ចិន និងអាមេរិក បានយល់ព្រមកាត់បន្ថយការដំឡើងពន្ធដែលអនុវត្តបច្ចុប្បន្នលើមុខទំនិញនាំចូលរបស់ប្រទេសទាំងពីរទៅវិញទៅមក។ នេះបើតាមការអះអាងរបស់មន្ត្រីប្រទេសទាំងពីរ នៅថ្ងៃទី៧ ខែវិច្ឆិកា។ ការណ៍នេះ ត្រូវបានគេមើលឃើញថា គឺជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីប្រទេសចិន និងអាមេរិក មានជម្លោះពាណិជ្ជកម្មជាច្រើនខែកន្លងមក។
ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរហាក់ដូចជាធូរស្រាលបន្តិច បន្ទាប់ពីចិន និងអាមេរិកយល់ព្រមលុបចោលការដំឡើងពន្ធដែលកំពុងអនុវត្តសព្វថ្ងៃជាដំណាក់កាលៗ។ ការកាត់បន្ថយពន្ធលើមុខទំនិញរបស់ប្រទេសទាំងពីរ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដំណាក់ទីមួយ ដែលប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនភីង គ្រោងនឹងចុះហត្ថលេខាមុនបំណាច់ឆ្នាំ២០១៩។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ការបន្ធូរបន្ថយពន្ធ ត្រូវបានគេរំពឹងថា អាមេរិក នឹងលុបចោលគម្រោងដំឡើងពន្ធ នៅថ្ងៃទី១៥ ខែធ្នូ លើមុខទំនិញដូចជាទូរសព្ទ កុំព្យូទ័រ និងរបស់ក្មេងលេង ដែលមានតម្លៃរហូតដល់ ១៥៦ពាន់លានដុល្លារ។
ការលុបចោលការដំឡើងពន្ធដាក់គ្នា គឺជាលក្ខខណ្ឌដ៏សំខាន់មួយ សម្រាប់កិច្ចព្រមពៀងរវាងចិន អាមេរិក ចំណែកការលុបចោលនេះទៀតសោត ភាគីទាំងសងខាង ត្រូវតែធ្វើឡើងក្នុងពេលដំណាលគ្នា ហើយអត្រា នៃការកាត់បន្ថយពន្ធ ភាគីទាំងពីរអាចចរចាគ្នាបាន។ នេះបើតាមសម្តីរបស់លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ ទន្ទឹមនេះ លោកGao បានបន្តថា សង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមដោយការដំឡើងពន្ធ ហើយវាគួរតែបញ្ចប់ដោយការលុបចោលពន្ធវិញផងដែរ។
បើតាមការលើកឡើងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនខាងលើ មហាអំណាចទាំងពីរកំពុងតែឆ្ពោះទៅរកការបញ្ចប់ជម្លោះ ខណៈកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងកន្លងមក ទទួលបានផ្លែផ្កាយ៉ាងសមប្រកប ក្នុងការដោះស្រាយសង្គ្រាមពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ុន្តែការលើកឡើងរបស់ភាគីទីក្រុងប៉េកាំងបែបនេះ មិនទាន់មានការឆ្លើយតបណាមួយពីភាគីទីក្រុងវ៉ាស៊ីនតោនឡើយ។ ជាក់ស្តែង អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាមេរិក បានបដិសេធក្នុងការបញ្ចេញយោបល់ ចំណែកការិយាល័យអ្នកតំណាងពាណិជ្ជកម្ម ក៏ទាន់បានឆ្លើយតបភ្លាមៗបានឡើយ។
ដើម្បីបង្ហាញកាយវិការសុទិដ្ឋិនិយម ក្រសួងកសិកម្មចិន កំពុងពិចារណាលុបចោលលើ ការរឹតត្បិតនាំចូល មាន់របស់អាមេរិក។ ពាក់ព័ន្ធនឹងសត្វមាន់នេះ រដ្ឋាភិបាលចិន បានហាមឃាត់មាន់គ្រប់ប្រភេទនាំចូលពីអាមេរិក ចាប់ពីខែមករា ឆ្នាំ២០០៥មក ដោយសារតែជំងឺផ្តាសាយបក្សី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua។
ដោយសារតែពន្យារចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ រហូតទល់ពេលនេះ ភាគីចិន និងអាមេរិក មិនទាន់បានរកឃើញកន្លែងត្រឹមត្រូវណាមួយ ដែលត្រូវយកមកប្រារព្ធពិធីចុះហត្ថលេខាបានឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិក ត្រាំអាចនឹងយកទីក្រុងឡុងដ៍ ធ្វើពិធីមួយនេះ បន្ទាប់ពីកិច្ចប្រជុំរបស់NATO ដែលនឹងមានវត្តមានរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃទី៣ និងទី៤ ខែធ្នូ។ ដោយឡែក ខាងភាគីចិនវិញ មិនទាន់បានបញ្ជាក់ពីទីកន្លែងច្បាស់លាស់ឡើយ៕