ជាតិ
អាមេរិក គ្រោង​ផ្ដល់​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​អ្នកវិនិយោគ​អគ្គិសនី​មក​ខេត្ត​ព្រះសីហនុ​
08, Nov 2019 , 10:29 pm        
រូបភាព
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖ លោក MICHAEL NEWILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក ជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ វិច្ឆិកា។
ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖ លោក MICHAEL NEWILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិក ជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ វិច្ឆិកា។
​ដោយ​៖ ធឿន បញ្ញា​ឫទ្ធិ

​ភ្នំពេញ​៖ អាមេរិក គ្រោង​ជួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​អគ្គិសនី​នៅ​កម្ពុជា តាមរយៈ​ការបញ្ជូន​អ្នកជំនាញ និង​វិនិយោគ​។ លោក MICHAEL NEWILL អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​ថ្លែង​បែបនេះ ប្រាប់​ទៅ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ វិច្ឆិកា​។



​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត លោក MICHAEL NEWILL អះអាងថា អាមេរិក មានបំណង​ចង់​ជួយ​ដល់​ការអភិវឌ្ឍ​និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ មានដូចជា ទី​១.​ចង់​ផ្តល់​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ២.​ចង់​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភាសា​អង់គ្លេស និង​កីឡា និង​ទី​៣.​នាំ​ក្រុមហ៊ុន​របស់​អាមេរិក មក​វិនិយោគ​លើ​វិស័យ​ថាមពលអគ្គីសនី​នៅ​ខេត្ត​ព្រះសីហនុ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ស្រង់​សម្តី​អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​។​

​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ស្រង់​សម្តី​លោក MICHAEL NEWILL និង​លោក គួច ចំរើន បាន​សរសរ​បន្ថែម​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​លើ​ការអភិវឌ្ឍ​ដ៏​លឿន​នៃ​តំបន់ឆ្នេរ​កម្ពុជា និង​ពី​វិធី​ដែល​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ជំរុញ​ទាំង​ពាណិជ្ជកម្ម ទាំង​ការពារ​បរិស្ថាន សុខភាព និង​បទដ្ឋាន​ការងារ​ទៀតផង​។ បន្ថែម​ពីនេះ អាមេរិក ក៏​អះអាង​ពី​ជំហ​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ផងដែរ​។​

​ស្ថានទូត​អាមេរិក បាន​បង្ហោះ​រូប ដោយ​អម​ជាមួយ​សំណេ​ដូច្នេះ​ថា​៖« កាលពី​ខែ​មុន អ្នកជំនាញ​អាមេរិក​ម្នា​ក់លើ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព បានធ្វើ​ប​ឋ​កថា​ជា​សាធារណៈ​មួយចំនួន នៅក្នុង​ខេត្ត​នេះ ហើយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​មានការ​ទា​ក់​ទង​ជាច្រើន​ជាមួយ​អ្នកជំនាញ​ដែល​អាចជួយ​លើ​ការសិក្សា​ពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន ប្រព័ន្ធ​លូ និង​ផ្នែក​ដទៃទៀត​។ ស្ថានទូត​អាមេរិក​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជាមួយគ្នា ដើ​ម្ប​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​អធិបតេយ្យភាព វិបុលភាព សន្តិសុខ ហើយ​ប្រជាជនមាន​សុខភាព​ល្អ​»​។​

​កន្លងមក​សហរដ្ឋអាមេរិក មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ព្រះសីហនុ លើ​សកម្មភាព​ការងារ​សមយុទ្ធ រវាង​កងកម្លាំង​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក និង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ។ ហើយ​អាមេរិក ក៏បាន​ជួយឧបត្ថម្ភ​គាំទ្រ​សាងសង់ និង​ជួសជុល​អគារ​ធ្វើការ​នៅ​មូលដ្ឋាន​សមុទ្រ និង​ការងារ​សង្គម​មួយចំនួន​នៅក្នុង​ក្រុងព្រះសីហនុ​ទៀតផង​។ ក្រៅពីនេះ​អាមេរិក ក៏​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​អប់រំ ក្នុងនោះ​មាន​សាងសង់ និង​ជួសជុល​សាលារៀន បន្ទប់ទឹក​សិស្ស ជីក​អណ្ដូងទឹក​ជាដើម ។ ចំណែក​វិស័យ​សុខាភិបាល គឺ​អាមេរិក​ជួយ​សង់​អគារ​រង់ចាំ​នៅ​មណ្ឌល​សុខភាព និង​បំពាក់​បរិក្ខារ​ពេទ្យ ។ ចំពោះ​វិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិក​បាន​ជួយ​បញ្ជា​ទិញ​ទំនិញ​ជាច្រើន​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ នេះ​ជាការ​លើកឡើង​របស់លោក គួច ចំរើន​។​

​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា ៖«​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក មាន​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ល្អ ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​»​។​

​គួរ​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​បាន​បង្កើត​ទំនាក់ទំនង​ខេត្ត​បងប្អូន​ជាមួយនឹង​ទីក្រុង​ស៊ី​អា​ថុល សហរដ្ឋអាមេរិក ចាប់ពី​ឆ្នាំ​២០០០ ហើយក៏​ធ្លាប់​ទទួលបាន​នូវ​ជំនួយ​មនុ​ស្សធ​ម៍​ពី​អាមេរិក មានដូចជា​ការពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ព្យាបាល​វះកាត់​ភ្នែក​ចំនួន ២​លើក​មកហើយ ។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​៕





Tag:
 គួច ចំរើន​
  អាមេរិក​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com