អន្តរជាតិ
អាមេរិក និង​ចិន យល់ព្រម​ដក​ការដំឡើង​ពន្ធ​លើ​គ្នា​ទៅវិញទៅមក
08, Nov 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងប្រធានាធិបតីចិនស៊ី ជិនភីង មានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រទេសG20 នៅអូសាកា ប្រទេសជប៉ុន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងប្រធានាធិបតីចិនស៊ី ជិនភីង មានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រទេសG20 នៅអូសាកា ប្រទេសជប៉ុន
​ចិន និង​អាមេរិក បាន​យល់ព្រម​កាត់បន្ថយ​ការដំឡើង​ពន្ធ​ដែល​អនុវត្ត​បច្ចុប្បន្ន​លើ​មុខទំនិញ​នាំចូល​របស់​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ប្រទេស​ទាំងពីរ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។ ការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា គឺជា​សញ្ញា​វិជ្ជមាន​មួយ បន្ទាប់ពី​ប្រទេស​ចិន និង​អាមេរិក មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាច្រើន​ខែ​កន្លងមក​។

 

 
​ស្ថានភាព​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​ហាក់ដូចជា​ធូរស្រាល​បន្តិច បន្ទាប់ពី​ចិន និង​អាមេរិក​យល់ព្រម​លុបចោល​ការដំឡើង​ពន្ធ​ដែល​កំពុង​អនុវត្ត​សព្វ​ថ្ងៃជា​ដំណាក់កាលៗ​។ ការកាត់បន្ថយ​ពន្ធ​លើ​មុខទំនិញ​របស់​ប្រទេស​ទាំងពីរ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដំណាក់​ទីមួយ ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង គ្រោង​នឹង​ចុះហត្ថលេខា​មុន​បំណាច់​ឆ្នាំ​២០១៩​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ការបន្ធូរបន្ថយ​ពន្ធ ត្រូវបាន​គេ​រំពឹងថា អាមេរិក នឹង​លុបចោល​គម្រោង​ដំឡើង​ពន្ធ នៅ​ថ្ងៃទី​១៥ ខែធ្នូ លើ​មុខទំនិញ​ដូចជា​ទូរ​សព្ទ កុំព្យូទ័រ និង​របស់​ក្មេង​លេង ដែលមាន​តម្លៃ​រហូតដល់ ១៥៦​ពាន់​លាន​ដុល្លារ​។ 
 
​ការលុបចោល​ការដំឡើង​ពន្ធ​ដាក់គ្នា គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់​មួយ សម្រាប់​កិច្ច​ព្រម​ពៀងរ​វាង​ចិន អាមេរិក ចំណែក​ការលុបចោល​នេះ​ទៀតសោត ភាគី​ទាំងសងខាង ត្រូវតែ​ធ្វើឡើង​ក្នុងពេល​ដំណាលគ្នា ហើយ​អត្រា នៃ​ការកាត់បន្ថយ​ពន្ធ ភាគី​ទាំងពីរ​អាច​ចរចា​គ្នា​បាន​។ នេះ​បើតាម​សម្តី​របស់លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​។ ទន្ទឹមនេះ លោក​Gao បាន​បន្តថា សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ហើយ​វា​គួរតែ​បញ្ចប់​ដោយ​ការលុបចោល​ពន្ធ​វិញ​ផងដែរ​។ 
 
​បើតាម​ការលើកឡើង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​ខាងលើ មហាអំណាច​ទាំងពីរ​កំពុងតែ​ឆ្ពោះទៅរក​ការបញ្ចប់​ជម្លោះ ខណៈ​កិច្ចចរចា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​កន្លងមក ទទួលបាន​ផ្លែផ្កា​យ៉ាង​សមប្រកប ក្នុងការ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ប៉ុន្តែ​ការលើកឡើង​របស់​ភាគី​ទីក្រុង​ប៉េកាំង​បែបនេះ មិនទាន់មាន​ការឆ្លើយ​តប​ណាមួយ​ពី​ភាគី​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ​។ ជាក់ស្តែង អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​បដិសេធ​ក្នុងការ​បញ្ចេញយោបល់ ចំណែក​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម ក៏​ទាន់​បាន​ឆ្លើយតប​ភ្លាមៗ​បានឡើយ​។ 
 
​ដើម្បី​បង្ហាញ​កាយវិការ​សុទិដ្ឋិនិយម ក្រសួងកសិកម្ម​ចិន កំពុង​ពិចារណា​លុបចោល​លើ ការ​រឹតត្បិត​នាំចូល មាន់​របស់​អាមេរិក​។ ពាក់ព័ន្ធ​នឹង​សត្វ​មាន់​នេះ រដ្ឋាភិបាល​ចិន បាន​ហាមឃាត់​មាន់​គ្រប់​ប្រភេទ​នាំចូល​ពី​អាមេរិក ចាប់ពី​ខែមករា ឆ្នាំ​២០០៥​មក ដោយសារតែ​ជំងឺផ្តាសាយបក្សី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua​។ 
 
​ដោយសារតែ​ពន្យារ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ រហូតទល់​ពេលនេះ ភាគី​ចិន និង​អាមេរិក មិនទាន់បាន​រកឃើញ​កន្លែង​ត្រឹមត្រូវ​ណាមួយ ដែល​ត្រូវ​យកមក​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​បានឡើយ​។ បើតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក ត្រាំ​អាច​នឹង​យក​ទីក្រុង​ឡុង​ដ៍ ធ្វើ​ពិធី​មួយ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​របស់​NATO ដែល​នឹងមាន​វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែធ្នូ​។ ដោយឡែក ខាង​ភាគី​ចិន​វិញ មិនទាន់បាន​បញ្ជាក់​ពី​ទីកន្លែង​ច្បាស់លាស់​ឡើយ​៕
 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com