BHD ប្រទេសម៉ាឡេស៊ី
​កូ​ឡា​ឡាំ​ពួរ​៖ ដើមខែ​មករា​ឆ្នាំ​២០២០ ក្រុមប្រឹក្សា​សុខភាព​ទេសចរណ៍​ម៉ាឡេស៊ី​(MHTC)  នឹង​ចុះ​អនុស្សរណៈ​យោគយល់​(MOU)​ជាមួយ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​-​សុខភាព​(Medical Tourism) ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​កម្ពុជា ក្នុងការ​សម្រាក​ព្យាបាល​ជំងឺ​ផ្សេងៗ​នៅ​ម៉ាឡេស៊ី ដែលមាន​គុណភាព​ថ្នាក់​ពិភពលោក​។ នេះ​បើតាម​អ្នកស្រី Yazmin Azman ប្រធាន​ផ្នែក​ទីផ្សារ នៃ​MHTC​។

 
​ឆ្លៀត​នៅក្នុង​ពិធី​បើក​ការផ្សព្វផ្សាយ​ទេសចរណ៍​សុខាភិបាល​ម៉ាឡេស៊ី​ប្រចាំឆ្នាំ​២០២០ (MALAYSIA YEAR OF HELTHCARE TRAVEL 2020) នៅ​សណ្ឋាគារ​MAJESTIC ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៣១​តុលា ឆ្នាំ​២០១៩ អ្នកស្រី Yazmin Azman បាន​និយាយថា ការចុះ​MOU​រវាង MHTC​និង​កម្ពុជា នាពេល​មុខ​នេះ គឺ​ដើម្បី​ផ្ដល់​កញ្ចប់​សេវាកម្ម​សុខភាព​ដែលមាន​ភាពល្អប្រសើរ និង​ងាយស្រួល​ដល់​អ្នកជំងឺ ទាំង​ការធ្វើដំណើរ ការ​ស្នាក់នៅ និង​ការបរិភោគ​ជាដើម​។ អ្នកស្រី​បាន​អះអាងថា ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​នីមួយៗ​ក្នុងប្រទេស​ម៉ាឡេស៊ី គឺ​ប្រកបដោយ​គុណភាព​ខ្ពស់ បែប​ស្តង់ដារ​អន្តរជាតិ  ជាមួយនឹង​តម្លៃ​នៃ​ការព្យាបាល​ក្នុង​ទំហំ​ទឹកប្រាក់​ទាប​ជិត​ពាក់កណ្តាល បើ​ធៀប​នឹង​ការព្យាបាល​ឬ​ពិ​និត្យនៅ​ប្រទេស​ថៃ និង​សិង្ហ​បុរី​។ 
 
 
 អ្នកស្រី Yazmin Azman ប្រធានផ្នែកទីផ្សារនៃMHTC ប្រទេសម៉ាឡេស៊ី

​បើតាម​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​MHTC​រូបនេះ បច្ចុប្បន្ន​នៅ​ម៉ាឡេស៊ី មាន​មន្ទីរ​ព្យាបាល​ជំងឺ​ទូទៅ​កម្រិតស្តង់ដារ​អន្តរជាតិ​ចំនួន​៧៣​កន្លែង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​MHTC ផ្ទាល់​។ អ្នកស្រី​បានបញ្ជាក់​ថា MHTC គឺជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ដោយមាន​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នកទទួលបន្ទុក​។ 


លោក Mohd Riza Warga Dalem ប្រធានទីផ្សារនៃមន្ទីរពេទ្យ Prince Court Medical Center SDN BHD។
 
​ជាមួយគ្នានេះ​លោក Mohd Riza Warga Dalem ប្រធាន​ទីផ្សារ​នៃ​មន្ទីរពេទ្យ Prince Court Medical Center SDN BHD នៅ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThmey ថា នៅក្នុង​ឆ្នាំ​២០២០ មន្ទីរពេទ្យ​របស់លោក​នឹង​ស្វែងរក​ការសហការ​ភាពជា​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​មួយចំនួន​នៅ​កម្ពុជា ដើម្បី​នាំ​អ្នកជំងឺ​ពី​កម្ពុជា ទៅ​ព្យាបាល​នៅ​មន្ទីរ Prince Court​។ លោក​បាន​បញ្ជាក់ថា​៖«​កិច្ចសហការ​នេះ គឺ​យើង​ផ្តោត​សំខាន់​ទៅលើ​ការបញ្ជូន​អ្នកជំងឺ​កម្ពុជា​ដែល​មិនអាច​ព្យាបាល​នៅ​កម្ពុជា​បាន ដូចជា​ជំងឺមហារីក ជំងឺ​បេះដូង ... បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Prince Court ដែលមាន​គុណភាព​ខ្ពស់​ដូច​ប្រទេស​សិង្ហ​បុរី រីឯ​តម្លៃ​វិញ​ទាប​ជាង​សិង្ហ​បុរី ជាង​ទ្វេដង​(១​ភាគ​៣)​។  លើសពីនេះ គ្រូពេទ្យ​នៃ​ប្រទេស​ទាំងពីរ​នឹង​ផ្លាស់ប្តូរ​ពិសោធន៍​ការងារ​គ្នា​ទៅវិញទៅមក​បាន​ផងដែរ​»​។ 
 
​ប្រធាន​ទីផ្សារ​នៃ​មន្ទីរពេទ្យ Prince Court រូបនេះ បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា ដែល​មានបំណង​ពិនិត្យ​និង​ព្យាបាល​សុខភាព​នៅ​បរទេស គួរតែ​ងាក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ម៉ាឡេស៊ី​វិញ​ព្រោះ​នៅ​មន្ទីរពេទ្យ​នីមួយៗ​ក្នុងប្រទេស​ម៉ាឡេស៊ី មិន​ត្រឹម​តែមាន​គុណភាព​ខ្ពស់​នោះ សូម្បីតែ​តម្លៃ​ព្យាបាល​ក៏​ទាប​ជាង​ប្រទេស​ថៃ សិង្ហ​បុរី និង​បណ្ដា​ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ី​ផងដែរ​។ បើតាម​លោក Mohd Riza Warga Dalem មន្ទីរពេទ្យ​នៅ​ម៉ាឡេស៊ី គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែលមាន​ការកំណត់​តម្លៃ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​នៃ​ជនបរទេស ឱ្យមាន​តម្លៃ​ដូច​ប្រជាពលរដ្ឋ​ម៉ា​ឡ​ស៊ី​ផងដែរ​។​
 
​សូមជម្រាបថា ម៉ាឡេស៊ី​បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​ល្អប្រសើរ​លើ​ពិភពលោក «​ផ្នែក​ថែទាំ​សុខភាព (Healthcare)» កាលពីដើមឆ្នាំ​២០១៨ ប្រទេស​នេះ បានដាក់​វិស័យ​«​ទេសចរណ៍​សុខភាព​» គឺជា​ចំណុច​សំខាន់បំផុត​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ខ្លួន ដោយ​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​វេជ្ជសាស្ត្រ​ចំនួន​២​លាន​នាក់ ជាមួយ​ទំហំ​ប្រាក់​២.២​ពាន់​លាន​រីង​ហ្ក​ត​(​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ឆ្នាំ​២០២០​។ 
 
​បច្ចុប្បន្ន នៅតាម​បណ្តា​មន្ទីរពេទ្យ​ក្នុងប្រទេស​ម៉ាឡេស៊ី ទទួល​អ្នកជំងឺ​ដែលជា​ពលរដ្ឋ​កម្ពុជា បាន​ក្នុង​រង្វង់​១,២​ភាគរយ​ប៉ុណ្ណោះ នៃ​ចំនួន​អ្នកជំងឺ​សរុប​ដែល​មកពី​បណ្តាល​ប្រទេស​នានា​ក្នុង​ពិភពលោក​។ នេះ​បើតាម​អ្នកស្រី​Yazmin Azman៕







© រក្សាសិទ្ធិដោយ thmeythmey.com