លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ឲ្យបន្តដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាអា ណត្តិទី៦។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសន្និបាតបូកការងារកាលពីថ្ងៃទី៥ វិច្ឆិកា ដែលថ្នាក់ដឹកនាំវាយតម្លៃថា សហព័ន្ធសម្រេចបានសមិទ្ធផលជោគជ័យយ៉ាងល្អប្រសើរទាំងលើថ្នាក់ជាតិនិងអន្តរជាតិ។ តែយ៉ាងណា សហព័ន្ធ ក៏បានលើកពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយបន្តផងដែរ។
លោក ថោង ខុន ប្រធាន NOCC ទទួលសំឡេងគាំទ្រ១០០ភាគរយ ពីការបោះឆ្នោតដើម្បីបន្តធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាអាណត្តិទី៦ ចាប់ពីឆ្នាំ២០១៩-២០២៣។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារអាណត្តិចាស់ និងដាក់ទិសដៅអនុវត្តសម្រាប់អាណត្តិថ្មី នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នាទីស្នាក់ការ NOCC ដោយមានការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ និងតំណាងក្លិបសមាគម ដែលជាសមាជិក គ្រូបង្វឹក និងកីឡាករ។
ជាមួយគ្នានេះ អង្គមហាសន្និបាតក៏បានបោះឆ្នោត និងជ្រើសតាំងសមាជិកប្រតិបត្តិមួយចំនួនបន្ថែម ដើម្បីបន្តដំណើរការអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធ។ លោក សុខ ហុង បន្តធ្វើជាអនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ, លោក មាស សារ៉េត អគ្គលេខាធិការរង, លោក ខៀវ ចិន្តា អគ្គហិរញ្ញិក និងសមាជិក៤រូបទៀតរួមមានលោកស្រី ដួង សាម៉ៃ, លោកស្រី ពេជ្រ យូ, លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៤ឆ្នាំកន្លងមកថា សហព័ន្ធទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ សមិទ្ធផលទាំងនោះរួមមាន សហព័ន្ធបានទំនាក់ទំនងស្វែងរកការគាំទ្រផ្នែកសម្ភារពីបណ្តាទូតនានា និងការហ្វឹកហាត់នៅក្រៅប្រទេស, បានទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិ អាស៊ី និងអាស៊ាន ដើម្បីដឹងពីព័ត៌មាននានាពាក់ព័ន្ធការប្រកួត និងវគ្គបណ្តុះបណ្តាល, បញ្ជូនគ្រូបង្វឹកពីររូបទៅបណ្តុះបណ្តាលនៅសិង្ហបុរី, បញ្ជូនមន្ត្រីពីររូបទៅចូលរួមវគ្គអាជ្ញាកណ្តាលចៅក្រមអន្តរជាតិនៅជប៉ុន និងបញ្ជូនមន្ត្រីពីររូបទៅចូលរួមសិក្ខាសាលាអន្តរជាតិនៅហ្វីលីពីន។
សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ សហព័ន្ធបានចូលរួមការប្រកួតថ្នាក់ជាតិពីរលើក, រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ៥លើក និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ចំនួន៣លើក, រៀបចំការប្រកួតតេស្តសមត្ថភាពកីឡាកររៀងរាល់១ខែម្តង, បញ្ជូនកីឡាករ១រូប និងគ្រូបង្វឹក១រូប ទៅបោះជំរំហ្វឹកហាត់នៅជប៉ុន, ទទួលបានមេដាយសំរឹទ្ធ១ពីការចូលរួមប្រកួតជើងឯកអាស៊ីនៅវៀតណាម, ចូលរួមប្រកួតជើងឯកពិភពលោកនៅកូរ៉េ, ចូលរួមប្រកួត SEA Games នៅសិង្ហបុរី និងម៉ាឡេស៊ី, ចូលរួមប្រកួតជើងឯកអាស៊ីនៅឥណ្ឌូណេស៊ី, បញ្ជូនកីឡាករទៅចូលរួមប្រកួត Korean Open និង Pre Sea Games នៅកូរ៉េ និងកសាងហេដ្ឋានរចនាសម្ព័ន្ធដល់ក្លិបមួយចំនួនជាសមាជិក។
ជាមួយគ្នានេះលោក ណយ ផាណា បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ចាប់ពីឆ្នាំ២០២០ កីឡាករកីឡាការិនីកីឡាកាយសម្ព័ន្ធ ត្រូវរកមេដាយឲ្យបាននៅលើឆាកអន្តរជាតិ។ ដើម្បីសម្រេចឲ្យបានផែនការនេះ លោក ជំរុញឲ្យកីឡាករ កីឡាការិនី ត្រូវបង្កើនការយកចិត្តទុកដាក់ និងខិតខំព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងទ្វេដង។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
«យើងបានរៀបចំផែនការជាក់លាក់រួចរាល់ហើយ ដោយកំណត់ថា ចាប់ពីឆ្នាំ២០២០ យើងត្រូវស្វែងមេដាយកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីយើងវាស់ស្ទង់លើសមត្ថភាពកីឡាករកីឡាការិនីរបស់យើង ក្នុងកម្រិតអាយុ១៤ទៅ១៥ឆ្នាំ ហើយទម្រាំដល់ឆ្នាំ២០២៣ គាត់មានអាយុ១៨ឆ្នាំ។ ចាប់ពីឆ្នាំ២០២០ ដាច់ខាតកីឡាកាយសម្ព័ន្ធត្រូវស្វែងរកលទ្ធផលជាមេដាយ ទោះបីក្នុងកម្រិតណាក៏ដោយ ទាំងក្នុងតំបន់និងក្រៅតំបន់»។
ទន្ទឹមនឹងលើកពីសកម្មភាព និងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិទី៥ លោក ណយ ផាណា ក៏បានលើកពីបញ្ហាប្រឈមមួយចំនួន ដែលសហព័ន្ធកំពុងខ្វះខាតនាពេលបច្ចុប្បន្នផងដែរ។ បច្ចុប្បន្នសហព័ន្ធពុំទាន់មានឧបករណ៍ទំនើបៗគ្រប់គ្រាន់ ដែលបម្រើឲ្យការហ្វឹកហាត់របស់កីឡាករកីឡាការិនី ដែលជាកត្តារាំងស្ទះ ដល់ការអភិវឌ្ឍសមត្ថភាពរបស់កីឡាករ។ លើសពីនេះ ធនធានមន្ត្រីបច្ចេកទេស គ្រូបង្វឹកនិងចៅក្រម ក៏នៅតែចោទជាបញ្ហាផងដែរ។ បញ្ហាប្រឈមដ៏សំខាន់មួយទៀតនោះ គឺសហព័ន្ធនៅខ្វះខាតថវិកា ក្នុងការបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនានា ក៏ដូចបញ្ជូនកីឡាករទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់។
ទោះបីសហព័ន្ធមានសកម្មភាព និងបានចួលរួមការប្រកួតនៅក្រៅប្រទេសច្រើនក៏ដោយ ប៉ុន្តែលទ្ធផលដែលទទួលបានមិនទាន់អាចឆ្លើយតប នឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកប្រតិបត្តិ កីឡាករកីឡាការិនី និងគ្រូបង្វឹកនៅឡើយទេ។ កត្តានេះបានជំរុញឲ្យលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដាក់ចេញផែនការយុត្តិសាស្ត្រមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាកាយសម្ព័ន្ធឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ជំរុញឲ្យមន្ត្រីខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អជាមួយទូតនានា ដើម្បីស្វែងរកជំនួយគាំទ្រជាសម្ភារ និងការហ្វឹកហាត់នៅក្រៅប្រទេស, ប្រជុំយ៉ាងតិចពីរដងក្នុងមួយឆ្នាំ, រៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងចៅក្រមថ្នាក់ជាតិឲ្យបានច្រើន, រៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម២ដងក្នុង១ឆ្នាំយ៉ាងតិច, បញ្ជូនកីឡាករទៅបោះជំរំហ្វឹកហាត់នៅក្រៅប្រទេសយ៉ាងតិច១ដងក្នុង១ឆ្នាំ ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ, ពង្រឹងសមត្ថភាពគ្រូបង្វឹកនៅតាមក្លិបសមាគមជាសមាជិក, បង្កើនទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិ អាស៊ាន និងអាស៊ី ដើម្បីបញ្ជូនគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិនានា និងចូលរួមមហាសន្និបាតសហព័ន្ធអន្តរជាតិប្រចាំឆ្នាំជាដើម។
សម្រាប់ផែនការប្រកួតប្រធាន NOCC រូបនេះ ជំរុញឲ្យប្រកួតតេស្តសមត្ថភាពកីឡាកររៀងរាល់ខែ ទាំងយុវជនថ្នាល និងជម្រើសជាតិ, ពង្រឹងការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករមានគុណភាព, ស្វែងរកដៃគូឧបត្ថម្ភនានា ដើម្បីរៀបចំការប្រកួតពានរង្វាន់លក្ខណៈ Cup ប្រចាំឆ្នាំ និងរកវិធីសាស្ត្របញ្ជូនកីឡាករទៅប្រកួតអន្តរជាតិយ៉ាងតិច៣ដងក្នុង១ឆ្នាំ៕