កីឡាអន្តរជាតិ
អន្តរជាតិ
Europa Leageu៖Solskjaer ថា​ទម្រង់​លេង​ដែល Man Utd ឈ្នះ Partizan ៣-០ ជា​គំរូ​ជោគជ័យ​រដូវ​កាល​នេះ​
08, Nov 2019 , 11:45 am        
រូបភាព
​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ Manchester United ថា​ក្រុម​របស់លោក បានបង្ហាញ​របៀប​លេង​ដ៏​ល្អ នៅ​យប់​ថ្ងៃ​៧ ខែវិច្ឆិកា ដែលជា​គំរូ​សម្រាប់​ពួកគេ​គួរ​លេង​នា​រដូវ​កាល​នេះ​។ Solskjaer អះអាង​បែបនេះ ក្រោយ​បិសាច​ក្រហម​យកឈ្នះ Partizan Belgrade ៣-០ ដើម្បី​ធានាបាន​កៅអី ទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់ UEFA Europa League​។​

 
​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទីមួយ ពី​ខ្សែប្រយុទ្ធ Mason Greenwood និង Anthony Martial រួមទាំង​មួយ​គ្រាប់​របស់ Marcus Rashford នៅ​ដើមតង់​ទី​២ បាន​ក្លាយជា​ជ័យជម្នះ​ក្នុងផ្ទះ​ដ៏​ធំ​បំផុត របស់ Man United ចាប់តាំងពី​ខែសីហា​មក​។ លទ្ធផល ៣-០ លើ​ក្រុម Partizan នេះដែរ លោក Solskjaer បាន​រៀបរាប់​ពី​ទម្រង់​លេង​របស់​កូនក្រុម នៅ​តំបន់​ប្រយុទ្ធ​ថា​«​ពិតជា​មុត​ស្រួច​»​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម Man Utd នៅ​រក្សា​តំណែង​កំពូល​តារាង​ពូ​ល L ដោយ​ទទួលបាន​ពិន្ទុសរុប ១០​ពិន្ទុ នាំមុខ AZ Alkmaar ពីរ​ពិន្ទុ លើស Partizan Beograd ចំនួន​៦​ពិន្ទុ​។ ដូច្នេះ​ក្រុម​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ពេល​ប៉ះ AZ Alkmaar សម្រាប់​ជំនួប​លើក​ទី​៥ នៅ​ថ្ងៃទី​១២ ខែធ្នូ ដើម្បី​ទទួលបាន​កៅអី​ទៅ​វគ្គ​៣២​ក្រុម​។​



«​ច្រើន​ប្រកួត​មកហើយ ដែល​យើង​ឈ្នះ​ត្រឹម ១-០ ប៉ុន្តែ​ជំនួប​នេះ កីឡាករ​របស់​យើង​ធ្វើ​បានល្អ ដែល​ផ្តល់​ឲ្យ​ពួកគេ បានឃើញ​ពី​របៀប​លេង​ដ៏​មុត​ស្រួច​ផងដែរ​»​។ នេះ​ជាស​ម្តី​លោក Solskjaer ទៅកាន់​កូនក្រុម​លោក ដោយ​បន្ថែមថា បើ​ទោះ​ការ​ប្រជែង​នេះ​មិន​ដូច​នៅ Premier League មែន ប៉ុន្តែ​ទម្រង់​លេង​បែបនេះ នៅតែ​ជា​អ្វីដែល​ក្រុម​ចង់បាន​។​
 
​សម្រាប់​លទ្ធផល​របស់​ក្រុម​ពី​អង់​គេ្ល​ស​ពីរ​ទៀត Wolverhampton Wanderers ក៏​ទទួលបាន​ជ័យជម្នះ លើ​ក្រុម Slovan Bratislava ១-០ ហើយ Arsenal ស្មើ​ជាមួយ Vitoria de Guimaraes ១-១​។ 
 
​ជ័យជម្នះ ១-០ នាំ​ឲ្យ Wolves ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល K មាន​៩​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង SC Braga ចំនួន​១​ពិន្ទុ តែ​នាំមុខ Bratislava ដែល​ឈរ​លេខ​៣ ចំនួន​៥​ពិន្ទុ ខណៈ Besiktas នៅ​បាត​តារាង​។ ដូច្នេះ Wolves និង Braga មានលទ្ធភាព​ខ្ពស់ ដើម្បី​បន្តទៅ​វគ្គ​៣២​ក្រុម ខណៈ​ការប្រកួត​សល់ ២​លើក​ទៀត​។​
 
​ដោយឡែក Arsenal ឯណោះ​វិញ បើ​ទោះ​បាន​ត្រឹម​ស្មើ​ជាមួយ Guimaraes ប៉ុន្តែ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​មាន​ភាគរយ​ច្រើន ដើម្បី​ឆ្លងទៅ​កាន់​វគ្គ ៣២​ក្រុម​ចុងក្រោយ​។ ឆ្លងកាត់​ការប្រកួត​៤​លើក Arsenal នៅ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ពូ​ល  F មាន​១០​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Standard Liege ចំនួន​៤​ពិន្ទុ​។ Eintracht Frankfurt មាន​៦​ពិន្ទុ ស្មើ Standard Liege ខណៈ Guimaraes នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕




 

Tag:
 UEFA Europa League
  Manchester United
  Ole Gunnar Solskjaer
© រក្សាសិទ្ធិដោយ thmeythmey.com