អន្តរជាតិ
និស្សិត​ហុងកុង​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពី​អគារ អំឡុង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​
08, Nov 2019 , 3:46 pm        
រូបភាព
និស្សិតហុងកុងម្នាក់មកពីសកលវិទ្យាល័យជាមួយនិស្សិតហុងកុងដែលបានស្លាប់ លើកក្រដាសបង្ហាញទិដ្ឋភាពរថយន្តសង្គ្រោះបន្ទាន់នៅយប់ដែលយុវជន Chow រងរបួសអំឡុងការប៉ះទង្គិចជាមួយប៉ូលិស កាលពីថ្ងៃ ៣ វិច្ឆិកា ២០១៩(Reuters)
និស្សិតហុងកុងម្នាក់មកពីសកលវិទ្យាល័យជាមួយនិស្សិតហុងកុងដែលបានស្លាប់ លើកក្រដាសបង្ហាញទិដ្ឋភាពរថយន្តសង្គ្រោះបន្ទាន់នៅយប់ដែលយុវជន Chow រងរបួសអំឡុងការប៉ះទង្គិចជាមួយប៉ូលិស កាលពីថ្ងៃ ៣ វិច្ឆិកា ២០១៩(Reuters)
ដោយ:
​និស្សិត​ហុងកុង​ម្នាក់​បាន​បាត់​បង់ជីវិត នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ក្រោយ​រងរបួស​ធ្ងន់ធ្ង​រ​ដោយសារ​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៣ អំឡុង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​។ នេះ​គឺជា​ករណី​ស្លាប់​ទីមួយ ដែល​កើតចេញពី​ការប៉ះទង្គិច​ដោយផ្ទាល់ រវាង​ប៉ូលិស និង​ក្រុមបាតុករ ចាប់តាំងពី​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជិត​៥​ខែ​មកនេះ​។


 
​អ្នកនាំពាក្យ​ម្នាក់​ប្រចាំ​មន្ទីរពេទ្យ Queen Elizabeth ទី​ដែល​និស្សិត​រូបនេះ​សម្រាក​ព្យាបាល បានបញ្ជាក់​ពី​ដំណឹង​នេះ ដោយ​អះអាង​ទៀតថា បាតុករ​រូបនេះ ទទួលមរណភាព​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Asian Nikkei ។​
 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ​ថា និស្សិត​រូបនេះ រងរបួស​ផ្នែក​ខួរក្បាល​ធ្ងន់ធ្ងរ ក្រោយ​ធ្លាក់​ពី​ជា​ន់ទី​៣ នៃ​អគារ​ចំណត​យានយន្ត​មួយ កាលពី​យប់​ថ្ងៃទី​៣ ខែវិច្ឆិកា​សប្តាហ៍​មុន ខណៈ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បំបែក​ក្រុមអ្នកតវ៉ា​ក្នុង​ក្រុង​រណប​មួយ ឈ្មោះថា Tseung Kwan O ។​
 
 
​យុវជន​វ័យ​២២​ឆ្នាំ ដែល​បាត់​បង់ជីវិត​រូបនេះ  ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Chow ជា​និស្សិត​ឆ្នាំ​ទី​២ មុខជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៃ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ហុងកុង​។ រូបគេ បាន​ឆ្លងកាត់​ការវះកាត់​ខួរក្បាល ចំនួន​២​លើក​រួចមកហើយ ចាប់តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក​។ 
 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​សប្តាហ៍​នេះ ប៉ូលិស​ហុងកុង អះអាងថា មន្ត្រីប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រមាណ​៤៤​គ្រាប់ នៅក្បែរ​ទីតាំង​កើតហេតុ​នៅ​យប់នោះ ក៏ប៉ុន្តែ​បញ្ជាក់ទៀតថា ប៉ូលិស​ពុំបាន​ទៅ​រំខាន​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​លើ​និស្សិត​ដែល​រងគ្រោះ​នោះឡើយ​។ 
 
 
​ការលើកឡើង​របស់​ប៉ូលិស​នេះ ទំនងជា​ឆ្លើយតប​នឹង​ការអះអាង​របស់​សកម្ម​ជន​ហុងកុង Joshua Wong ។ យុវជន Wong បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា អ្នក        សង្គ្រោះ​ស្ម័គ្រចិត្ត​ម្នាក់ ដែល​អះអាងថា​ខ្លួន​ស្ថិតក្នុង​ចំណោម​មនុស្ស​មួយក្រុម ដែល​ទៅដល់​ត្រៀម​ជួយសង្គ្រោះ​និស្សិត​នោះ បាន​ចោទប្រកាន់​ប៉ូលិស​ហុងកុង​ថា រារាំង​ដំណើរ​របស់      រថយន្ត​សង្គ្រោះបន្ទាន់ ហើយ​ថែមទាំង​ពន្យារពេល​ការព្យាបាល​បន្ទាន់ សម្រាប់​និស្សិត​នេះ​ទៀតផង​៕

Tag:
 ហុងកុង​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com