កូឡាឡាំពួរ៖ ដើមខែមករាឆ្នាំ២០២០ ក្រុមប្រឹក្សាសុខភាពទេសចរណ៍ម៉ាឡេស៊ី(MHTC) នឹងចុះអនុស្សរណៈយោគយល់(MOU)ជាមួយកម្ពុជាលើវិស័យទេសចរណ៍-សុខភាព(Medical Tourism) ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា ក្នុងការសម្រាកព្យាបាលជំងឺផ្សេងៗនៅម៉ាឡេស៊ី ដែលមានគុណភាពថ្នាក់ពិភពលោក។ នេះបើតាមអ្នកស្រី Yazmin Azman ប្រធានផ្នែកទីផ្សារ នៃMHTC។
ឆ្លៀតនៅក្នុងពិធីបើកការផ្សព្វផ្សាយទេសចរណ៍សុខាភិបាលម៉ាឡេស៊ីប្រចាំឆ្នាំ២០២០ (MALAYSIA YEAR OF HELTHCARE TRAVEL 2020) នៅសណ្ឋាគារMAJESTIC ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១តុលា ឆ្នាំ២០១៩ អ្នកស្រី Yazmin Azman បាននិយាយថា ការចុះMOUរវាង MHTCនិងកម្ពុជា នាពេលមុខនេះ គឺដើម្បីផ្ដល់កញ្ចប់សេវាកម្មសុខភាពដែលមានភាពល្អប្រសើរ និងងាយស្រួលដល់អ្នកជំងឺ ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការបរិភោគជាដើម។ អ្នកស្រីបានអះអាងថា ការព្យាបាលនៅតាមមន្ទីរពេទ្យនីមួយៗក្នុងប្រទេសម៉ាឡេស៊ី គឺប្រកបដោយគុណភាពខ្ពស់ បែបស្តង់ដារអន្តរជាតិ ជាមួយនឹងតម្លៃនៃការព្យាបាលក្នុងទំហំទឹកប្រាក់ទាបជិតពាក់កណ្តាល បើធៀបនឹងការព្យាបាលឬពិនិត្យនៅប្រទេសថៃ និងសិង្ហបុរី។
អ្នកស្រី Yazmin Azman ប្រធានផ្នែកទីផ្សារនៃMHTC ប្រទេសម៉ាឡេស៊ី
បើតាមប្រធានផ្នែកទីផ្សារនៃMHTCរូបនេះ បច្ចុប្បន្ននៅម៉ាឡេស៊ី មានមន្ទីរព្យាបាលជំងឺទូទៅកម្រិតស្តង់ដារអន្តរជាតិចំនួន៧៣កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់MHTC ផ្ទាល់។ អ្នកស្រីបានបញ្ជាក់ថា MHTC គឺជាស្ថាប័នមួយរបស់រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ដោយមានក្រសួងហិរញ្ញវត្ថុជាអ្នកទទួលបន្ទុក។
លោក Mohd Riza Warga Dalem ប្រធានទីផ្សារនៃមន្ទីរពេទ្យ Prince Court Medical Center SDN BHD។
ជាមួយគ្នានេះលោក Mohd Riza Warga Dalem ប្រធានទីផ្សារនៃមន្ទីរពេទ្យ Prince Court Medical Center SDN BHD នៅប្រទេសម៉ាឡេស៊ី បាននិយាយប្រាប់សារព័ត៌មានThmeyThmey ថា នៅក្នុងឆ្នាំ២០២០ មន្ទីរពេទ្យរបស់លោកនឹងស្វែងរកការសហការភាពជាដៃគូជាមួយមន្ទីរពេទ្យមួយចំនួននៅកម្ពុជា ដើម្បីនាំអ្នកជំងឺពីកម្ពុជា ទៅព្យាបាលនៅមន្ទីរ Prince Court។ លោកបានបញ្ជាក់ថា៖«កិច្ចសហការនេះ គឺយើងផ្តោតសំខាន់ទៅលើការបញ្ជូនអ្នកជំងឺកម្ពុជាដែលមិនអាចព្យាបាលនៅកម្ពុជាបាន ដូចជាជំងឺមហារីក ជំងឺបេះដូង ... បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Prince Court ដែលមានគុណភាពខ្ពស់ដូចប្រទេសសិង្ហបុរី រីឯតម្លៃវិញទាបជាងសិង្ហបុរី ជាងទ្វេដង(១ភាគ៣)។ លើសពីនេះ គ្រូពេទ្យនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរពិសោធន៍ការងារគ្នាទៅវិញទៅមកបានផងដែរ»។
ប្រធានទីផ្សារនៃមន្ទីរពេទ្យ Prince Court រូបនេះ បានលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ដែលមានបំណងពិនិត្យនិងព្យាបាលសុខភាពនៅបរទេស គួរតែងាកមកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ីវិញព្រោះនៅមន្ទីរពេទ្យនីមួយៗក្នុងប្រទេសម៉ាឡេស៊ី មិនត្រឹមតែមានគុណភាពខ្ពស់នោះ សូម្បីតែតម្លៃព្យាបាលក៏ទាបជាងប្រទេសថៃ សិង្ហបុរី និងបណ្ដាប្រទេសខ្លះក្នុងតំបន់អាស៊ីផងដែរ។ បើតាមលោក Mohd Riza Warga Dalem មន្ទីរពេទ្យនៅម៉ាឡេស៊ី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលមានការកំណត់តម្លៃព្យាបាលជំងឺគ្រប់ប្រភេទនៃជនបរទេស ឱ្យមានតម្លៃដូចប្រជាពលរដ្ឋម៉ាឡស៊ីផងដែរ។
សូមជម្រាបថា ម៉ាឡេស៊ីបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អប្រសើរលើពិភពលោក «ផ្នែកថែទាំសុខភាព (Healthcare)» កាលពីដើមឆ្នាំ២០១៨ ប្រទេសនេះ បានដាក់វិស័យ«ទេសចរណ៍សុខភាព» គឺជាចំណុចសំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសខ្លួន ដោយរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍វេជ្ជសាស្ត្រចំនួន២លាននាក់ ជាមួយទំហំប្រាក់២.២ពាន់លានរីងហ្កត(ប្រមាណ៥០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០។
បច្ចុប្បន្ន នៅតាមបណ្តាមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី ទទួលអ្នកជំងឺដែលជាពលរដ្ឋកម្ពុជា បានក្នុងរង្វង់១,២ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកជំងឺសរុបដែលមកពីបណ្តាលប្រទេសនានាក្នុងពិភពលោក។ នេះបើតាមអ្នកស្រីYazmin Azman៕