ជាតិ
អាជ្ញាធរមិនទាន់មានវិធានការលើអ្នកដែលព្រលែងក្រពើចូលកសិន្ធុអង្គរវត្តទេ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប ៖ អាជ្ញាធរខេត្តកំពុងចុះប្រតិបត្តិការស្វែងរកកូនក្រពើ ដែលត្រូវបានគេព្រលែងនៅក្នុងទឹកកសិន្ធុអង្គរវត្ត
× សៀមរាប៖ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបបានបង្ហាញក្ដីបារម្ភជាខ្លាំង បន្ទាប់ពីបណ្ដាញសង្គមបានផ្សព្វផ្សាយពីការព្រលែងក្រពើមួយក្បាលចូលទៅក្នុងទឹកកសិន្ធុអង្គរវត្ត។ ភ្លាមៗរដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា រួមនិងកម្លាំងជំនាញ ចុះពិនិត្យទីតាំងព្រលែងក្រពើនោះ និងចាត់វិធានការ ដើម្បីចុះចាប់ក្រពើមកវិញ។ អាជ្ញាធរមិនទាន់មានវិធានការបែបណានៅឡើយ ទៅបុគ្គលដែលយកកូនក្រពើព្រលែងក្នុងទឹកកសិន្ធុ។
នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅរសៀលថ្ងៃទី៨ វិច្ឆិកា នេះថា លោកនិងក្រុមការងារជំនាញបានចុះទៅដល់ទីតាំងកសិន្ធុអង្គរវត្ត និងបានរិះរកមធ្យោបាយគ្រប់ប្រភេទតាមចាប់កូនក្រពើនោះឱ្យទាល់តែបាន។ លោកបន្តថា កម្លាំងជំនាញនឹងប្រើសំណាញ់មោងឬពិលឆ្លុះ តាមចាប់កូនក្រពើនៅពេលយប់រហូតស្វែងរកក្រពើនោះឃើញ។ ជាមួយគ្នានេះ លោក សុខ ថុល សុំឱ្យពលរដ្ឋលែងមានការបារម្ភនិងភិតភ័យបន្តទៀត។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ថា អាជ្ញាធរជាតិអប្សរានឹងសហការយ៉ាងរឹងមាំជាមួយកម្លាំងចម្រុះ ពិសេសមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ដើម្បីធ្វើការ២៤ម៉ោងលើ២៤ម៉ោង តាមចាប់កូនក្រពើនោះមកវិញ។
នៅពេលសួរថា តើអាជ្ញាធរមានវិធានការបែបណាលើបុគ្គលដែលព្រលែងក្រពើនោះ នាយករដ្ឋបាលសាលាខេត្តសៀមរាប ប្រាប់ថាលោកមិនទាន់ដឹងនៅឡើយ រីឯលោក ឡុង កុសល សុំមិនឆ្លើយនូវសំណួរនេះ។
សាធារណជនបានរិះគន់ទៅលើលោកស្រី ហ៊ុន ស៊ីណាត បានព្រលែងកូនក្រពើមួយក្បាលចូលទឹកកសិន្ធុអង្គរវត្ត។ គេមិនបានដឹងថាលោកស្រីព្រលែងនៅថ្ងៃណាទេ ដោយក្នុងសារដែលលោកស្រី ហ៊ុន ស៊ីណាត បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនឈ្មោះថា Sinath Hun មានអត្ថន័យយ៉ាងដូច្នេះថា៖«ម្សិលម្ញៃបានលែងក្រពើនៅមុខអង្គរមួយក្បាល មានបងប្អូនកូនក្មួយភ័យថាដល់ពេលវាធំគិតម៉េចទៅ ខ្ញុំគិតថាលែងមុខអង្គរឱ្យវាកាន់ធម៌អាថ៌ វាគ្រាន់បើលែងមនុស្សចិត្តតិរច្ឆាន មិនដឹងគុណទោសចង់តែបំផ្លាញអ្នកដទៃ»។
សារមួយទៀតរបស់លោកស្រី ហ៊ុន ស៊ីណាត ដែលចេញមកបកស្រាយករណីនេះ គឺលោកស្រីមិនមានចេតនាអ្វីទេ ដោយគ្រាន់តែឃើញក្មេងស្ទួចបាននៅទីនោះ រួចក៏ទិញយកទៅព្រលែងវិញតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតលោកស្រី ហ៊ុន ស៊ីណាត អះអាងថា ខ្លួនមិនបានឃើញបម្រាមហាមមិនឱ្យព្រលែងកូនត្រី និងកូនក្រពើនោះទេ៕
Tag:
ហ៊ុន ស៊ីណាត
ក្រពើ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com