ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន៖ បង្កើតទេសចរណ៍សហគមន៍ ផ្ដល់ចំណូលច្រើនជាងកាប់ឈើ បរបាញ់សត្វ រូបពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកទឹកចិត្តឲ្យមានការបង្កើតជាទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ប្រជាសហគមន៍ និងការពារធនធានធម្មជាតិ។
ក្នុងសិក្ខាសាលាបូកសរុបការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ នៅថ្ងៃទី៦ខែវិច្ឆិកា លោក ថោង ខុន បានលើកឡើងថា ការបង្កើតទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ នឹងជួយទប់ទល់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិឲ្យមាននិរន្តរភាព។
ប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានស្រង់ប្រសាសន៍លោក ថោង ខុន ថា ប្រជាពលរដ្ឋអាចបង្កើតជាសហគមន៍ទេសចរណ៍ ដោយអាចរកចំណូលបានច្រើនជាងការប្រកបរបរបរបាញ់សត្វ កាប់ព្រៃឈើ ឬកសិកម្មយថាផលទៅទៀត។ លោកបានបន្តដូច្នេះទៀតថា៖«នៅពេលសហគមន៍មានធនធានចម្រុះសម្បូរបែប រួមជាមួយការយកចិត្តទុកដាក់បញ្ហាអនាម័យ គុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហារ និងបដិសណ្ឋាកិច្ចល្អផងនោះ សហគមន៍ខ្លួនឯងនឹងទទួលបានការចាប់អារម្មណ៍ និងវត្តមានរបស់ភ្ញៀវទេសចរច្រើនឡើងៗ ដែលបាននាំលំហូរចំណូលថវិកាទៅក្នុងសហគមន៍ជាបន្តបន្ទាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងស្រួល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីទេសចរណ៍ បានស្នើឲ្យប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បន្តចូលរួមការពារបរិស្ថាន ធនធានធម្មជាតិ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោកអះអាងថា ការចូលរួមរបស់ប្រជាសហគមន៍ក្នុងកិច្ចការពារនេះ គឺជាការរួមចំណែកអនុវត្តគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការទេសចរណ៍ពិភពលោក។
បើតាមលោក ថោង ខុន កម្ពុជាមានសក្ដានុពលផ្នែកអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ក្នុងតំបន់ភូមិភាគឦសាន ភាគនិរតី និងតំបន់ផ្សេងៗមួយចំនួនទៀត។ ហើយក្រៅពីនេះបើតាមលោក ថោង ខុន តំបន់ទេសចរណ៍បែបវប្បធម៌ ប្រាង្គប្រាសាទ ក៏មានសក្ដានុពលសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com