កីឡាអន្តរជាតិ
Park បន្តធ្វើ​គ្រូ​វៀតណាម​៣​ឆ្នាំ​ទៀត ជាមួយ​ប្រាក់​ឈ្នួល​ប្រហែល​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​
08, Nov 2019 , 5:30 pm        
រូបភាព
​លោក Park Hang-seo បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ធ្វើជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម និង​ក្រុម U23 រហូតដល់​ឆ្នាំ​២០២២​។ កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) និង​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ បាន​ចុះហត្ថលេខា​រួចរាល់​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។​



​កិច្ចសន្យា​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០​តទៅ​។ បើទោះបី​មិនបាន​បញ្ជាក់​ពី​ចំនួន​ប្រាក់ខែ​ច្បាស់ ប៉ុន្តែ​មានការ​ប៉ាន់​ស្មានថា​លោក Park ដែល​ដឹកនាំ​វៀតណាម​ពី​ឆ្នាំ​២០១៧ មក ប្រហែលជា​ទទួលបាន​ថ្លៃ​នឿយហត់ ៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​គ្រូបង្វឹក​កីឡាបាល់ទាត់​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​វៀតណាម Vietnam News ។​



«​ខ្ញុំ​មាន​មោទកភាព​ដែល​បាន​ធ្វើជា​គ្រូបង្វឹក​របស់​វៀតណាម​។ ខ្ញុំ​ស្រលាញ់​បាល់ទាត់​វៀតណាម​ហើយ​ខ្ញុំ​ស្រលាញ់​កីឡាករ​របស់ខ្ញុំ​។ នេះ​ជា​ក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់ខ្ញុំ​។ នៅពេលនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ប៉ុន្តែ​ខ្ញុំ​សន្យាថា​នឹង​ខិតខំ​បន្ថែមទៀត​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​និង​បំពេញ​តាម​ការរំពឹងទុក​រប​ស់​ប្រជាជន​វៀតណាម​»​។ នេះ​ជាការ​អះអាង​របស់លោក Park ជាមួយ​ភាពជឿ​ង​ជាក់​របស់លោក​ទៅលើ​កូនក្រុម​។​

​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​៦០​ឆ្នាំ​រូបនេះ នឹង​ទទួលបន្ទុក​ទាំង​ក្រុម​ជម្រើសជាតិ និង​ក្រុម​ក្រោម​អាយុ ២៣​ឆ្នាំ ក្នុង​តំណែង​របស់លោក​រយៈពេល​៣​ឆ្នាំ​ទៅមុខ​។ Park រំពឹងថា​លោក​នឹង​ជួយ​វៀតណាម​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (Sea Games) ជា​លើកដំបូង​នៅ​ឆ្នាំនេះ ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​។​

​ក្រោម​ការដឹកនាំ​របស់​លោក Park កន្លងមក វៀតណាម​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​ធំៗ​នៅ​តំបន់​អាស៊ី​រួចមកហើយ​។ ក្រុម​រហស្សនាម​ផ្កាយ​មាស បាន​ក្លាយជា​ក្រុម​តំបន់​អាស៊ាន​តែមួយគត់​ដែល​អាច​ឆ្លង​ចូលដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដែល​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

​ហើយ​អ្វីដែល​ពិសេស​នោះ Park បាន​ជួយ​វៀតណាម​ឈ្នះ​ជើងឯក Suzuki Cup ឆ្នាំ​២០១៨ ទៀតផង​។ បើ​ទោះ​បាន​ជួយ​វៀតណាម​រីកមុខ​មាត់​ក្តី ប៉ុន្តែ Park ធ្លាប់​អះអាង​រួចហើយ​ថា​ក្រុម​ពី​ប្រទេស​អាស៊ាន​មួយ​នេះ​ត្រូវការ​រយៈពេល​វែង​សម្រាប់​ការអភិវឌ្ឍ​កីឡាករ​ឲ្យ​មាន​ស្តង់ដា​ពិតប្រាកដ​មួយ​។ លោក​ធ្លាប់​ប្រាប់ VFF ថា បើ​ចង់​សង្ឃឹម​ទៅលេង​ពាន​លំដាប់​ពិភពលោក គឺ​ត្រូវការ​វិនិយោគ​លើ​កីឡាករ​វ័យក្មេង ដែល​យ៉ាងហោចណាស់​មាន​អាយុ​តិចជាង​សមាជិក​ក្រុម​ជម្រើសជាតិ​បច្ចុប្បន្ននេះ​ចំនួន​១០​ឆ្នាំ​៕




Tag:
 វៀតណាម​
  Park Hang-seo
© រក្សាសិទ្ធិដោយ thmeythmey.com