ជាតិ
លោក ព្រាប កុល​៖ អ្នកនយោបាយ​ខ្មែរ កំពុង​ដើរ​លើ​មាគ៌ា​នយោបាយ «​ចាញ់ ចាញ់​»
08, Nov 2019 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
​ភ្នំពេញ​៖ កម្ពុជា​នឹង​ខាតបង់​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច បើសិនជា​ជម្លោះ​នយោបាយ​នៅតែ​បន្ត​កើតឡើង​។ សង្គម​ស៊ីវិល មើលឃើញ​បែបនេះ ស្របពេល​អ្នកនយោបាយ​កំពុង​ឌឺដង​គ្នា ជុំវិញ​ការប្រកាស​វិល​ចូល​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។



​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មើលឃើញថា ព្រឹត្តិការណ៍​នយោបាយ​បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​យ៉ាងច្រើន ដូចជា​ការវិនិយោគ​នៅក្នុង​ប្រទេស ជាពិសេស​អាច​នឹង​បណ្ដាល​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA និង GSP​ទៀតផង​។
​លោក​បន្តថា រដ្ឋាភិបាល​ក៏បាន​ខាតបង់​ថវិកា​ផងដែរ ព្រោះ​ត្រូវ​ចំណាយលុយ​ច្រើន​លាន ដើម្បី​ប្រើប្រាស់​និង​ចល័ត​ទ័ព ត្រៀម​ទប់ស្កាត់​បាតុភាព​ជាយថាហេតុ​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បា​នស​សេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា អ្នកនយោបាយ​ខ្មែរ កំពុង​ដើរ​លើ​មាគ៌ា​នយោបាយ ចាញ់ ចាញ់ នៅក្នុង​ព្រឹត្តិការណ៍​នេះ បានផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ជាក់ស្តែង​គឺ​ខ្មែរ​ខាតបង់​ច្រើនយ៉ាង​ដូចខាងក្រោម​៖៖«​អ្នកវិនិយោគ​មិន​ចង់​ដាក់ទុន​រកស៊ី ឬ​ត្រូវ​ពន្យា​ពេល​សម្រេចចិត្ត​ធ្វើការ​វិនិយោគ ចរន្ត​ពាណិជ្ជកម្ម នឹងមាន​ការបន្ថយ​ល្បឿន​»​។​

​លោក បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច បាន​លើកឡើងថា បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ននេះ​ពិតជា​មាន​ផល​រំខាន់​ខ្លះ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស​លើ​ផ្នែក​អចលនទ្រព្យ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​។

​លោក​បាន​និយាយថា​៖«​ខ្ញុំ​គិតថា​ជារួម​មិនមាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​នោះទេ ខណៈ​រាជរដ្ឋាភិបាល​បាន​ប្រឹង​ទប់​ស្ថានការណ៍​មិន​ឲ្យ​ធ្លាក់​ទៅរក​វិប្បត្តិ​ធ្ងន់ធ្ងរ​»​។

​ក្រៅពី​ខាតបង់​ផ្នែក​សេដ្ឋកិច្ច កម្ពុជា​ក៏​ខាតបង់​លើ​ផ្នែក​នយោបាយ​ផងដែរ គឺ​បរទេស​ជា​អ្នកទទួលផល​ពី​ជម្លោះផ្ទៃក្នុង​របស់​កម្ពុជា​ទៅវិញ​ទេ​។ ត្រង់ចំនុច​នេះ លោក ព្រាប កុល បាន​លើកឡើងថា ចិន​កាន់តែ​ឆ្លៀតឱកាស​កេងចំណេញ​លើ​នយោបាយ និង​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ប្រទេស​វៀតណាម​បាន​ព្រំសីមា​ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ហើយ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់​ជាច្រើន ឆ្លៀតពេល​ចូលសញ្ជាតិ​ផងដែរ​។​

​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ដែល​កំពុង​ប្រឈមមុខ​នេះ លោក ព្រាប កុល បាន​លើកឡើងថា អ្នកនយោបាយ​ទាំងពីរ​ក្រុម​នេះ គួរតែ​ជជែក ឬ​ចរចារ​គ្នា ដោយ​គិត​ផលប្រយោជន៍​ជាតិ​ជាធំ ដោយ​ផ្អែកលើ​មាគ៌ា​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន និង​ជាពិសេស​ការបើក​ឱ្យមាន​ការ​ប្រ​គួ​ត​ប្រជែង​នយោបាយ​ដោយ​ស្មើភាព ដោយ​សេរី និង​យុត្តិធម៌​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​នូវ​ការលើកឡើង​របស់លោក​ព្រាប កុល ដោយ​លោក​បាន​លើកឡើងថា ករណីនេះ​មិនមែនជា​ជម្លោះ​នយោបាយ​នោះទេ វា​ជា​រឿង​ឧក្រិដ្ឋកម្ម ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​រក្សារ​ស្ថេរភាព និង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។

​លោក​បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា​មាន​ស្ថាន​ភាពល្អ និង​បន្ត​មាន​កំណើន​ល្អ ខណៈ​កំណើន​នៃ​អ្នក​វិនិយោគិន ដែល​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា បន្ត​មាន​ជា​ហូរហែ​។ «​ការលើកឡើង​របស់លោក​ព្រាប កុល គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ​ស្ថិ​ន​នៅក្នុង​អារម្មណ៍​របស់គាត់ ដែល​គាត់​មាន​និន្នាការ មិន​ទទួលស្គាល់​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន ដែល​អះអាងថា រឿង​នយោបាយ​នៅ​កម្ពុជា មិនបាន​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍ ហើយ​ផ្ដល់ឱកាស​ឱ្យ​បរទេស​ទេ សូម្បីតែ​បញ្ហា​ព្រំដែន​។ ត្រង់ចំណុច​នេះ លោក​បាន​បញ្ជាក់ថា ការបោះបង្គោល​ព្រំដែនរ​វាង​កម្ពុជា​-​វៀតណាម នៅសល់តែ ១៤ ភាគរយ ក្រោយ​ភាគី​ទាំងពីរ​ដោះស្រាយ​រយៈពេល​១០​ឆ្នាំ​មកនេះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com