វៀងចន្ទន៍, ឡាវ៖ គណៈកម្មការទន្លេមេគង្គ (MRC) តំណាងមកពីប្រទេសសមាជិកទាំង៤ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី៦ ខែវិច្ឆិកា បានផ្លាស់ប្ដូរយោបល់ និងចែករំលែកព័ត៌មានពីគម្រោងវារីអគ្គិសនីហ្លួងព្រះបាងដែលមានទំហំ ១៤៦០មេហ្កាវ៉ាត់។ នេះជាលើកទីមួយដែលភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការពិភាក្សាដើម្បីចែករំលែកព័ត៌មានជុំវិញគម្រោងវារីអគ្គិសនី។ កិច្ចពិភាក្សានេះ ក៏ជាផ្នែកមួយនៃយន្តការពិភាក្សាជាមុនរបស់គណៈកម្មការទន្លេមេគង្គ ដែលផ្ដល់ឱកាសឲ្យសមាជិក និងផ្នែកពាក់ព័ន្ធ ផ្ដល់អនុសាសន៍លើគម្រោងក្នុងតំបន់។
ការចែករំលែកព័ត៌មានពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្លូងព្រះបាង ជារបៀបវារៈសំខាន់នៃវេទិកាលើកទី៨ របស់ភាគីពាក់ព័ន្ធដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ (MRC) នៅដើមសប្ដាហ៍នេះ។ គម្រោងទំនប់វារីអគ្គិសនីដ៏ធំមួយនេះ នឹងក្លាយជាទំនប់វារីអគ្គិសនីថ្មីទៀតនៅតាមដងទន្លេងមេគង្គ ខណៈឡាវកំពុងរងការរិះគន់ជាច្រើនពីផលប៉ះពាល់នៃវារីអគ្គិសនីទៅលើទន្លេផ្ទាល់ពិសេសធនធានទឹក និងត្រី ក៏ដូចជាជីវភាពប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើទន្លេនេះ ក៏ដូចជាការទទូចឲ្យលុបចោលគម្រោង។
រដ្ឋាភិបាលឡាវ បានជូនដំណឹងពីគម្រោងវារីអគ្គិសនីហ្លួងព្រះបាងទៅកាន់គណៈកម្មការទន្លេមេគង្គកាលពីខែកក្កដាកន្លងទៅ។ នៅថ្ងៃទី៨ ខែតុលា ដំណើការប្រឹក្សាជាមុន (Prior Consultation) ដែលមានរយៈពេល៦ខែក៏ចាប់ផ្ដើម ដើម្បីផ្ដល់ឱកាសឲ្យសមាជិកបីទៀតនៃ MRC មានកម្ពុជា ថៃ និងវៀតណាម ផ្ដល់យោបល់លើគម្រោងដែលអាចផលិតថាមពលអគ្គិសនីដល់ទៅ១៤៦០មេហ្កាវ៉ាត់។ នេះជាលើកទី៥ ដែល MRC អនុវត្តដំណើការនេះ បន្ទាប់ពីអនុវត្តនៅគម្រោងវារីអគ្គិសនីដនសាហុង, ប៉ាក់បេង, ប៉ាក់ឡាយ និងសាយ៉ាប៊ូរី។
ក្នុងវេទិកាលើកទី៨ ដែលធ្វើនៅរដ្ឋធានីវៀងចន្ទន៍ MRC ក៏បានបញ្ចេញរបាយការណ៍វាយតម្លៃលើគម្រោងវារីអគ្គិសនីនេះលើវិស័យដូចជា ជលផល សេដ្ឋកិច្ច និងសង្គម និងសុវត្ថិភាពទំនប់ជាដើម ដោយផ្អែកលើឯកសារដែលដាក់ស្នើដោយរដ្ឋាភិបាលឡាវ។ បើតាមរបាយការណ៍វាយតម្លៃផលប៉ះពាល់របស់ MRC ប្រជាជនឡាវជិតមួយម៉ឺននាក់ក្នុងភូមិចំនួន២៦នៃខេត្តហ្លួងព្រះបាង សាយ៉ាប៊ូរី និងឧត្តមជ័យ នឹងរងផលប៉ះពាល់ពីគម្រោងដែលស្ថិតនៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីក្រុងហ្លួងព្រះបាង។
ការវាយតម្លៃបឋមដដែល ក៏រកឃើញការបាត់បង់ផលិតកម្មអាហារផងដែរ ពិសេសត្រី និងវិស័យកសិកម្ម ដែលការណ៍នេះនឹងនាំឲ្យមានការបាត់បង់ជាតិប្រូតេអ៊ីន ផលប៉ះពាល់សុខភាព។ ការជន់លិចដីកសិកម្ម និងការផ្លាស់ប្ដូរទឹក ជាមូលហេតុនាំឲ្យមានបញ្ហាទាំងនេះ។
លោក អាន ពេជ្រហត្ថដា ប្រធានប្រតិបត្តិលេខាធិការដ្ឋាន MRC និយាយថា ដំណើការប្រឹក្សាយោបល់នេះ មានសារសំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់បញ្ចេញមតិយោបល់របស់ពួកគេ។ ថ្លែងក្នុងពិធីបិទវេទិកាលើកទី៨នៅថ្ងៃទី៦ ខែវិច្ឆិកា លោក ពេជ្រហត្ថដា បញ្ជាក់ថា៖ «MRC នឹងបង្កើនកិច្ចប្រជុំប្រឹក្សាយោបល់កម្រិតថ្នាក់ជាតិនេះនៅតាមប្រទេសសមាជិកឲ្យបានបីដង និងមានវេទិកាពិគ្រោះយោបល់ថ្នាក់តំបន់ចំនួនពីរដង មុននឹងយន្តការពិគ្រោះយោបល់នេះបញ្ចប់នៅខែមេសា ឆ្នាំ២០២០ ។»
លោក Pradab Kladkempetch អគ្គលេខាធិការរងការិយាល័យធនធានធម្មជាតិថៃ ចាត់ទុកការប្រឹក្សាយោបល់ជាមុននេះ ជាវេទិកាសំខាន់ក្នុងការចែករំលែក និងចែកចាយព័ត៌មាន។ ចំណែកលោក តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លើកឡើងថា ការប្រឹក្សាយោបល់នេះជាដំណើរការមួយ ដែលមានការវិវត្ត ប៉ុន្តែត្រូវគិតគូរពីលទ្ធផលផងដែរ ពោលគឺពិនិត្យមើលការផ្លាស់ប្ដូរ ឬការវិវត្តនានាទាក់ទងនឹងគម្រោងមុននឹងក្រោយការផ្ដល់ប្រឹក្សាជាមុននេះ។
«ដំណើការ គឺជាដំណើការ។ ចុងក្រោយ យើងត្រូវការលទ្ធផល... តើមានភាពខុសគ្នាអ្វីមុន និងក្រោយ៦ខែ [នៃការប្រឹក្សាយោបល់ជាមុន]។ ខ្ញុំគិតថា ភាគីពាក់ព័ន្ធគួរតែយល់ពីបញ្ហានេះ។» នេះជាការបញ្ជាក់របស់លោក តែ ណាវុធ ដែលជាសមាជិកគណៈកម្មាធិការរួមរបស់ MRC ។
អ្នកសម្របសម្រួលគម្រោងរបស់ស្ថាប័ន NGO Forum on Cambodia លោក ម៉ក់ ប៊ុនធឿន ក៏បង្ហាញគំនិតវិជ្ជមានចំពោះការរៀបចំជំនួបរវាងភាគីពាក់ព័ន្ធដើម្បីចែករំលែកព័ត៌មានពីគម្រោងវារីអគ្គិសនីហ្លួងព្រះបាងនេះ តែថា ពេលវេលា និងបញ្ហាបច្ចេកទេសជារឿងប្រឈម។ លោក ប្រាប់អ្នកសារព័ត៌មានក្នុងម៉ោងសម្រាកថា៖ «ជារឿងប្រសើរដែល MRC ចែករំលែកការរកឃើញរបស់ខ្លួនទៅកាន់ភាគីពាក់ព័ន្ធដើម្បីមើលការរកឃើញនេះ។ សម្រាប់ខ្ញុំ វាមិនទាន់មានពេលគ្រប់គ្រាន់ទេដើម្បីផ្ដល់មតិ ពេលវេលារាងខ្លីបន្តិច។»
អ្នកស្រី ប៊ុនខាំ វរាជិត អនុរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានរបស់ឡាវ។ រូបភាពពីគណៈកម្មការទន្លេមេគង្គ
ការចែករំលែកព័ត៌មានអំពីគម្រោងវារីអគ្គិសនីហ្លួងព្រះបាងនេះ ធ្វើឡើងតែមួយសប្ដាហ៍ក្រោយការដំណើរការទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីដ៏ចម្រូងចម្រាស។ ប៉ុន្តែតំណាងរដ្ឋាភិបាលឡាវ បាននិយាយការពារគោលនយោបាយអភិវឌ្ឍរបស់ខ្លួន។ អនុរដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថានឡាវ អ្នកស្រី ប៊ុនខាំ វរាជិត (Bounkham Vorachit) បានប្រាប់អ្នកចូលរួមអំឡុងពេលបើកវេទិកាលើកទី៨ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ថា ឡាវ តែងតែផ្ដល់សារសំខាន់លើគោលការណ៍អភិវឌ្ឍដោយចីរភាព និងការលូតលាស់បៃតង។
«ខ្ញុំជឿថា គ្មានប្រទេសណាចង់រស់នៅដោយភាពក្រីក្រយូរឡើយ ហើយប្រទេសនីមួយៗមានសក្ដានុពលខុសគ្នាសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឡាវ ដែលជាប្រទេសតូចសម្បូរធនធានធម្មជាតិ មានគោលដៅវិនិយោគក្នុងការបង្កើតផែនការជាតិអភិវឌ្ឍន៍វារីអគ្គិសនីដោយចីរភាព។» នេះជាការបញ្ជាក់របស់អ្នកស្រី វរាជិត ៕
លោក ធី ទ្រី ដែលជានាយកអង្គការ Open Development Cambodia បង្ហាញមន្ទិលចំពោះគម្រោងវារីអគ្គិសនី ព្រោះមិនមានបង្ហាញពីផលប៉ះពាល់លើកម្ពុជា។ លោក ធី ទ្រី ប្រាប់អ្នកសារព័ត៌មានកម្ពុជានៅថ្ងៃបញ្ចប់វេទិកាពីរថ្ងៃថា តាមរយៈបទបង្ហាញពីរថ្ងៃមក លោកមិនសូវឃើញពីចំណុចដែលបញ្ជាក់ពីអត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ ជាគំនិតផ្ទាល់របស់លោក នាយកអង្គការដដែលនេះបន្តថា មានការព្រួយបារម្ភច្រើនទៅលើសុវត្ថិភាពសហគមន៍ ប្រជាពលរដ្ឋនៅខាងក្រោមទន្លេ។
តំណាងអង្គការក្រៅរដ្ឋាភិបាលរូបនេះ ក៏ឆ្លៀតលើកឡើងពីយន្តការគ្រប់គ្រង និងការពារនៅពេលមានករណីបន្ទាន់ណាមួយកើតឡើង ក៏ដូចជាយន្តការឆ្លើយតបរបស់រដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍផងដែរ។ សម្រាប់យន្តការនេះ មមិនមែនតែចំពោះរដ្ឋាភិបាលកម្ពុជាឡើយ រដ្ឋាភិបាលឡាវក៏ត្រូវមានចំណែកផងដែរ ព្រោះធ្លាប់ជួបបញ្ហាដោយសារទំនប់នេះ។ ត្រង់ចំណុចនេះ លោក ធី ទ្រី ទំនងចង់សំដៅដល់ការបាក់ទំនប់នៅឡាវនាពេលកន្លងមក៕