កីឡាជាតិ
ជាតិ
កម្ពុជាស៊ីថៃ ២-១ នាការប្រកួតជម្រុះពូល G នៃពានរង្វាន់ AFC U19 សៀង ចន្ធា ប្រធានក្រុម អបអរគ្រាប់បាល់បញ្ចូលទីជាមួយ មិត សាម៉ើយ រីឯ ចាន់ សុភា រត់ពីក្រោយ។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា បានទទួលជ័យជម្នះ ២-១ លើ U19 ថៃ នាការប្រកួតជម្រុះពូល G នៃពានរង្វាន់ AFC U19 Championship 2020។ មិត សាម៉ើយ និងសៀង ចន្ធា ជាអ្នកស៊ុតបាល់បញ្ចូលទីរៀងៗខ្លួននៅតង់ទីមួយ ហើយថៃតាម១គ្រាប់វិញនៅតង់ទីពីរ។
លទ្ធផលនេះ កើតឡើងបន្ទាប់ពី U19 ម៉ាឡេស៊ី ឈ្នះ កោះម៉ារីយ៉ាណាខាងជើង ១០-០ ដោយការប្រកួតប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៨ ខែវិច្ឆិកា នេះដូចគ្នា។
បច្ចុប្បន្ន ម៉ាឡេស៊ីឈរលេខ១បណ្តោះអាសន្ន ដោយមាន៩ពិន្ទុ។ ក្រោយប្រកួត៣លើកដូចគ្នា កម្ពុជា មាន៦ពិន្ទុស្មើថៃ ប៉ុន្តែមានប្រៀបលើរូបមន្ត Head to Head។ ព្រុយណេមាន៣ពិន្ទុ និងម៉ារីយ៉ាណាខាងជើង គ្មានពិន្ទុរាប់ ហើយត្រូវហាលអាវដោយស្វ័យប្រវត្តិ។
ការប្រកួតកន្លងមករបស់ U19 កម្ពុជា ក្នុងពូល G នេះ ចាប់ផ្តើមដោយចាញ់ម៉ាឡេស៊ី ៤-៣ ឈ្នះម៉ារីយ៉ាណាខាងជើង ៩-០ និងឈ្នះថៃ ២-១។ នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ត្រូវប៉ះព្រុយណេ ក្រោយពេលថៃ ជួប ម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com