ជាតិ
កម្ពុជានឹងចុះត្រជាក់ ដល់កម្រិត២១អង្សាសេ នៅថ្ងៃបុណ្យអុំទូក
× ភ្នំពេញ៖ កម្ពុជា នឹងចុះត្រជាក់ក្នុងកម្រិតសីតុណ្ហភាព២១ទៅ២៤អង្សារសេ ចាប់ពីថ្ងៃទី៩-១២វិច្ឆិកា នៃពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ អមជាមួយសីតុណ្ហភាពត្រជាក់នេះ ក៏មានខ្យល់បក់ក្នុងល្បឿនជាង១ម៉ែត្រទៅ៤ម៉ែត្រ ក្នុងមួយវិនាទី ផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹកបានព្យាករណ៍ថា ក្នុងរយៈពេលថ្ងៃ៤នេះ សីតុណ្ហភាពនៅកម្ពុជា នឹងចុះត្រជាក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្ងៃទី៩វិច្ឆិកា កម្ពុជាមានសីតុណ្ហភាពទាបបំផុត(អប្បរមា)២៤អង្សាសេ ដែលមានខ្យល់បក់ពីទិសឦសាន ក្នុងល្បឿន២-៤ម៉ែត្រក្នុងមួយវិនាទី។ ឈានចូលថ្ងៃទី១០វិច្ឆិកា សីតុណ្ហភាពនឹងចុះទាបក្នុងកម្រិត២៣អង្សាសេ ដោយមានខ្យល់បកពីទិសឧត្តរ ក្នុងល្បឿន២-៤ម៉ែត្រក្នុងមួយវិនាទី។
រីឯថ្ងៃទី១១វិច្ឆិកា កម្ពុជានឹងមានសីតុណ្ហភាពក្នុងកម្រិត២២អង្សាសេ ហើយសីតុណ្ហភាពនេះ នឹងបន្តធ្លាក់ចុះក្នុងកម្រិត២១អង្សាសេ នៅថ្ងៃទី១២វិច្ឆិកា ដោយមានខ្យល់បក់ពីទិសឧត្តរ បានបន្ថយល្បឿងក្នុងកម្រិតពី១-៣ម៉ែត្រក្នុងមួយវិនាទី។
បើតាមក្រសួងធនធានទឹកនាថ្ងៃទី៨វិច្ឆិកា មូលហេតុដែលធ្វើឱ្យកម្ពជាចុះត្រជាក់បែបនេះ ដោយសារកម្ពុជារងឥទ្ធិពលសម្ពាធទាបពីព្យុះទី២៤ ឈ្មោះ ណាគ្រី ដែលកំពុងស្ថិតនៅប្រទេសចិន នឹងធ្វើដំណើរមកដល់កម្ពុជានារសៀលថ្ងៃទី១១វិច្ឆិកា នៅក្នុងតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសាន ដែលធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនបង្គួរ។ ជាទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស កម្រិតទឹកភ្លៀងនឹងចុះខ្សោយ លើកលែងតែបណ្តាខេត្តនៅតំបន់ខ្ពង់រាបប៉ុណ្ណោះ៕
Tag:
ត្រជាក់
សីតុណ្ហភាព
© រក្សាសិទ្ធិដោយ thmeythmey.com