ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង សុំ​ពឹងពាក់​ប្រ​ទេស​ជិតខាង ផ្តល់​កន្លែង​ឈរជើង ដើម្បី​បាន​ចូល​កម្ពុជា​
08, Nov 2019 , 2:27 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែត ពេលលោក ទៅព្រលានយន្តហោះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីហោះចេញពីបារាំង ចូលមកថៃ តែមិនត្រូវបានហាមឃាត់ (រូបពីទំព័រហ្វេសប៊ុក  Sam Rainsy)
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែត ពេលលោក ទៅព្រលានយន្តហោះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីហោះចេញពីបារាំង ចូលមកថៃ តែមិនត្រូវបានហាមឃាត់ (រូបពីទំព័រហ្វេសប៊ុក Sam Rainsy)
ដោយ: ថ្មីៗ
​អតីត​គណបក្សប្រឆាំង ត្រូវការ​ប្រទេស​ណាមួយ​នៅ​ជិត​កម្ពុជា ធ្វើជា​កន្លែង​ឈរជើង សម្រាប់​ប្រមូលផ្តុំ​អ្នកគាំទ្រ ហើយ​ធ្វើដំណើរ​ចូលមក​កម្ពុជា​ជាមួយគ្នា​។ អតីត​គណបក្សប្រឆាំង បាន​ទទូច​ដល់​ប្រទេសជិតខាង​កម្ពុជា អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ចូល​ទឹកដី​របស់​ពួកគេ​។

 

  
​អតីត​គណបក្សប្រឆាំង បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញពី​ក្រៅប្រទេស ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា និង​ប្រទេសជិតខាង បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលទៅ​កម្ពុជា​ដោយ​សន្តិភាព នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ហើយ​សូម​ធានា​សុវត្ថិភាព​និង​ចលនា​របស់​យើង ពេល​យើង​ទៅដល់​កម្ពុជា​...»​។​
 
​ការចេញ​សេចក្តីថ្លែងការណ៍​នេះ គឺ​ក្រោយពី​លោក សម រង្ស៊ី បរាជ័យ​មិនបាន​ហោះ​ចេញពី​បារាំង នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ចូលមក​ទឹកដី​ថៃ​។ លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុន​យន្តហោះ Thai Airways របស់​ថៃ បានទទួល​បញ្ជា​ពី​រដ្ឋាភិបាល​របស់ខ្លួន មិន​អនុញ្ញាត​ឲ្យ​លោក ឡើង​យន្តហោះ​នោះទេ​។ ប៉ុន្តែ ក្រុមហ៊ុន Thai Airways ប្រាប់​សារព័ត៌មាន​នានា​ថា លោក សម រង្ស៊ី ពុំបាន​កក់​សំបុត្រ​យន្តហោះ​ឡើយ​។ 
 
​លោក សម រង្ស៊ី នៅតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់លោក ក្នុង​ការវិល​ត្រឡប់មក​កម្ពុជា នាពេលខាងមុខ​ឆាប់ៗ​នេះ​។ ទន្ទឹមនឹងនេះ លោក ប្រាប់​អ្នកគាំទ្រ កុំ​ឲ្យ​បាក់​ទឹកចិត្ត ដោយសារតែ​លោក ខកខាន​ជើងហោះហើរ​នាពេលនេះ​។  
 
​លោក សម រង្ស៊ី លើកឡើងថា លោក កំពុងតែ​ស្វែងរក​ទិញ​សំបុត្រ​យន្តហោះ​ពី​ក្រុមហ៊ុន​យន្តហោះ​ផ្សេងទៀត ដើម្បី​ធ្វើដំណើរ​មកកាន់​ប្រទេស​ណាមួយ នៅ​ជិត​កម្ពុជា ហើយនឹង​ប្រមូលផ្តុំ​កម្លាំង​អ្នកគាំទ្រ ចូលមក​កម្ពុជា ឲ្យ​ទាល់តែ​បាន ដូចដែល​លោក បាន​សន្យា​និង​ដាក់​ផែនការ​រួចមក​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា លោក សម រង្ស៊ី និយាយ​ដូច្នេះ​ថា​៖«​ទៅ​ទាល់តែ​បាន ទៅ​ទាល់តែ​ដល់ [​កម្ពុជា​] ទៅ​ថ្មើរជើង ទៅ​ជិះ​រទេះគោ ទៅ​ជិះសេះ ទៅ​ជិះ​ដំរី​។ យើង​ចង់ទៅ យើង​ធ្វើ​អី​ក៏​បានដែរ អាស្រ័យ​លើ​ការប្តេជ្ញាចិត្ត​របស់​យើង​»​។​
 
​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ទឹកដី​ថៃ​ឡើយ​។ ចំណែក អាជ្ញាធរ​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​អ្នកស្រី មូរ សុខ​ហួរ រយៈពេល​ខ្លី តែ​អ្នកស្រី ត្រូវបាន​ដោះលែង​វិញ​ហើយ​។   
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អរគុណ​រដ្ឋាភិបាល​ថៃ ម៉ាឡេស៊ី រួមទាំង ឥណ្ឌូណេស៊ី​ផងដែរ ចំពោះ​ចំណាត់ការ​លើ​លោក សម រង្ស៊ី និង បក្សពួក​របស់លោក​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ នា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ទៅ​ប្រជុំ​អាស៊ាន [​លើក​ទី​៣៥ នៅ​ថៃ​] ខ្ញុំ​បានធ្វើការ​ជាមួយ​ដៃគូ​ទាំងអស់ នៅក្នុង​អាស៊ាន​របស់​យើង ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ចូលរួមចំណែក​ទៅដល់​ស្ថិរភាព​របស់​ប្រទេស​»៕ 
 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com