គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​របស់​ឡាវ ធ្វើ​ឲ្យ​កម្ពុជា​បារម្ភ​
អន្តរជាតិ
គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​របស់​ឡាវ ធ្វើ​ឲ្យ​កម្ពុជា​បារម្ភ​
08, Nov 2019 , 10:52 am        
រូបភាព
លោក អាន ពេជ្រហត្ថដា (ស្ដាំបំផុត) និងលោក តែ ណាវុធ (ស្ដាំទីពីរ) ព្រមទាំងសមាជិកគណៈកម្មាធិការរួមមកពីថៃ វៀតណាម និងឡាវ។
លោក អាន ពេជ្រហត្ថដា (ស្ដាំបំផុត) និងលោក តែ ណាវុធ (ស្ដាំទីពីរ) ព្រមទាំងសមាជិកគណៈកម្មាធិការរួមមកពីថៃ វៀតណាម និងឡាវ។
​វៀងចន្ទន៍​, ឡាវ​៖ គណៈកម្មការ​ទន្លេមេគង្គ (MRC) តំណាង​មកពី​ប្រទេស​សមាជិក​ទាំង​៤ និង​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា បាន​ផ្លាស់ប្ដូរ​យោបល់ និង​ចែករំលែក​ព័ត៌មាន​ពី​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​ដែលមាន​ទំហំ ១៤៦០​មេ​ហ្កា​វ៉ា​ត់​។ នេះ​ជា​លើកទីមួយ​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុងការ​ពិភាក្សា​ដើម្បី​ចែករំលែក​ព័ត៌មាន​ជុំវិញ​គម្រោង​វា​រី​អគ្គិសនី​។ កិច្ចពិភាក្សា​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យន្តការ​ពិភាក្សា​ជាមុន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដែល​ផ្ដល់ឱកាស​ឲ្យ​សមាជិក និង​ផ្នែក​ពាក់ព័ន្ធ ផ្ដល់​អនុសាសន៍​លើ​គម្រោង​ក្នុង​តំបន់​។

 
​ការចែករំលែក​ព័ត៌មាន​ពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លូ​ង​ព្រះ​បាង ជា​របៀបវារៈ​សំខាន់​នៃ​វេទិកា​លើក​ទី​៨ របស់​ភាគី​ពាក់ព័ន្ធ​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ (MRC) នៅ​ដើម​សប្ដាហ៍​នេះ​។ គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​នេះ នឹង​ក្លាយជា​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ទៀត​នៅតាម​ដង​ទន្លេ​ង​មេគង្គ ខណៈ​ឡាវ​កំពុង​រង​ការរិះគន់​ជាច្រើន​ពី​ផលប៉ះពាល់​នៃ​វា​រី​អគ្គិសនី​ទៅលើ​ទន្លេ​ផ្ទាល់​ពិសេស​ធនធានទឹក និង​ត្រី ក៏ដូចជា​ជីវភាព​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ទន្លេ​នេះ ក៏ដូចជា​ការទទូច​ឲ្យ​លុបចោល​គម្រោង​។ 
 
​រដ្ឋាភិបាល​ឡាវ បាន​ជូនដំណឹង​ពី​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​ទៅកាន់​គណៈកម្មការ​ទន្លេ​មេគង្គ​កាលពី​ខែកក្កដា​កន្លងទៅ​។ នៅ​ថ្ងៃទី​៨ ខែតុលា ដំណើការ​ប្រឹក្សា​ជាមុន (Prior Consultation) ដែលមាន​រយៈពេល​៦​ខែ​ក៏​ចាប់ផ្ដើម ដើម្បី​ផ្ដល់ឱកាស​ឲ្យ​សមាជិក​បី​ទៀ​តនៃ MRC មាន​កម្ពុជា ថៃ និង​វៀតណាម ផ្ដល់យោបល់​លើ​គម្រោង​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ដល់​ទៅ​១៤៦០​មេ​ហ្កា​វ៉ា​ត់​។ នេះ​ជា​លើក​ទី​៥ ដែល MRC អនុវត្ត​ដំណើការ​នេះ បន្ទាប់ពី​អនុវត្ត​នៅ​គម្រោង​វា​រី​អគ្គិសនី​ដន​សា​ហុង​, ប៉ាក់​បេង​, ប៉ាក់​ឡាយ និង​សា​យ៉ា​ប៊ូ​រី​។​
 


 
​ក្នុង​វេទិកា​លើក​ទី​៨ ដែល​ធ្វើ​នៅ​រដ្ឋធានី​វៀងចន្ទន៍ MRC ក៏បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​លើ​គម្រោង​វា​រី​អគ្គិសនី​នេះ​លើ​វិស័យ​ដូចជា ជលផល សេដ្ឋកិច្ច និង​សង្គម និង​សុវត្ថិភាព​ទំនប់​ជាដើម ដោយ​ផ្អែកលើ​ឯកសារ​ដែល​ដាក់​ស្នើ​ដោយ​រដ្ឋាភិបាល​ឡាវ​។ បើតាម​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​របស់ MRC ប្រជាជន​ឡាវ​ជិត​មួយ​ម៉ឺន​នាក់​ក្នុងភូមិ​ចំនួន​២៦​នៃ​ខេត្ត​ហ្លួងព្រះបាង សា​យ៉ា​ប៊ូ​រី និង​ឧ​ត្ត​ម​ជ័យ នឹងរង​ផលប៉ះពាល់​ពី​គម្រោង​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្លួងព្រះបាង​។ 
 
​ការវាយតម្លៃ​បឋម​ដដែល ក៏​រកឃើញ​ការបាត់បង់​ផលិតកម្ម​អាហារ​ផងដែរ ពិសេស​ត្រី និង​វិស័យ​កសិកម្ម ដែល​ការណ៍​នេះ​នឹង​នាំ​ឲ្យ​មានការ​បាត់បង់​ជាតិ​ប្រូតេអ៊ីន ផលប៉ះពាល់​សុខភាព​។ ការ​ជន់​លិច​ដី​កសិកម្ម និង​ការផ្លាស់ប្ដូរ​ទឹក ជា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ទាំងនេះ​។   
 
​លោក អាន ពេជ្រ​ហត្ថ​ដា ប្រធាន​ប្រតិបត្តិ​លេខាធិការដ្ឋាន MRC និយាយថា ដំណើការ​ប្រឹក្សា​យោបល់​នេះ មាន​សារសំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ចេញ​មតិយោបល់​របស់​ពួកគេ​។ ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​លើក​ទី​៨​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា លោក ពេជ្រ​ហត្ថ​ដា បញ្ជាក់ថា​៖ «MRC នឹង​បង្កើន​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​កម្រិត​ថ្នាក់ជាតិ​នេះ​នៅតាម​ប្រទេស​សមាជិក​ឲ្យ​បាន​បី​ដង និង​មាន​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ចំនួន​ពីរដង មុននឹង​យន្តការ​ពិគ្រោះ​យោបល់​នេះ​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២០ ។​» 
 
​លោក Pradab Kladkempetch អគ្គលេខាធិការ​រងការិយាល័យ​ធនធានធម្មជាតិ​ថៃ ចាត់ទុក​ការប្រឹក្សា​យោបល់​ជាមុន​នេះ ជា​វេទិកា​សំខាន់​ក្នុងការ​ចែករំលែក និង​ចែកចាយ​ព័ត៌មាន​។ ចំណែក​លោក តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លើកឡើងថា ការប្រឹក្សា​យោបល់​នេះ​ជា​ដំណើរការ​មួយ ដែលមាន​ការវិវត្ត ប៉ុន្តែ​ត្រូវ​គិតគូរ​ពី​លទ្ធផល​ផងដែរ ពោលគឺ​ពិនិត្យមើល​ការផ្លាស់ប្ដូរ ឬ​ការវិវត្ត​នានា​ទាក់ទង​នឹង​គម្រោង​មុននឹង​ក្រោយ​ការផ្ដល់​ប្រឹក្សា​ជាមុន​នេះ​។​
 
«​ដំណើការ គឺជា​ដំណើការ​។ ចុងក្រោយ យើង​ត្រូវការ​លទ្ធផល​... តើ​មាន​ភាពខុសគ្នា​អ្វី​មុន និង​ក្រោយ​៦​ខែ [​នៃ​ការប្រឹក្សា​យោបល់​ជាមុន​]​។ ខ្ញុំ​គិតថា ភាគី​ពាក់ព័ន្ធ​គួរតែ​យល់​ពី​បញ្ហា​នេះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក តែ ណា​វុ​ធ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​រួម​របស់ MRC ។​
 
​អ្នកសម្របសម្រួល​គម្រោង​របស់​ស្ថាប័ន NGO Forum on Cambodia លោក ម៉ក់ ប៊ុនធឿន ក៏​បង្ហាញ​គំនិត​វិជ្ជមាន​ចំពោះ​ការរៀបចំ​ជំនួប​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចែករំលែក​ព័ត៌មាន​ពី​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​នេះ តែ​ថា ពេលវេលា និង​បញ្ហា​បច្ចេកទេស​ជា​រឿង​ប្រឈម​។ លោក ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​ថា​៖ «​ជា​រឿង​ប្រសើរ​ដែល MRC ចែករំលែក​ការរកឃើញ​របស់ខ្លួន​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ដើម្បី​មើល​ការរកឃើញ​នេះ​។ សម្រាប់​ខ្ញុំ វា​មិនទាន់មាន​ពេល​គ្រប់គ្រាន់​ទេ​ដើម្បី​ផ្ដល់​មតិ ពេលវេលា​រាង​ខ្លី​បន្តិច​។​»
 


អ្នកស្រី ប៊ុនខាំ វរាជិត អនុរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានរបស់ឡាវ។ រូបភាពពីគណៈកម្មការទន្លេមេគង្គ
 
​ការចែករំលែក​ព័ត៌មាន​អំពី​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​នេះ ធ្វើឡើង​តែមួយ​សប្ដាហ៍​ក្រោយ​ការ​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី​ដ៏​ចម្រូងចម្រាស​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ឡាវ បាន​និយាយ​ការពារ​គោលនយោបាយ​អ​ភិ​វ​ឌ្ឍ​របស់ខ្លួន​។ អនុរដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​ឡាវ អ្នកស្រី ប៊ុន​ខាំ វ​រា​ជិត (Bounkham Vorachit) បាន​ប្រាប់​អ្នកចូលរួម​អំឡុងពេល​បើក​វេទិកា​លើក​ទី​៨ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ថា ឡាវ តែងតែ​ផ្ដល់​សារសំខាន់​លើ​គោលការណ៍​អភិវឌ្ឍ​ដោយ​ចីរភាព និង​ការលូតលាស់​បៃតង​។  
 
«​ខ្ញុំ​ជឿថា គ្មាន​ប្រទេស​ណា​ចង់​រស់នៅ​ដោយ​ភាពក្រីក្រ​យូរ​ឡើយ ហើយ​ប្រទេស​នីមួយៗ​មាន​សក្ដានុពល​ខុសគ្នា​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ ឡាវ ដែលជា​ប្រទេស​តូច​សម្បូរ​ធនធានធម្មជាតិ មាន​គោលដៅ​វិនិយោគ​ក្នុងការ​បង្កើត​ផែនការ​ជាតិ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ដោយ​ចីរភាព​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី វ​រា​ជិត ៕  
 
​លោក ធី ទ្រី ដែលជា​នាយក​អង្គការ Open Development Cambodia បង្ហាញ​មន្ទិល​ចំពោះ​គម្រោង​វា​រី​អគ្គិសនី ព្រោះ​មិនមាន​បង្ហាញ​ពី​ផលប៉ះពាល់​លើ​កម្ពុជា​។ លោក ធី ទ្រី ប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃ​បញ្ចប់​វេទិកា​ពីរ​ថ្ងៃ​ថា តាមរយៈ​បទ​បង្ហាញ​ពីរ​ថ្ងៃ​មក លោក​មិនសូវ​ឃើញ​ពី​ចំណុច​ដែល​បញ្ជាក់​ពី​អត្ថប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​។ ជា​គំនិត​ផ្ទាល់​របស់លោក នាយក​អង្គការ​ដដែល​នេះ​បន្តថា មានការ​ព្រួយបារម្ភ​ច្រើន​ទៅលើ​សុវត្ថិភាព​សហគមន៍ ប្រជាពលរដ្ឋ​នៅ​ខាងក្រោម​ទន្លេ​។​
 
​តំណាង​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ ក៏​ឆ្លៀត​លើកឡើង​ពី​យន្តការ​គ្រប់គ្រង និង​ការពារ​នៅពេល​មាន​ករណី​បន្ទាន់​ណាមួយ​កើតឡើង ក៏ដូចជា​យន្តការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អភិវឌ្ឍ​ផងដែរ​។ សម្រាប់​យន្តការ​នេះ ម​មិនមែន​តែ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ឡើយ រដ្ឋាភិបាល​ឡាវ​ក៏ត្រូវ​មាន​ចំណែក​ផងដែរ ព្រោះ​ធ្លាប់​ជួប​បញ្ហា​ដោយសារ​ទំនប់​នេះ​។ ត្រង់ចំណុច​នេះ លោក ធី ទ្រី ទំនង​ចង់​សំដៅ​ដល់​ការបាក់​ទំនប់​នៅ​ឡាវ​នាពេល​កន្លងមក​៕
 

Tag:
 MRC
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com