ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ UN បារម្ភពីការពង្រាយទ័ព ប្រឆាំងនឹងលោក សម រង្ស៊ី
08, Nov 2019 , 12:59 pm        
រូបភាព
លោក  António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបពី europapress)
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបពី europapress)
លោក  António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងក្តីបារម្ភ ចំពោះការដាក់ពង្រាយកងទ័ពកម្ពុជា នៅមុនការមកដល់របស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង។ នេះបើតាមលោក Stéphane Dujarric អ្នកនាំពាក្យរបស់លោក António Guterres ដែលបញ្ជាក់ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។



លោក Stéphane Dujarric សង្កត់ធ្ងន់ថា៖«លោក António Guterres ព្រួយបារម្ភពីការរឹតត្បិតលើសេរីភាពនៃការដើរហើរ និងការប្រមូលផ្តុំគ្នាជាក្រុម ដែលដាក់ចេញដោយអាជ្ញាធរកម្ពុជា ក៏ដូចជាព័ត៌មានពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពតាមព្រំដែនថៃ»។ ត្រង់នេះ លោក Stéphane Dujarric ចង់សំដៅដល់ទីតាំងដែលលោក សម រង្ស៊ី មានបំណងយកធ្វើជាច្រកចូលមកកាន់កម្ពុជា។ 

លោក Dujarric បន្ថែមថា ប្រមុខអង្គការសហប្រជាជាតិ ក៏កំពុងតាមដានយ៉ាងដិតដល់លើស្ថានការណ៍ក្នុងប្រទេសកម្ពុជា ជុំវិញការប្រកាសវិលត្រលប់លោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំងផ្សេងទៀត។ ទន្ទឹមនេះ លោក Guterres ក៏កត់សម្គាល់ពីតម្រូវការនៃកិច្ចសន្ទនាសន្តិភាពរវាងភាគីទាំងអស់ និងបរិយាកាសនយោបាយដែលល្អប្រសើរ ហើយរួចផុតពីការភិតភ័យ។ 

រដ្ឋាភិបាល បានដាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ (នគរបាល កងទ័ព និង កងរាជអាវុធហត្ថ) នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីចាំទប់ទល់នឹងលោក សម រង្ស៊ី ដែលប្រកាសដឹកនាំពលករខ្មែរនៅថៃ ដើរតាមច្រកប៉ោយប៉ែត ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋាភិបាល ប្រកាសថា កងកម្លាំង នឹងចាប់លោក សម រង្ស៊ី ភ្លាម ឲ្យតែលោក ដាក់ជើងជាន់ទឹកដីកម្ពុជា។ 

នៅថ្ងៃទី៧ ខែវិច្ឆិកា លោក សម រង្ស៊ី រៀបនឹងឡើងយន្តហោះ ធ្វើដំណើរពីបារាំង មកកាន់ប្រទេសថៃ តែត្រូវហាមឃាត់។ ចំណែក នាយករដ្ឋមន្រ្តីថៃ ប្រកាសថា លោក សម រង្ស៊ី នឹងមិនត្រូវអនុញ្ញាតឲ្យចូលទឹកដីថៃឡើយ។ 

លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនយន្តហោះថៃ មិនឲ្យលោក ឡើងយន្តហោះ គឺធ្វើតាមបញ្ជារបស់រដ្ឋាភិបាលខ្លួន។ តែក្រុមហ៊ុនយន្តហោះថៃ បកស្រាយវិញថា លោក សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះឡើយ៕ 



Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្តិ
  António Guterres
© រក្សាសិទ្ធិដោយ thmeythmey.com