ជាតិ
កម្ពុជា​នឹង​ចុះ​ត្រជាក់ ដល់​កម្រិត​២១​អង្សា​សេ នៅ​ថ្ងៃ​បុណ្យអុំទូក​
09, Nov 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នឹង​ចុះ​ត្រជាក់​ក្នុង​កម្រិត​សីតុណ្ហភាព​២១​ទៅ​២៤​អង្សារ​សេ ចាប់ពី​ថ្ងៃទី​៩-១២​វិច្ឆិកា នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ។ អម​ជាមួយ​សីតុណ្ហភាព​ត្រជាក់​នេះ ក៏មាន​ខ្យល់​បក់​ក្នុង​ល្បឿន​ជាង​១​ម៉ែត្រ​ទៅ​៤​ម៉ែត្រ ក្នុង​មួយ​វិនាទី ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​ក្រសួង​ធនធាន​ទឹកបាន​ព្យាករណ៍​ថា ក្នុង​រយៈពេល​ថ្ងៃ​៤​នេះ សីតុណ្ហភាព​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ថ្ងៃទី​៩​វិច្ឆិកា កម្ពុ​ជាមាន​សីតុណ្ហភាព​ទាប​បំផុត​(​អ​ប្បរមា​)២៤​អង្សា​សេ  ដែលមាន​ខ្យល់​បក់​ពី​ទិសឦសាន ក្នុង​ល្បឿន​២-៤​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ឈានចូល​ថ្ងៃទី​១០​វិច្ឆិកា សីតុណ្ហភាព​នឹង​ចុះ​ទាប​ក្នុង​កម្រិត​២៣​អង្សា​សេ  ដោយមាន​ខ្យល់​បក​ពី​ទិសឧត្តរ ក្នុង​ល្បឿន​២-៤​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

​រីឯ​ថ្ងៃទី​១១​វិច្ឆិកា កម្ពុជា​នឹងមាន​សីតុណ្ហភាព​ក្នុង​កម្រិត​២២​អង្សា​សេ ហើយ​សីតុណ្ហភាព​នេះ នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​កម្រិត​២១​អង្សា​សេ នៅ​ថ្ងៃទី​១២​វិច្ឆិកា ដោយមាន​ខ្យល់​បក់​ពី​ទិសឧត្តរ បាន​បន្ថយ​ល្បឿ​ង​ក្នុង​កម្រិត​ពី​១-៣​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។

​បើតាម​ក្រសួង​ធនធានទឹក​នា​ថ្ងៃទី​៨​វិច្ឆិកា មូល​ហេតុដែល​ធ្វើឱ្យ​ក​ម្ព​ជា​ចុះ​ត្រជាក់​បែបនេះ ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ព្យុះ​ទី​២៤ ឈ្មោះ ណាគ្រី ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ចិន នឹងធ្វើ​ដំណើរ​មកដល់​កម្ពុ​ជានា​រសៀល​ថ្ងៃទី​១១​វិច្ឆិកា នៅក្នុង​តំបន់​កន្ទុយ​នាគ ខ្ពង់រាប​ភាគ​ឦសាន ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​បង្គួរ​។ ជាទូទៅ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស កម្រិត​ទឹកភ្លៀង​នឹង​ចុះខ្សោយ លើកលែងតែ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ប៉ុណ្ណោះ​៕


Tag:
 ត្រជាក់​
  សីតុណ្ហភាព​
© រក្សាសិទ្ធិដោយ thmeythmey.com